ស្ទឹងត្រែងៈ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ពីម្សិលមិញបានអំពាវនាវសុំឲ្យម្ចាស់រថយន្តដឹកផលិតផលព្រៃឈើល្មើសច្បាប់ប្រញាប់ចូលខ្លួនមកដោះស្រាយនៅខណ្ឌរដ្ឋបាលព្រៃឈើជាបន្ទាន់ បើពុំនោះទេ រដ្ឋបាលព្រៃឈើនឹងកសាងសំណុំរឿងដកហូតសម្ភារៈនិងរថយន្តទុកជាសម្បត្តិរដ្ឋ។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែងបានចុះប្រតិបត្តិការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនៅចំណុចអូរច្រឡង់ ស្ថិតក្នុង ភូមិ-ឃុំ អូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយបានប្រទះឃើញរថយន្តដ៏គួរឲ្យសង្ស័យមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 2A-3067 ឈប់ចតនៅលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវជាតិ៧a ដោយពុំមានម្ចាស់ឬអ្នកបើកបរណាម្នាក់នៅក្បែររថយន្តនោះទេ។
លោក អន ច័ន្ទសុជាតិ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ក្នុងរថយន្តនោះ មានផ្ទុកពេញដោយធ្យូង ប៉ុន្តែដោយមានការសង្ស័យ ក្រុមសមត្ថកិច្ចចម្រុះ ក៏បានសម្រេចចិត្តធ្វើការត្រួតពិនិត្យ ដោយកាយធ្យូងខាងលើចេញបានប៉ុន្មានក៏ប្រទះឃើញសុទ្ធតែឈើប្រណិតប្រភេទធ្នុង ដែលតាមការវាស់វែងមានចំនួនជាងមួយម៉ែត្រគូប នៅពីក្រោមគំនរធ្យូងនោះ។
លោកបានបញ្ជាក់ថា៖ «ក្រោយការថ្លឺង ឈើទាំងនោះមានទម្ងន់សរុប ១,៤០០ គីឡូក្រាម ហើយនៅពេលនេះ ទាំងឈើនិងរថយន្តត្រូវបានសមត្ថកិច្ចយើងនាំយកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំម្ចាស់របស់វាចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់»។
បើតាមសម្ដីរបស់លោក អន ច័ន្ទសុជាតិ ក្រុមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង បានទុករយៈពេលប្រមាណមួយសប្ដាហ៍ ដោយគិតត្រឹមពីថ្ងៃចន្ទទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ នេះទៅដល់ម្ចាស់ឈើនិងរថយន្តទាំងនោះ ចូលខ្លួនមកកាន់ទីស្នាក់ការកណ្ដាលខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕