កំពង់ស្ពឺៈ ក្រុមគ្រួសារជនរងគ្រោះ បានអះអាងកាលពីព្រឹកថ្ងៃចន្ទថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣ គ្រឿង បុកគ្នាបណ្ដាលឲ្យផ្ទុះឆេះស្លាប់ និងរបួសមនុស្សជាង ១០ នាក់ នៅខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុននេះ គឺពិតជាបង្កឡើងពីខាងភាគីរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ និងទាមទារឲ្យក្រុមហ៊ុននេះ ផ្ដល់សំណងជំងឺចិត្តដល់ពួកគេ ដើម្បីព្យាបាលរបួស និងធ្វើបុណ្យជូនសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេដែលបានស្លាប់ទៅផងដែរ។
អ្នកស្រី ឈួន កវី អាយុ ៤៣ ឆ្នាំ ជាជនរងគ្រោះម្នាក់ មានទីលំនៅភូមិកំចាយមារខាងត្បូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា នៅរសៀលថ្ងៃកើតហេតុ គាត់ និងប្ដីរបស់គាត់ឈ្មោះ សូត្រ វ៉ា អាយុ ៤៦ ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះ វ៉ា រចនា អាយុ ១៦ ឆ្នាំ បាននាំគ្នាជិះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានចាកចេញមកធ្វើការងារជាកម្មករសំណង់អស់រយៈពេលជាច្រើនខែនៅក្រុងព្រះសីហនុ។
អ្នកស្រីថ្លែងថា៖ «ការពិតទៅរថយន្តដែលពួកយើងជិះ ជាអ្នកបង្កហេតុ ព្រោះអ្នកបើកបរគាត់បានបើកបំពានខ្សែគំនូសចរាចរណ៍ឆ្លងចូលគន្លងផ្លូវម្ខាងទៀត ហើយត្រូវរថយន្តដឹកទំនិញ ១ គ្រឿង ដែលបើកបញ្ច្រាសគ្នាពីកើតទៅលិច បុកកៀរយ៉ាងពេញទំហឹង បណ្ដាលឲ្យប្ដីរបស់ខ្ញុំ និងអ្នកដទៃទៀត ដែលអង្គុយកៅអីផ្នែកខាងប៉ះទង្គិចនោះ ស្លាប់ និងរបួសជាច្រើននាក់។ បន្ទាប់មករថយន្តដឹកទំនិញនោះបានទៅបុករថយន្ត ១ គ្រឿង បណ្ដាលឲ្យផ្ទុះឆេះ និងស្លាប់មនុស្សជាច្រើននាក់ថែមទៀត»។
អ្នកស្រី កវី ដែលបានរងរបួសស្រាលនៅក្នុងហេតុការណ៍នោះ បាននិយាយបន្តថា គាត់ត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅដាក់គ្លីនិកឯកជនមួយឈ្មោះ «តារ៉ន» ក្នុងទីរួមខេត្តកំពង់ស្ពឺ ជាទីដែលគាត់ត្រូវបានចំណាយប្រាក់ចំនួន ១២០ ដុល្លារ ទៅលើថ្លៃព្យាបាលរបួស ដែលគ្រាន់តែព្យួរសេរ៉ូម ១ កំប្លោកតូច និងចាក់ថ្នាំបំបាត់ការឈឺចាប់ ២ ម្ជុល។ ក្រោយមានសភាពធូរស្រាលបន្តិច គាត់បានចាកចេញពីគ្លីនិកនោះ ត្រឡប់មកកន្លែងកើតហេតុ ហើយឃើញកូនស្រីរបស់គាត់កំពុងអង្គុយយំឱបសពឪពុករបស់នាង។ នៅទីនោះ គាត់ និងកូនស្រីបានសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដឹកសពប្ដីរបស់គាត់ទៅផ្ទះនៅឯស្រុកកំចាយមារ ខេត្តព្រៃវែង តែគ្មានមន្ត្រី ឬបុគ្គលិកសុខាភិបាលណាម្នាក់ឆ្លើយតបនឹងសំណើរបស់គាត់ទេ។
អ្នកស្រី ថ្លែងថា៖ «ខ្ញុំមិនដឹងថាបុរសនោះ គាត់ជាមន្ត្រីផ្នែកអ្វីនោះទេ គាត់បានប្រាប់ខ្ញុំថា ខាងរថយន្តសាមុយគេទារ ១ ០០០ ដុល្លារ បើសិនជាចង់ឲ្យពួកគេដឹកសពប្ដីរបស់ខ្ញុំទៅធ្វើបុណ្យនៅឯស្រុកកំណើត។ តែខ្ញុំគ្មានលុយច្រើនបែបនោះទេ។ ខ្ញុំសុំឲ្យគេជួយដឹកសពប្ដីរបស់ខ្ញុំទៅកាន់វត្តត្រែងត្រយឹង ដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីកន្លែងកើតហេតុ ដើម្បីរៀបចំពិធីបូជាសព ប៉ុន្តែអ្នកបើកបររថយន្តសាមុយនោះ បានទារថ្លៃដឹកជញ្ជូន ៧០ ដុល្លារ តែខ្ញុំ និងកូនព្រមទាំងអ្នកភូមិក្នុងតំបន់នោះបានជួយអង្វរ និងចេញថ្លៃត្រឹម ៥០ ដុល្លារទៅឲ្យគេ»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំជាគ្រួសារក្រីក្រ ដូច្នេះខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងជួយអន្តរាគមន៍ទាមទារឲ្យភាគីក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរវីរៈប៊ុនថាំ ផ្ដល់សំណងខ្លះ»។
លោក តាប់ លន ស្នងការរងទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សមត្ថកិច្ចកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។
យោងតាមការចុះពិនិត្យអង្កេត និងប្រមូលភ័ស្ដុតាងនៅកន្លែងកើតហេតុរួចមក ក្រុមមន្ត្រីជំនាញ បានធ្វើការវាយតម្លៃថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីរថយន្តដឹកអ្នកដំណើរវីរ់ៈប៊ុនថាំ ដែលបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងខ្វះការប្រុងប្រយ័ត្ន។
លោក លន ថ្លែងថា៖ «នៅពេលនេះ ភាគីខាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ បានចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ និងមានការធានាអះអាងថា នឹងផ្ដល់សំណងទៅតាមផ្លូវច្បាប់ដល់ជនរងគ្រោះដែលជិះរថយន្តរបស់ក្រុមហ៊ុន»។
លោក ឡុង ណាផល ប្រធានរដ្ឋបាលទូទៅនៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរវីរៈប៊ុនថាំបានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយដែលជាដៃគូរបស់ក្រុមហ៊ុនលោកកំពុងធ្វើការសិក្សាផ្ទៀងផ្ទាត់របាយការណ៍ព័ត៌មានស្ដីពីការវាយតម្លៃជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ។
លោកបន្តថា៖ «ក្រុមហ៊ុនដៃគូរបស់យើងនឹងធ្វើការទូទាត់សំណងដល់ជនរងគ្រោះទៅតាមនីតិវិធីច្បាប់»៕