សៀមរាបៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប កំពុងរង់ចាំលទ្ធផលនៃការធ្វើពិសោធន៍ទៅលើប្រេងឆា ប៊័រ មេនំបុ័ង ម្សៅមី និងត្រីខកំប៉ុង សរុបប្រមាណជាង ៦៦ តោន ដែលសង្ស័យថា ខូចគុណភាព បន្ទាប់ពីសមត្ថកិច្ចចម្រុះបានចុះឆែកឆេរនៅទីតាំងស្តុកទំនិញទាំងនេះកាលពីថ្ងៃទី ១០ ខែមករាហើយបានបិទទីតាំងនេះជាបណ្តោះអាសន្ន។
លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានថ្លែងកាលពីថ្ងៃអាទិត្យថា ករណីទីតាំងដែលសមត្ថកិច្ចចម្រុះចុះធ្វើការឆែកឆេរនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាបនោះ ពេលនេះ សមត្ថកិច្ចបានបិទទីតាំងស្តុកទំនិញនោះជាបណ្តោះអាសន្នហើយ។ ការបិទទីតាំងនោះដោយរង់ចាំការធ្វើពិសោធន៍លើទំនិញរបស់មន្ត្រីជំនាញសិន ដើម្បីរកទំនិញខូចគុណភាព និងទំនិញក្លែងក្លាយ ។
លោកប្រាប់ថា ទំនិញទាំងនោះមានប្រេងឆាជាកានចំណុះ ២៥ គីឡូក្រាម ចំនួន ១ ១៤០ កានស្មើ ២៧ ៣៦០ គីឡូក្រាម,ប្រេងឆា ដបតូចចំណុះ ១០ គីឡូក្រាមចំនួន ១០០ កេស ស្មើ ១ ០០០ គីឡូក្រាម,ប្រេងឆាដបធំ ៩៧ កេស ស្មើ ១ ៦៩៧,៥ គីឡូក្រាម,ប្រេងឆាចំណុះ ៥ លីត្រ ៣ កេស ស្មើ ៥៧ គីឡូក្រាម។
ក្រៅពីនេះមានប៊័រលឿងចំណុះ ១៦ គីឡូក្រាម ៥០ កេស ស្មើ ៨០០ គីឡូក្រាម,ប៊័រស ចំណុះ ២៥ គីឡូក្រាម ចំនួន ១៧ កេសស្មើ ៤២៥ គីឡូក្រាម,មេនំប៉័ងចំនួន ២១ កេសស្មើ ២១០ គីឡូក្រាម,ម្សៅមីសញ្ញាកូនសោ ទឹកក្រូច ចំនួន ១ ១៥៣ ការុងស្មើ ២៨ ៨២៥ គីឡូក្រាម,ម្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន ១៣០ ការុង ៣ ២៥០ គីឡូក្រាម, ត្រីខកំប៉ុងរូបស្រី ៣ នាក់ចំនួន ១១៩ កេសស្មើ ២៣៨០ គីឡូក្រាមដែលសរុបវត្ថុតាងរួមទាំងអស់មានចំនួន ៦៦០០៤,៥ គីឡូក្រាម។
លោកបញ្ជាក់ថា៖ «ទំនិញទាំងអស់យើងពិនិត្យទៅឃើញមានខូចគុណភាពខ្លះហើយ ទំនិញខ្លះមិនបានបង់ពន្ធត្រឹមត្រូវតាមច្បាប់។ ម្យ៉ាងប្រេងឆានេះយើងការពារដល់សុខភាពពលរដ្ឋ»។
លោកឲ្យដឹងបន្តថា ដោយសារតែពេលនេះមិនទាន់ដឹងពីលទ្ធផលនៃការពិសោធយ៉ាងម៉េចនៅឡើយនោះដូច្នេះម្ចាស់ទីតាំងឈ្មោះ សេង ពាល គឺសមត្ថកិច្ចគ្រាន់តែអញ្ជើញគាត់ឲ្យធ្វើកិច្ចសន្យាសិន ហើយនៅពេលណាលទ្ធផលចេញមកឃើញថា ទំនិញផលិតផលទាំងនោះមិនមានបញ្ហាអីទេ គឺសមត្ថកិច្ចគយនឹងធ្វើការផាកពិន័យដោយសារម្ចាស់ទីតាំងស្តុកទំនិញ មិនបានត្រឹមត្រូវតាមបច្ចេកទេស ។
តែបើទំនិញណាខូចគុណភាព ឬទំនិញណាដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ គឺសមត្ថកិច្ចនឹងដុតកម្ទេចចោល ហើយម្ចាស់ទំនិញត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ (ផាកពិន័យ) ។ តែក្នុងការចុះឆែកឆេរនេះម្ចាស់ទីតាំងក៏បានសហការជាមួយសមត្ថកិច្ចដែរ៕