ព្រះសីហនុៈ ករណីស្លាប់សមាជិក ១ គ្រួសារ ៣ នាក់នៅសង្កាត់ ២ ក្រុង-ខេត្ត ព្រះសីហនុកាលពីយប់ថ្ងៃទី ២០ ខែ សីហា សមត្ថកិច្ចសង្ស័យថា អាចមានសមាជិកណាម្នាក់ក្នុងចំណោមអ្នកស្លាប់នោះដាក់ថ្នាំពុលក្នុងចំណីអាហារ ដើម្បីធ្វើអត្តឃាត ខណៈមន្ត្រីជំនាញកំពុងធ្វើកោសល្យវិច័យលើសំណាកអាហារ និងលាមករបស់ជនរងគ្រោះ ដោយសារថា បើតាមការអះអាងរបស់សាច់ញាតិគឺគ្រួសារនេះរស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនរងគ្រោះដែលសង្ស័យថាស្លាប់ដោយសារថ្នាំពុលនោះឈ្មោះខេង (ឈ្មោះស្រង់បឋម) អាយុ ៤៣ ឆ្នាំជាមេការជាងកាត់កញ្ចក់ត្រូវជាប្តីឈ្មោះ ម៉ឹង សុផល អាយុ ៤១ ឆ្នាំមានរបរជាជាងអ៊ុតសក់ (ប្រពន្ធ) និងឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ ១២ ឆ្នាំត្រូវជាកូន។ តាមសាច់ញាតិប្រាប់ថាគ្រួសារមួយនេះតែងតែឈ្លោះគ្នា និងរស់នៅមិនចុះសម្រុងនឹងគ្នាផង។
លោកបន្តថាហេតុការណ៍ដែលមានមនុស្ស ១ គ្រួសារ ៣ នាក់ស្លាប់នេះសមត្ថកិច្ចនគរបាលរបស់លោកដែលមាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុរួមទាំងគ្រូពេទ្យជំនាញបានធ្វើកោសល្យវិច័យជាបឋមឃើញថាជនរងគ្រោះបានស្លាប់ដោយសារពុលអាហារហើយ។ ប៉ុន្តែដើម្បីឲ្យមានភាពច្បាស់លាស់នោះគឺខាងគ្រូពេទ្យបានយកសំណាកមានដូចជាអាហារដែលបន្សល់ទុកនៅកន្លែងកើតហេតុ និងលាមកយកទៅធ្វើកោសល្យវិច័យបន្តទៀត។
លោកថ្លែងថា៖ «ករណីនេះជាករណីអត្តឃាត ហើយយើងកំពុងតែសហការជាមួយគ្រូពេទ្យ តុលាការ ដើម្បីយកភ័ស្តុតាងមួយចំនួនដែលពាក់ព័ន្ធដូចជាលាមក ឈាម ដើម្បីធ្វើកោសល្យវិច័យរកជាតិពុលណាដែលច្បាស់លាស់ទៅពិនិត្យព្រោះជាតិពុលនេះដូចជាខ្លាំង»។
លោកស្នងការបញ្ជាក់ថា៖ «ព្រោះសាកសព ស្លាប់ឪពុក និងកូនមុន ហើយម្តាយបានធ្វើអត្តឃាតតាមក្រោយ។ អ៊ីចឹងយើងសន្និដ្ឋានថា ស្ត្រីជាប្រពន្ធអាចដាក់ឲ្យប្តី និងកូនពុលមុន។ តែយ៉ាងណាយើងមិនទាន់រកមូលហេតុច្បាស់នៅឡើយទេ»។
ពាក់ព័ន្ធនឹងករណីនេះដែរលោក សេង ហ៊ត នាយនគរបាលប៉ុស្តិ៍ សង្កាត់ ២ ក្រុងព្រះសីហនុបានប្រាប់ពីម្សិលមិញដែរថា ចំពោះហេតុការណ៍មនុស្សស្លាប់ដោយសង្ស័យថាពុលអាហារនេះគឺមិនដឹងជាកើតនៅម៉ោងប៉ុន្មានឲ្យច្បាស់លាស់ទេ។ ប៉ុន្តែបើតាមបុរសម្នាក់ដែលអះអាងថាត្រូវជាប្អូនប្រុសរបស់បុរសរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា គាត់បានណាត់គ្នាជាមួយបងប្រុស (ជនរងគ្រោះ) ទៅហូបបាយហាងជាមួយគ្នានៅខាងក្រៅ។ ប៉ុន្តែពេលទូរស័ព្ទមកបងចូលហើយ តែគ្មានអ្នកលើកហើយគាត់ក៏ព្យាយាមចុចទូរស័ព្ទទៅទូរស័ព្ទបងថ្លៃ ចូលតែគ្មានអ្នកលើកទៀត។
លោកបន្តថាដោយសារតែគ្មានអ្នកលើកទូរស័ព្ទបែបនេះហើយទើបប្អូនប្រុសរបស់ជនរងគ្រោះមានការសង្ស័យក៏ធ្វើដំណើរមកផ្ទះបងរបស់ខ្លួននៅវេលាម៉ោងប្រហែល ៨ យប់ថ្ងៃទី ២០ សីហា ក៏ឃើញទ្វារផ្ទះបិទ និងចាក់សោពីខាងក្នុង។ ពេលនោះគាត់បានស្រែកហៅអ្នកនៅក្នុងផ្ទះតែគ្មានអ្នកឆ្លើយទើបមានការសង្ស័យកាន់តែខ្លាំងឡើងៗ ហើយក៏ប្រាប់អ្នកជិតខាងឲ្យជួយគាស់ទ្វារបង្អួចវាយកញ្ចក់ទម្លុះចូលផ្ទះតែម្តង។
ពេលនោះគាត់ (ប្អូនជនរងគ្រោះ) ឃើញក្មួយស្រីរបស់ខ្លួនដេកស្លាប់នៅលើឥដ្ឋការ៉ូក្នុងផ្ទះហើយនាំគ្នាដើររកបន្តទៀតក៏ឃើញបុរសជាឪពុកអង្គុយស្លាប់នៅក្នុងបន្ទប់ទឹក។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ និងជាម្តាយដេកស្តូកស្តឹងនៅមានដកដង្ហើមតិចៗហើយត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែក្រុមគ្រូពេទ្យមិនទាន់ទាំងបានរៀបចំចាត់ចែងសង្គ្រោះបន្ទាន់ផងស្ត្រីរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ៕