ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​ប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្តន្ទាទោស​លើ​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​លោក ម៉ៃ ហុងស្រៀង ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ​កន្លះ ពី​បទញុះញង់ ខណៈ​សាលាឧទ្ធរណ៍​ក៏​បាន​ច្រានចោល​ការប្តឹង​ទាស់​ដីកាឃុំខ្លួន​របស់​អតីត​សកម្មជន​ ៣ ​រូប​ទៀត​របស់​គណបក្ស​នេះ​។

លោក​ កែត ឃី មេធាវី​ការពារ​ក្តី​លោក​ ម៉ៃ ហុងស្រៀង ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​បើក​សវនាការ​សួរដេញដោល​កាលពី​ថ្ងៃទី​ ២៦ ខែ​កញ្ញា កន្លង​ទៅ​នៅ​ថ្ងៃ​ម្សិលមិញ តុលាការ​សម្រេច​ប្រកាស សាលក្រម​ដោយ​ផ្តន្ទាទោស​កូនក្តី​របស់​លោក​ ១ ​ឆ្នាំ​កន្លះ​ពី​បទញុះញង់​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋ​ជាអាទិ៍​។ ប៉ុន្តែ​ចំណែក​ ១ ​បទល្មើស​ទៀត​គឺ​ញុះញង់​ធ្វើឲ្យ​មាន​ការរើសអើង ត្រូវ​បាន​ទម្លាក់ចោល​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​សម្រេច​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការសម្រេច​នេះ ព្រោះ​រង​ភាពអយុត្តិធម៌​ចំពោះ​គាត់​ណាស់ ដែល​គាត់​មិន​បាន​ញុះញង់​ឲ្យ​មាន​បទល្មើស​នោះ​ទេ ហើយ​ក៏​មិនមាន​បទល្មើស​ណាមួយ​កើតឡើង​នោះដែរ តាមរយៈ​ការផូស្ត​នៅក្នុង​ហ្វេសប៊ុក​របស់គាត់​។ តែ​បែរ​ជា​យក​មនុស្ស​ដែល​គ្មាន​ទោស ហើយ​មិន​បាន​ធ្វើឲ្យ​មាន​ព្យសនកម្ម​កើតឡើង​សោះ យក​គាត់​ទៅ​ដាក់គុក​»​។

កាលពី​ចុងខែ​កក្កដា​លោក ម៉ៃ ហុងស្រៀង ត្រូវបាន​សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​ ២០០៤ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ ក្រោយពេល​លោក​ភៀសខ្លួន​ពី​ការឡោមព័ទ្ធ​នៅ​ខេត្ត​ព្រះសីហនុ​។

អ្នកស្រី គា ស៊ីសុគន្ធ ភរិយា​របស់​លោក​ ម៉ៃ ហុងស្រៀង និយាយ​ចំពោះ​ការផ្តន្ទាទោស​មកលើ​ប្តី​ខ្លួន និង​សុំ​ឲ្យ​មាន​ការ​ដោះលែង​ប្តី​មកវិញ​ថា​៖ «​ខ្ញុំ​មានតែ​ការសោកស្តាយ និង​គិតថា​ជា​ទង្វើ​មួយ​អយុត្តិធម៌​ចំពោះ​គាត់ ព្រោះ​ប្តី​ខ្ញុំ​មិនបាន​ធ្វើ​អី​ខុសឆ្គង​ដោយ​គ្រាន់តែ​ការបញ្ចេញមតិ​សោះ​ក៏​ដល់​ថ្នាក់​ចាប់​ដាក់​គុក​ដាក់​អី​»​។

ជាមួយ​គ្នា​នេះ​ដែរ​ពី​ម្សិលមិញ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ក៏បាន​ច្រានចោល​ភ្លាមៗ​នូវ​បណ្តឹង​ទាស់​នឹង​ដីកាឃុំខ្លួន​សកម្មជន​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ ៣ ​នាក់​ពី​បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​តាម​ដីកា​ចោទ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល​ដែល​ប្តឹង​ដោយ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ទាំង​ ៣ បន្ទាប់ពី​ជំនុំជម្រះ​ប្រមាណ​ ១ ​ម៉ោង​។

សវនាការ​ជំនុំជម្រះ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាល​បន្ទប់​សាលា​ឧទ្ធរណ៍​ដោយ​អសាធារណៈ​ទៅ​លើ​ឈ្មោះ​ លី លីន ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ​រស់នៅ​ស្រុក​កៀនស្វាយ​ឈ្មោះ លី ម៉េងឃាង ភេទ ប្រុស អាយុ​ ៣៥ ​ឆ្នាំ និង​ឈ្មោះ ឈុន ថៃ ហៅ ឈុនថៃយុទ្ធ ភេទ​ប្រុស អាយុ ៥៦ ​ឆ្នាំ (​អតីត​ជំទប់​ទី​ ១ ​ឃុំ​ព្រែក​ថ្មី​) នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​ដែល​ពួកគេ​ទាំងនោះ​ជា​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ ទូច ថារិទ្ធិ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការសម្រេច​ច្រានចោល​របស់​តុលាការ​គឺ​យោង​លើ​មាត្រា​ ២០៥ ​នៃ​ក្រមព្រហ្មទណ្ឌ​ស្តីពី​ការឃុំខ្លួន​ដែល​ត្រូវ​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី និង​ដើម្បី​បញ្ចប់​បទល្មើស​ ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ជាថ្មី​។ លោក​បាន​អះអាង​ថា​ការសម្រេច​នេះ​ក៏​យោង​ថា នីតិវិធី​របស់​កម្លាំង​សមត្ថកិច្ច​ធ្វើ​ឡើង​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​មេធាវី​គាត់​ប្តឹង​មក​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់​ហើយ ប៉ុន្តែ​ការសម្រេច​របស់​តុលាការ​គឺ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​។ ចំពោះ​ការលើកឡើង​ថា ការចាប់ខ្លួន​ពួកគាត់​មិន​មាន​ដីការ​មាន​អី​ហ្នឹង វា​មិន​ដែល​គេ​មិនមាន​ដីកា ទៅ​ចាប់ខ្លួន​គាត់ ហើយ​អ្នក​អត់​ប្រព្រឹត្ត​បទល្មើស​គេ​ទៅ​ចាប់​ទេ​។ អ៊ីចឹង​អ្នក​នោះ​ប្រព្រឹត្ត​បទល្មើស​ហើយ បាន​គេ​ចាប់​ដែល​តុលាការ​គេ​ចោទប្រកាន់​ហ្នឹង គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​របស់គេ​ហើយ​»​។

កាលពី​ថ្ងៃទី​ ១៤ ខែ​កញ្ញា ឆ្នាំ ២០១៩ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​បាន​ចាប់ខ្លួន​សមាជិក​អតីត​ CNRP ​ចំនួន​ ៣ ​នាក់​ខាងលើ​នៅ​ទីតាំង​ផ្សេងគ្នា ដោយ​គ្មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល​ទេ ខណៈ​នគរបាល​ខេត្ត​នេះ​បាន​អះអាងថា មុន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​សកម្មជន​អតីត​បក្សប្រឆាំង​ទាំង​ ៣ ​រូបនេះ​នគរបាល​បាន​ជូនដំណឹង​ទៅ​ព្រះរាជអាជ្ញា​រួចហើយ​។

ការអះអាង​ផ្ទុយគ្នា​នេះ​ជា​មូលហេតុ​បណ្តាល​ឲ្យ​លោក ជូង ជូងី សម្រេច​ដាក់ពាក្យ​បណ្តឹងទាស់​នឹង​ដីកា​ចាប់ខ្លួន​ដែល​មាន​លក្ខណៈ​ខុស​នីតិវិធី​ដោយ​លោក​ចាត់ទុក​ថា ផ្ទុយ​នឹង​តាម​មាត្រា ៩៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ដែល​សមត្ថកិច្ច​អាច​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវតែ​មាន​លិខិត​ជា​លាយលក្ខណ៍អក្សរ​។

លោក​ ជូង ជូងី មេធាវី​ការពារ​ជន​ត្រូវ​ចោទ​ទាំង​ ៣ បាន​និយាយ​ក្រោយ​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ថា ការសម្រេច​នេះ​ត្រូវ​បាន​ប្រកាស​សាលដីកា​ភ្លាមៗ បន្ទាប់ពី​តុលាការ​សាលាឧទ្ធរណ៍​ដែល​ក្នុង​អង្គសវនាការ​មាន​សមាសភាព​ចៅក្រម​ ៣ ​រូប និង​មាន​លោក ចៅក្រម ឃុន លាងម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។

លោក​មេធាវី អះអាង​ថា​៖ «​ការប្រកាស​សាលដីកា​តម្កល់​នឹង​បណ្តឹង​ជំទាស់​ដីការ​ឃុំខ្លួន​នេះ​គឺ​ស្មើនឹង​តុលាការ​សាលាឧទ្ធរណ៍​ការពារ​ចំណាត់ការ​របស់​នគរបាល​បំពាន​ច្បាប់ និង​បំពាន​នីតិវិធី​របស់​នគរបាល​យុត្តិធម៌​។ បញ្ហា​នេះ​យើង​នឹង​ធ្វើ​ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​បន្តទៀត ព្រោះ​យើង​យល់​ថា​តាំងពី​ចំណាត់ការ​របស់​នគរបាល​យុត្តិធម៌​មក​ដល់​តំណាង​អយ្យការ និង​ទៅ​ដល់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល​សុទ្ធតែ​បំពាន​ច្បាប់​ទាំងអស់​»​។

បន្ថែម​ពីនេះ​លោក ជូង ជូងី ក៏បាន​ឆ្លើយ​ការពារ​កូនក្តី​របស់​លោក​ថា ពួកគេ​មិន​បាន​ញុះញង់​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​សកម្មភាព​របស់​ពួកគេ​ក៏​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សោកស្តាយ​ត្រង់​ថា នគរបាល​បំពាន​ច្បាប់​អ៊ីចឹង​ហើយ​តំណាង​អយ្យការ​អត់​មាន​ពិនិត្យ​ពី​ភាពត្រឹមត្រូវ​តាម​ច្បាប់ ហើយ​បែរ​ជា​ធ្វើការ​ចោទប្រកាន់​គាំទ្រ​ការឃាត់​ខ្លួន​ទាំង​បំពាន​ច្បាប់​របស់​នគរបាល​យុត្តិធម៌​ និង​ថែមទាំង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​»៕