ភ្នំពេញៈ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លោក​ ពេជ្រ ស្រស់ ​បាន​លើក​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ​ចំនួន​ ៤ ​ចំណុច​ដាក់​ទៅ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ឱ្យ​ពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​។

លោក​ ពេជ្រ ស្រស់ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១០ ធ្នូ​ ថា លោក​ លឹម គានហោ បាន​ទទួល​យក​ទាំង​ ៤ ​ចំណុច​ ដើម្បី​ពិនិត្យ​ដោះស្រាយ​នៅក្នុង​កិច្ចប្រជុំ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​កាលពី​ថ្ងៃទី​ ៩ ​ខែធ្នូ​នេះ​។

លោក​បន្តថា ទុក្ខលំបាក​របស់​ពលរដ្ឋ​ទាំង​ ៤ ​ចំណុច​នោះ រួមមាន ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​ការសាងសង់​ទំនប់ទឹក​។ ពលរដ្ឋ​រង​ការ​ចោទថា បាន​រស់នៅ​លើ​ដី​អាង​ទំនប់ទឹក​។ ពលរដ្ឋ​ត្អូញត្អែរ​អំពី​បញ្ហា​ផ្លូវ​ធ្វើដំណើរ និង​ការប្រើប្រាស់​ឈ្មោះ​របស់​ក្រសួង​ធនធាន ទឹក​ដើម្បី​ដណ្ដើម​ដី​ពី​ពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ដាក់​ ៤ ​ករណី និង​ ៣ ​សំណួរ ហើយ​លោក​ (​លឹម គានហោ​) ​បាន​ទទួលយក​ទាំងអស់ ហើយ​និង​អនុវត្តតាម​ជំហានៗ និង​ការ​ដោះស្រាយ​ជាបន្ទាន់​ផងដែរ​»​។

លោក​ ស្រស់ ថា ពលរដ្ឋ​ ៥៨ ​គ្រួសារ និង​អាជ្ញាធរ​ភូមិ-ឃុំ​នៅ​ឃុំ​ក្រាំងលាវ ស្រុក​បាទី​ខេត្ត​តាកែវ​កំពុង​ទន្ទឹងរង់ចាំ​ការសម្រេច​ពី​អាជ្ញាធរ​ស្រុក ដើម្បីឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ជួយ​ស្ថាបនា​ផ្លូវ​ ១ ​ខ្សែ និង​ស្ដារ​ប្រឡាយ​កំពង់ទឹកស្អុយ ដែល​ធ្វើឱ្យ​ប៉ះពាល់​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​នោះ​។

លោក​បន្ថែមថា នេះ​គឺជា​ភាពមិន​ប្រក្រតី​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រោះ​ពលរដ្ឋ​លើកឡើង​ថា ការមិន​អនុញ្ញាត​ឱ្យ​ធ្វើ​ផ្លូវ និង​ស្ដារ​ប្រឡាយ​នេះ​គឺ​រដ្ឋបាល​ស្រុក​បាទី បាន​អះអាង​ថា គឺជា​ការសម្រេច​របស់​ការិយាល័យ​ក្រសួង​ធនធាន​ទឹក​ស្រុក​បាទី​។ ប៉ុន្តែ​លោក​ លឹម គានហោ បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ថា ក្រសួង​គ្មាន​ការិយាល័យ​តាម​ស្រុក​ឡើយ​។

ជាមួយ​គ្នា​នេះ​ពលរដ្ឋ​ប្រហែល​ ៧០ ​គ្រួសារ​ ដែល​កំពុង​បង្កបង្កើនផល​លើ​ផ្ទៃដី​ប្រហែល​ ៧០ ​ហិកតា​នៅ​ភូមិ​ចំនួន​ ២ ​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្ត​តាកែវ កំពុង​ស្វែងរក​ដំណោះស្រាយ ដោយសារ​ដីស្រែ​របស់​ពួកគាត់​ទាំងនោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះបញ្ជី​ធ្វើ​ប្លង់​តាំងពី​ឆ្នាំ​ ២០១៦ ព្រោះ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ខេត្ត​បាន​អះអាង​ថា ជា​ដី​រដ្ឋ​ដែល​ជា​កន្លែង​អាង​ស្ដុក​ទឹក​របស់​ក្រសួង​ធនធាន​ទឹក​។ បើតាម​លោក​ ពេជ្រ ស្រស់ ពលរដ្ឋ​បាន​លើកឡើង​ថា ដី​ទាំងនោះ​ពួកគាត់​គ្រប់គ្រង​តាំងពី​ឆ្នាំ​ ១៩៧៩ ​បន្ទាប់ពី​ដួលរលំ​របប​ប៉ុលពត ហើយ​មិនដែល​ធ្លាប់​មាន​ការលិចលង់​ឡើយ​។

ឯ​ទុក្ខលំបាក​ ២ ​ករណី​ទៀត ​កើត​មាន​នៅ​ខេត្តកំពង់ស្ពឺ​។ លោក​ ពេជ្រ ស្រស់ អះអាង​ថា ពលរដ្ឋ​ប្រហែល​ ៣០ ​គ្រួសារ​ នៅ​ភូមិ​អូរ​កូនត្រុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរខេត្ត​លើក​ឡើង​ខុសគ្នា ជុំវិញ​ការធ្វើ​ទំនប់ទឹក​ដែល​បាន​ធ្វើឱ្យ​លិចលង់​ដំណាំ និង​ផ្ទះសំបែងពលរដ្ឋ ខណៈ​អាជ្ញាធរខេត្ត​ថា ទំនប់ទឹក​នោះ​បន្សល់ទុក​តាំងពី​សម័យ​សង្គមរាស្ដ្រនិយម​។

ករណី​ចុងក្រោយ​លោក​ ពេជ្រ ស្រស់ បញ្ជាក់​ថា​មាន​ក្រុមមនុស្ស​ដែល​មាន​ងារ​ជា​ឧកញ៉ា​បាន​យកឈ្មោះ​ក្រសួង​ធនធានទឹក​ទៅ​គាប​យក​ដី​ពី​ប្រជាពលរដ្ឋ​ ៨ ​គ្រួសារ​នៅ​ឃុំ​ភក្ដី ស្រុក​បសេដ្ឋ​ខេត្ត​កំពង់ស្ពឺ និង​ថែមទាំង​ប្ដឹង​ពលរដ្ឋ​ទាំងនោះ​ទៅ​តុលាការ​ថែមទៀត​ពី​បទ​កាន់កាប់​ដី​រដ្ឋ​។ លោក​បន្តថា ជុំវិញ​សំណុំ​រឿងនេះ លោក​នឹង​ចុះ​ទៅ​ស្រាវជ្រាវ​ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​នៅ​ថ្ងៃទី​ ១៣ ខែ​ធ្នូ​នេះ​។

លោក​ថា​៖ «​រឿង​ប្រមូល​ព័ត៌មាន​អស់​ហើយ ប៉ុន្តែ​វា​នៅតែ​មួយ​រឿង​ទេ គឺ​នៅ​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ដែល​ជា​រឿង​នៅ​ឃុំ​ភក្ដី មាន​បុគ្គល​មួយ​ចំនួន​យក​ឈ្មោះ​ក្រសួង​ធនធានទឹក​ទៅ​កៀប​យក​ដី​ប្រជាពលរដ្ឋ និង​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​»​។

ជុំវិញ​រឿងនេះ​លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បញ្ជាក់​ថា ការលើកឡើង​របស់​លោក​ ពេជ្រ ស្រស់ គឺជា​ការលើកឡើង​ផ្ដេសផ្ដាស និង​ជា​ពាក្យសម្ដី​គ្មាន​ការទទួល​ខុសត្រូវ​ដែល​និយាយ​បាន​តែ​ពី​ចម្ងាយ​ដើម្បី​បង្ហាញថា ខ្លួន​បាន​ខិតខំ​គិតពី​ផលប្រយោជន៍​របស់​ពលរដ្ឋ​។ លោក​ថា ការធ្វើ​អ្វីមួយ​របស់​ខេត្ត​គឺ​សុទ្ធ​តែ​មាន​ការសិក្សា​ពី​ផលប៉ះពាល់​ជាមុន​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​ហ្នឹង​គឺ​ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ហ្នុង​​ ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​តូច​ដែល​គាត់​បាន​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ផ្ទៃ​អាង ដែល​ទៅ​នៅក្នុង​ពោះ​អូរ​។ តែ​យើង​បាន​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ ដើម្បី​ដោះដូរ​ដី​ជាមួយ​ពួកគាត់​ឱ្យ​ទៅ​នៅ​កន្លែង​ផ្សេង​ដែល​មិន​រង​ការ​ជន់​លិច​»​។

អភិបាលខេត្ត​បញ្ជាក់​ថា លោក​មិន​ដែល​បានទទួល​ព័ត៌មាន​ថា មាន​អ្នកប្រើប្រាស់​អំណាច​ដើម្បី​គាបសង្កត់​យក​ដី​ប្រជាពលរដ្ឋ​ ៨ ​គ្រួសារ​ នៅក្នុង​ឃុំ​ភក្ដី​ឡើយ​។

លោក​ អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោក​ ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​មិនអាច​សុំ​ការអធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​ពុំមាន​អ្នកទទួល​៕