ព្រះសីហនុៈ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងអ្នកម្នាងរួមទាំងអ្នកផ្សេងទៀត បានត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ (ចម្ការចេក) បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ ៤ ក្នុងភូមិ អូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនានេះ។ នេះបើតាម លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ។
លោក សុខា បានប្រាប់ថា ព្រះអង្គនិងអ្នកម្នាងរបួសធ្ងន់រួមនឹងអ្នកផ្សេងទៀតក៏របួសដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុលម្អិតទេខណៈកំពុងរវល់។
លោកបានបញ្ជាក់ថា៖«ពួកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអស់ហើយ។ គាត់របួសធ្ងន់ដែរហ្នឹង។សម្តេចដូចមិនអី ទេ»។
យ៉ាងណាក្ដី អធិការរងម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្ត Highlander បើកបុកព្រះទីនាំងរបស់ព្រះអង្គក្នុងពេលលោកយាងទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នាវេលាម៉ោង៨និង៥០នាទីព្រឹក ។
លោកបានបញ្ជាក់ថា៖ «ឡាន Highlander ដែលធ្វើដំណើរចេញមកពីខេត្តព្រះសីហនុ បានរ៉េចង្កូតមកឆ្វេងហើយ បុកឡាន របស់សម្តេច ក្រុមព្រះ BMW ហើយឡាន Highlander បុកពេញទំហឹង បង្កឲ្យរបួសចំនួន ៧ នាក់ ស្រី ២ នាក់។ សម្តេចក្រុមព្រះនិងអ្នកម្នាងក៏ត្រូវរបួសដែរហើយត្រូវបានយកទៅពេទ្យខេត្តព្រះសីហនុហើយ។ ពួកគាត់នៅបន្ទាប់សង្គ្រោះបន្ទាន់»។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង អ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែកាលថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០១៥ ព្រះអង្គនិងអ្នកម្នាងក៏ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដែរ នៅភូមិអម្ពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរខេត្តកំពង់ចាម ដែលបណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា របួសភ្នែកធ្ងន់ និងបានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស៕