ភ្នំពេញៈ ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ថ្ងៃទី​ ៤ ​នៃ​សប្ដាហ៍​ទី​ ២ កាលពី​ព្រឹក​ម្សិលមិញ​អំពី​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស​របស់​លោក​ កឹម សុខា ជា​សវនាការ​ដែល​ក្រុម​មេធាវី និង​តំណាង​អយ្យការ​បាន​សួរដេញដោល​លោក កឹម សុខា អំពី​ខ្លឹមសារ​ក្នុង​វីដេអូ​រយៈពេល​ ១ ​ម៉ោង ​ដែល​លោក​ថ្លែង​នៅ​​អូស្ដ្រាលី​ក្នុង​ឆ្នាំ​ ២០១៣​។

ក្នុង​សវនាការ​នេះ​លោក កឹម សុខា បាន​ថ្លែងថា​ក្នុង​នាម​ជា​អ្នកនយោបាយ លោក​តែង​ប្រកាន់​យក​គោលការណ៍ និង​យុទ្ធសាស្ដ្រ​អហិង្សា​ក្នុង​ការប្រកួតប្រជែង​នយោបាយ ហើយ​កាល​លោក​ទៅ​រៀន​ពី​អ្នកជំនាញ​ការ​នៅ​អាមេរិក​កន្លងមក​ក៏​រៀន​ពី​គោលការណ៍​សិទិ្ធ​មនុស្ស និង​លទ្ធិ​ប្រជាពលរដ្ឋ​ដែរ​។

លោក​ថា​៖ «​អ្នកជំនាញ​ការហ្នឹង​ដូច​ខ្ញុំ​បញ្ជាក់ គឺជា​សាស្ដ្រាចារ្យ​ហើយ​សាស្ដ្រាចារ្យ​មិនមែន​បង្រៀន​ឱ្យ​រំលោភសិទ្ធិ​មនុស្ស​ទេ គឺ​បង្រៀន​ឱ្យ​យល់​ពី​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ខ្ញុំ​រៀន​អំពី​ប្រជាធិបតេយ្យ ខ្ញុំ​អត់​ដែល​រៀន​បដិវត្តន៍​​ពណ៌​ហើយក៏​មិនដែល​រៀន​យុទ្ធសាស្ដ្រ​យោធា​ដែរ​»​។

លោក កឹម សុខា ​បន្តថា ការផ្លាស់ប្ដូរ​មេដឹកនាំ​ពី​អតីតកាល​តែង​មាន​ការបង្ហូរឈាម​ខ្មែរ​គ្នាឯង​គឺ​ដោយសារ​ការផ្លាស់ប្ដូរ​ទាំងនោះ​មិន​បាន​ធ្វើឡើង​តាម​ឆន្ទៈ​ពលរដ្ឋ​។ លោក​បញ្ជាក់ថា​ដើម្បី​កុំឱ្យ​មានការ​ផ្លាស់ប្ដូរ​បង្ហូរ​ឈាម​គ្នា​តទៅ​ទៀត​គឺ​មាន​តែ​ការចុះ​ទៅ​​ពន្យល់​ពលរដ្ឋ​ដើម្បី​ឱ្យ​យល់ដឹង​ពី​សិទ្ធិ និង​ដើម្បីឱ្យ​ពួកគេ​បញ្ចេញ​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត​។

លោក​ថា​៖ «​ខ្ញុំ​ឃើញ ជម្លោះ​នៅ​កម្ពុជា​ដែល​ផ្លាស់ប្ដូរ​មេដឹកនាំ​គឺ​សុទ្ធតែ​តាមរយៈ​បង្ហូរឈាម​​ហើយ​មិន​តាម​ឆន្ទៈ​ពលរដ្ឋ​ទេ​។

អ៊ីចឹង​!​ខ្ញុំ​បាន​ចុះ​ពន្យល់​ពលរដ្ឋ​ឱ្យ​​យល់​ដឹង​ពី​សិទ្ធិ​ដើម្បី​ឱ្យ​ពលរដ្ឋ​​បញ្ចេញ​សិទ្ធិ​ដើម្បី​ចូលរួម​ឱ្យមាន​ការផ្លាស់ប្ដូរ​មេដឹកនាំ​តាមរយៈ​​ការបោះឆ្នោត ដោយ​អត់​មាន​តាម​រដ្ឋប្រហារ​ផ្ដួលរំលំ​ទេ​»​។

ការឆ្លើយបំភ្លឺ​របស់​លោក កឹម សុខា នេះ​គឺ​បន្ទាប់ពី​ខាង​អយ្យការ និង​មេធាវី​ដើមបណ្ដឹង​បាន​សួរដេញដោល​អំពី​សកម្មភាព​របស់​លោក​ចាប់ពី​ឆ្នាំ​ ១៩៩៣ ​ដល់​ឆ្នាំ​ ២០០៧ ជា​ពេល​ដែល​លោក​ សុខា ​ធ្វើ​ជា​តំណាងរាស្ដ្រ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា​ពី​ឆ្នាំ​ ១៩៩៣ ដល់​ឆ្នាំ​ ២០០២ និង​ពេល​លោក កឹម សុខា ដក​ខ្លួន​ពី​ឆាកនយោបាយ​មួយរយៈ​ដើម្បី​បង្កើត​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​ឆ្នាំ​ ២០០២ ​ដល់​ឆ្នាំ​ ២០០៧ ​និង​មូល​ហេតុ​ដែល​លោក​ទៅ​ថ្លែង​នៅ​អូស្ដ្រាលី​ក្នុង​ឆ្នាំ​ ២០១៣​។

លោក កឹម សុខា បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ទៅ​អូស្ដ្រាលី​ គឺ​ដើម្បី​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ទីនោះ​ដើម្បី​ថ្លែង​អំណរគុណ និង​ដើម្បី​បញ្ជាក់​ពី​ជំហរ​អហិង្សា​របស់​លោក ខណៈ​មាន​អ្នក​គាំទ្រ​ខ្លះ​មិន​ពេញចិត្ត និង​រិះគន់ ពេល​ឃើញ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​តុ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​ការខ្វែង​គំនិត​គ្នា​ជុំវិញ​លទ្ធផល​បោះឆ្នោត ឆ្នាំ​ ២០១៣ ​ហើយ​ឈប់​ធ្វើបាតុកម្ម​។

លោក​ កឹម សុខា បន្ថែម​ថា​អ្វី​ដែល​លោក​បាន​ថ្លែង​ក្នុង​វីដេអូ​ថា មាន​គេ​ចង់ឱ្យ​លោក​ជ្រើសរើស​យក​ការផ្លាស់ប្ដូរ​នៅ​កម្ពុជា​តាម​គំរូ​ប្រទេស​យូហ្គោស្លាវី និង​ស៊ែប៊ី​គឺ​អ្នក​ទាំងនោះ​ជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​នៅ​អាមេរិក​។ ​លោក​បន្តថា លោក​បាន​បដិសេធ​មិន​យក​គំរូ​ផ្លាស់ប្ដូរ​មេដឹកនាំ​តាម​ប្រទេស​យូហ្គោស្លូវ៉ាគី​នោះ​ទេ ដោយសារ​ខុស​ទៅ​បំណង​របស់​លោក​ដែល​ចង់​ផ្លាស់ប្ដូរ​តាមបែប​​អហិង្សា និង​មិន​ចង់ឱ្យ​ខ្មែរ​បង្ហូរឈាម​។

លោក កឹម សុខា បញ្ជាក់ថា ការមិន​យក​គំរូ​តាម​ប្រទេស​យូហ្គោស្លាវី គឺ​ដោយសារ​លោក​មិន​ចង់​យក​ក្បាល​ទៅ​ជល់​នឹង​ថ្ម​។

នៅក្នុង​សវនាការ​នេះ​លោក ផេង ហេង មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ស្នើសុំ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឈប់​ឱ្យ​មាន​ការសួរដេញដោល​ពី​ការលើកឡើង​របស់​លោក កឹម សុខា នៅ​វីដេអូ​រយៈពេល​ជាង​ ១ ​ម៉ោង​ ដែល​ភាគី​ខាង​លោក​បាន​ដាក់​ធ្វើ​ភ័ស្ដុតាង​ដោះ​បន្ទុក ប៉ុន្តែ​ចង់ឱ្យ​តុលាការ​សួររក​ពី​អង្គហេតុ​លោក កឹម សុខា ប្រព្រឹត្ត​នៅ​កន្លែង​ណា និង​អ្នកណា​ជា​អ្នករងគ្រោះ​?

ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អះអាង​ថា ការពិភាក្សា​ដេញដោល​នេះ​គឺជា​ការសម្រេច​បាន​ដែល​ធ្វើឡើង​នៅ​សវនាការ​កាលពី​ថ្ងៃទី​ ២២ ​មករា និង​ថា ការសួរដេញដោល​នោះ​គឺ​មិន​ខុស​ប្រធានបទ​ឡើយ ហើយ​ភ័ស្ដុតាង​បន្ថែម​ជា​ខ្សែ​វីដេអូ​ជាង​ ១ ​ម៉ោង​នឹង​គ្មាន​ប្រយោជន៍ បើ​គ្មាន​ការជជែក​គ្នា​។

យ៉ាងណាក្ដី​លោក កឹមសុខា ក៏ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​សួរ​បញ្ជាក់​អំពី​ការ​ថ្លែង​នៅ​ប្រទេស​អូស្ដ្រាលី​ផងដែរ មុនពេល​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​ថា សវនាការ​រឿងក្ដី​លោក កឹម សុខា នៅ​ថ្ងៃទី​ ៤ គឺធ្វើ​ឡើង​តែ​មួយ​ព្រឹក ហើយ​នឹង​មាន​បន្ត​សវនាការ​ទៀត​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​៕