ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​បើកសវនាការ​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស​របស់​លោក កឹម សុខា នៅ​សប្ដាហ៍​នេះ​បន្ទាប់ពី​សម្រេច​ផ្អាក​កាលពី​សប្ដាហ៍​មុន​ក្រោយពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ កឹម សុខា បាននាំគ្នា​ដើរចេញ​ពី​​បន្ទប់​សវនាការ​ទាំង​ពាក់កណ្ដាល​ទី​។

លោក​ ចាន់ ចេង មេធាវី​ម្នាក់​របស់​លោក​ កឹម សុខា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា សវនាការ​លើ​សំណុំរឿង​ចោទប្រកាន់​លោក​ កឹម សុខា នឹង​បន្តធ្វើ​ដូច​ធម្មតា​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ ដោយ​លោក​ កឹម សុខា បន្ត​យក​ក្រុម​មេធាវី​ចាស់​ដដែល​។

លោក​ថា​៖ «​សវនាការ​នៅ​សាលាដំបូង​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា​។ គាត់​នៅតែ​យក​មេធាវី​ដដែល​»​។

កាលពី​ថ្ងៃទី​ ១៤ កុម្ភៈ ក្រុម​មេធាវី​របស់​លោក កឹម សុខា ទាំង​ ៤ ​នាក់​ បាននាំគ្នា​ដើរចេញ​ពី​បន្ទប់​សវនាការ​ដោយសារ​មិន​សប្បាយ​ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​តំណាង​អយ្យការ​ និង​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល​។

លោក​ កុយ សៅរ៍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ហៅ​ការដើរ​ចេញពី​បន្ទប់​សវនាការ​របស់​ក្រុម​មេធាវី​លោក កឹម សុខា ថា​ជា​ក្រុម​មេធាវី​ទំនើង និង​បានសម្រេច​ផ្អាក​សវនាការ​រយៈពេល​ ១ ​សប្ដាហ៍​ ដើម្បី​ទុក​​ពេល​ឱ្យ​លោក​ កឹម សុខា ពិចារណា​ និង​សម្រេចចិត្ត​ស្វែងរក​មេធាវី​ថ្មី​ ឬ​ចង់​រក្សា​ក្រុម​មេធាវី​ចាស់​ដដែល ។

លោក​ កុយ សៅរ៍ ថែមទាំង​ព្រមាន​ថា តុលាការ​នឹង​ចាត់​វិធានការ​តាមច្បាប់​​ចំពោះ​ក្រុម​មេធាវី​របស់​លោក កឹម សុខា ប្រសិនបើ​ពួកគេ​មិន​ចូលរួម​សវនាការ​តាម​ការកំណត់​របស់​តុលាការ​នាពេល​ខាងមុខនេះ​។ ក៏ប៉ុន្តែ​លោក ចាន់ ចេង បាន​បញ្ជាក់​ថា ក្រុម​មេធាវី​របស់លោក​ កឹម សុខា នឹង​ចូលរួម​ក្នុង​សវនាការ​នាសប្ដាហ៍​នេះ​។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​សួរដេញដោល​លើ​លោក​ កឹម សុខា អស់​ពេល​ ៥ ​សប្ដាហ៍ ​មកហើយ​លើ​អង្គហេតុ​ចាប់ផ្ដើម​ពី​ឆ្នាំ​ ១៩៩៣ ដែល​លោក​ កឹម សុខា បាន​ធ្វើជា​តំណាងរាស្ដ្រ ការបង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ​ ២០០៧ ​និង​ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស​ឆ្នាំ​ ២០១២ និង​បានចាប់ផ្ដើម​សួរ​ដេញដោល​លើ​អង្គហេតុ​ថ្មី​គឺ​ពី​ពេល​លោក កឹម សុខា ចូលរួម​ជាមួយ​លោក សម រង្ស៊ី ​បង្កើត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មី​ថា ទោះ​មាន​ការដក EBA ២០ ​ភាគរយ​ ពី​គណៈកម្មការ​អឺរ៉ុប​ក្ដី ក៏​លោក​មិន​អាច​យក​ការអនុវត្ត​ច្បាប់ និង​អធិបតេយ្យ​កម្ពុជា​ទៅ​ដោះដូរ​ជាមួយ​ការអនុគ្រោះ​ពន្ធ​ ២០ ​ភាគរយ​ដែល​ត្រូវ​បង់ពន្ធ​ប្រហែល​ ១០០ ​លាន​ដុល្លារ​ ទៅ​អឺរ៉ុប​មកវិញ​នោះទេ​។

លោក​ថា​៖ «​មិនអាច​ទុកឱ្យ​អ្នក​បំផ្លាញ​ជាតិ​បាន​រួចខ្លួន​ឡើយ ដំណើរការ​ផ្លូវច្បាប់​នៅក្នុង​តុលាការ​នៅតែ​បន្ត​អត់​មាន​ថយក្រោយ​ទេ​។ ​ច្បាប់​របស់​អ្នក អ្នកអនុវត្ត​ចុះ ឯ​ច្បាប់​របស់​យើង​ខ្ញុំ​គឺ​យើងខ្ញុំ​ត្រូវតែ​អនុវត្ត ដូច្នោះ​មិន​អាច​លាយឡំ​គ្នា​បានទេ​»​។

លោក​បន្តថា​៖ «​ថ្ងៃនេះ​ជូន​សារ​ជាក់លាក់​ច្បាស់លាស់​ថា កម្ពុជា​មិន​ថយក្រោយ​លើ​ការកាត់ក្ដី​ចំពោះ​ជន​ក្បត់ជាតិ​​ ឬ​អ្នក​ដែល​ទទួល​នូវ​ទណ្ឌកម្ម​ទេ​។ ​អ្នកឯង​ត្រូវតែ​ច្បាស់​អ្វីដែល​អ្នកឯង​បានធ្វើ អ្នកឯង​យក​ថ្ងៃទី​ ២៩ ​ខែ​ធ្នូ​ ២០១៣ គឺជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការផ្ដួល​រលំ​។

បន្ទាប់ពី​អ្នកឯង​ប្ដេជ្ញា​ទៅលើ​រឿងនេះ​ហើយ​ហិង្សា​បាន​កើតឡើង​នៅ​ផ្លូវ​​វេងស្រេង​ចុងឆ្នាំ ២០១៣ និង​ដើមឆ្នាំ​ ២០១៤...»​។

លោក​ ហ៊ុន សែន បានបញ្ជាក់​ទៀតថា លោក​ក៏​មិន​ស្វាគមន៍​ចំពោះ​ការស្នើសុំ​ចរចា​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ​លោក កឹម សុខា នោះដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​តិច​មក​ចរចា​ជាមួយ​កម្ពុជា​ថា សុំឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​សុំ​ឱ្យ​តុលាការ​ធ្វើ​បែបនេះ​បែប​នោះ​ ឬ​សុំឱ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើការ​លើកលែង​ទោស ដើម្បី​ដោះដូរ​ជាមួយ​ជំនួយ អត់​ទេ​។ នោះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​នាយករដ្ឋមន្ត្រី ចង់​ធ្វើ​ ឬ​មិន​ចង់ នោះ​គឺជា​រឿង​របស់ខ្ញុំ​។

ព្រោះ​អ្នកឯង​បាន​ជ្រុល​ដំណើរ​ដល់​ប៉ុណ្ណឹង​ហើយ ខ្ញុំ​ក៏​ហ៊ាន​ប្ដូរផ្ដាច់​ដើម្បី​ធ្វើ​ការងារ​ទាក់ទង​នឹង​ការពារ​ឯករាជ្យ​ និង​អធិបតេយ្យ​ជាតិ​ដែរ​»៕