ព្រះវិហារ: ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា និង​ព្រះសង្ឃ​ចំនួន​ ១៣២ ​នាក់​/​អង្គ​មកពី​ស្រុក​ចំនួន​ ៣ ​ក្នុង​ខេត្តព្រះវិហារ​បាន​រៀបចំ​ពិធី​បែប​សាសនា​បំបួស​ដើមឈើ​រាប់ពាន់​ដើម​នៅ​កណ្ដាល​ព្រៃ​ព្រះរកា​កាលពី​ថ្ងៃទី​ ១០-១២ ខែមករា ដើម្បី​រំឭក​គុណ​អ្នក​បូជាជីវិត​ក្នុងការ​ការពារ​ព្រៃឈើ ព្រមទាំង​បំផុស​ស្មារតី​ឲ្យ​មាន​កិច្ចសហការ​គ្នា​ក្នុង​ការថែរក្សា​ព្រៃ​ព្រះរកា​ដែល​នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស​។

លោក ហែត ណៃ តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា​នៅ​ស្រុក​ត្បែងមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ពិធីបុណ្យ​បំបួស​ដើមឈើ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ពលរដ្ឋ និង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា​ដោយមាន​ទាំង​ព្រះសង្ឃ​ដែល​រស់នៅ​ក្នុង​ស្រុក​ចំនួន ៣ នៃ​ខេត្ត​ព្រះវិហារ​គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំក្សាន្ត​។

លោក​បន្តថា បណ្ដាញ​សហគមន៍​បានដាក់​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​ពី​ខាង​បណ្ដាញ​សហគមន៍​ព្រៃឡង់ មន្ត្រី​ពី​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ដូច​ជា អភិបាលខេត្ត អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពី​មន្ទីរ​បរិស្ថាន​ខេត្ត រួមទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ផងដែរ ប៉ុន្ដែ​ជាក់ស្ដែង​ការ​មក​ចូលរួម​មាន​តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចំនួន​ ៦ ​នាក់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រមទាំង​ប្រជា​សហគមន៍​មួយចំនួន​ប៉ុណ្ណោះ​។

លោក ណៃ បាន​បញ្ជាក់ថា​៖ «​ដើមឈើ​ដែល​ត្រូវ​បំបួស​ហ្នឹង​គឺ​មាន​រាប់ពាន់​ដើម ទាំង​តូច ទាំង​ធំ ដែល​នៅសល់​ពី​ជនល្មើស​បាន​កាប់​ដើម្បី​ការពារ​បាន​ខ្លះ​។ យើង​ថា បំផ្លាញ​អស់​ចុះ​អា​ធំៗ ប៉ុន្តែ​យើង​ខ្លាច​ជនខិលខូច​ទៅ​កាប់ និង​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ​យក​អាតូចៗ​ទៀត អ៊ីចឹង​យើង​ខ្លាច​អស់ទាំង​អាតូចៗ​ហ្នឹង​ទៀត​»​។

លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​អាទិត្យ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញ​ការ​បំបួស​ដើមឈើ​នេះ ដោយ​លោក​អះអាង​ថា មិនទាន់​មាន​របាយការណ៍​ច្បាស់លាស់​ពី​មន្ត្រី​ដែល​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នោះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​មានមតិ​យោបល់​អ្វី​ទេ ចាំ​មន្ត្រី​ខ្ញុំ​ដែល​គាត់​បាន​ទៅ​ចូលរួម​កម្មវិធី​នេះ​ផ្ញើ​របាយការណ៍​មក​ខ្ញុំ​សិន​។ ​ខ្ញុំ​ក៏​អត់​មាន​របាយការណ៍​អំពី​ការរកឃើញ​បទល្មើស​ក្នុងព្រៃ​នេះ​កាលពី​អំឡុង​ក្នុង​ឆ្នាំ​ ២០១៩ ដែរ​»​។

លោក ប៊ុន សឿង នាយក​ដែន​ជម្រក​​ព្រៃ​ព្រះរកា​នៃ​ខេត្តព្រះវិហារ​បាន​ថ្លែង​ពីថ្ងៃ​អាទិត្យ​ដែរ​ថា លោក និង​មន្ត្រី​នៃ​ដែន​ជម្រក​ព្រៃ​ព្រះរកា​ ៦ ​នាក់​បាន​ទៅ​​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ លោក​ចាត់ទុក​កម្មវិធី​នេះ​ថា​ល្អ​ដើម្បី​ពញ្ញាក់​ស្មារតី​ពលរដ្ឋ និង​យុវជន​ឲ្យ​ស្រឡាញ់​ដើមឈើ​ដែលជា​ប្រភព​ធនធាន​ធម្មជាតិ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ទៅ​ចូលរួម​ជាមួយ​ប្រជាសហគមន៍​យើង​ច្រើន គឺ​កម្មវិធី​ហ្នឹង​សប្បាយ ហើយ​បាន​ដាស់​ស្មារតី​ពលរដ្ឋ និង​យុវជន​ជួយ​ការពារ​ព្រៃឈើ​យើង​ឲ្យ​បាន​គង់វង្ស​។ ​ព្រៃ​ព្រះរកា​យើង​សព្វថ្ងៃនេះ គឺ​មិនមាន​ករណី​កាប់បំផ្លាញ​ព្រៃឈើ​ទៀត​ទេ គឺ​ស្ងាត់​ហើយ ដោយសារ​យើង​ចូលរួម​ទាំងអស់​គ្នា​»​។

លោក ឡោ ចាន់ មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ​បាន​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​កម្មវិធី​នេះ ព្រោះ​វា​ក៏​អាច​ជួយ​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​ព្រៃឈើ ប៉ុន្ដែ​លោក​ជំរុញ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការបន្ត​បំផ្លាញ​ព្រៃឈើ​ទៀត​។

លោក​បន្តថា តំបន់​ព្រៃ​ព្រះរកា​គេ​អាច​ចាត់ទុក​ថា​ជា​តំបន់​ព្រៃ​ចុងក្រោយ​ដែល​នៅ​សេសសល់​ពី​ក្រុម​ឈ្មួញ​ខិលខូច​កាប់បំផ្លាញ​។ ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​គួរ​សហការ​ជាមួយ​ប្រជាសហគមន៍​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​កុំ​ឲ្យ​តំបន់​ព្រៃឈើ​ចុងក្រោយ​របស់​កម្ពុជា​រលាយ​ហិនហោច​។

លោក​បញ្ជាក់ថា​៖ «​ការដែល​ពលរដ្ឋ​សហគមន៍​គាត់​នាំគ្នា​បំបួស​ដើមឈើ​នេះ គឺជា​ការល្អ​ម្យ៉ាង​របស់​ពួកគាត់​ហើយ តែ​អ្វី​ដែល​ត្រូវតែ​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ គឺ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ត្រូវតែ​បង្ក្រាប​បទល្មើស​ទាំង​ព្រៃឈើ ទាំង​ការកាប់​រុករាន​ដីព្រៃ ទាំង​ការ​បរបាញ់​សត្វព្រៃ​ជាដើម​។ ការបំបួស​នេះ គ្រាន់តែ​ជា​ការរៀបចំ​តាម​ជំនឿ​សាសនា​ទេ ដោយ​ពួកគាត់​គិត​ថា ដើមឈើ​ទាំងឡាយណា​ដែល​ត្រូវ​បាន​បំបួស​រួច ប្រសិន​មាន​អ្នក​កាប់ អ្នកនោះ​នឹង​ជាប់​បណ្ដាសា​»​។

គួររំឭកថា ព្រៃ​ព្រះរកា​មាន​ទំហំ​ ៩ ម៉ឺន​ហិកតា​ស្ថិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​បង្កើតជា​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ដើម្បី​ការពារ​ធម្មជាតិ ខណៈ​ព្រៃ​នេះ​គឺជា​ទីជម្រក​ចម្រុះ​ដែល​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ដែល​រង​ការគំរាមកំហែង​ជាង ២៨ ​ប្រភេទ​ដូចជា ត្រយង​យក្ស និង​ត្រយង​ចង្កំកស​ដែល​ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត និង​ថនិកសត្វ​ប្រភេទ​ជិត​ផុត​ពូជ​ ៧ ​ប្រភេទ​ផ្សេងទៀត​ដូចជា ទោចមកុដ រមាំង និង​ទន្សោង ជាដើម ៕