ភ្នំពេញ: តំណាងសហជីព កម្មករ និងសាច់ញាតិប្រមាណជាង ១០០ នាក់ កាលពីម្សិលមិញបានជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅទីតាំងរូបសំណាករបស់លោកនៅខាងមុខវត្តលង្កាដែលជាកន្លែងធ្លាប់ធ្វើពិធីបែបនេះជារៀងរាល់ឆ្នាំ ដោយពួកគេនៅតែបន្តស្នើឲ្យសមត្ថកិច្ចពន្លឿនស្វែងរកឃាតករពិតមកផ្ដន្ទាទោស និងជំរុញឲ្យរដ្ឋាភិបាលត្រូវធានាកុំឲ្យមានការធ្វើទុក្ខបុកម្នេញ ឬអំពើឃាតកម្មមកលើមេដឹកនាំសហជីពជំនាន់ក្រោយទៀត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលបានចូលរួមកម្មវិធីនេះថ្លែងថា កម្មវិធីនេះធ្វើឡើងដើម្បីរំឭកខួប ១៦ ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ដោយជនមិនស្គាល់មុខកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ ប៉ុន្ដែរហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចស្វែងរកឃាតករពិតមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ។
លោកជំរុញឲ្យរដ្ឋាភិបាល និងតុលាការពន្លឿនការវែកមុខឃាតករមកផ្តន្ទាទោសតាមច្បាប់ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ លើសពីនេះលោកលើកឡើងថា៖ «រដ្ឋាភិបាលត្រូវធានាថា កម្មករ និងសហជីពត្រូវមានសិទ្ធិពេញលេញក្នុងការការពារសិទ្ធិ និងលក្ខខណ្ឌការងារជូនកម្មករ និងបញ្ឈប់កុំឲ្យមានការធ្វើច្បាប់ផ្សេងៗដែលកាត់ប្រយោជន៍កម្មករ។ រដ្ឋាភិបាលគួរបញ្ឈប់ធ្វើវិសោធនកម្មច្បាប់នានាដែលធ្វើឲ្យខាតផលប្រយោជន៍កម្មករជាដើម»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលចូលរួមក្នុងកម្មវិធីនេះដែរ បានថ្លែងថា លោកមានការសោកស្ដាយដែលរយៈពេល ១៦ ឆ្នាំមកហើយ រដ្ឋាភិបាលនៅតែមិនទាន់អាចស្វែងរកមុខឃាតករពិតប្រាកដមកផ្ដន្ទាទោសតាមច្បាប់។
លោកបន្តថា ស្ថានភាពសុវត្ថិភាពរបស់សកម្មជនសិទ្ធិមនុស្ស កម្មករដែលធ្លាប់តវ៉ា និងមន្ត្រីសហជីពនាពេលបច្ចុប្បន្ននេះកំពុងប្រឈមហានិភ័យខ្ពស់ ដោយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភច្រើន ជុំវិញសុវត្ថិភាពផ្ទាល់ខ្លួន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថា ការអំពាវនាវរបស់ក្រុមសហជីពដែលលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព និងសំណូមពរមិនឲ្យមានការគំរាមកំហែងនេះ គ្រាន់តែជាការនឹកឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ជាក់ស្ដែងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវពី ១ ថ្ងៃទៅ ១ ថ្ងៃ ដើម្បីតាមរកជនសង្ស័យដែលសម្លាប់លោក ជា វិជ្ជា។ «ខ្ញុំយល់ថា អ្នកព្រួយបារម្ភពីសុវត្ថិភាពប្រហែលជា ២ ឬ ៣ នាក់ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ចំណែកពលរដ្ឋរាប់លាននាក់ទៀតហេតុអ្វីក៏ពួកគាត់មិនព្រួយបារម្ភដែរទៅ? អ៊ីចឹងខ្ញុំថាអ្នកព្រួយបារម្ភក៏ចេះតែព្រួយទៅ ហើយគេដែលមិនព្រួយ ក៏គេនៅតែមិនព្រួយបារម្ភអ្វីដែរ គឺគេរស់នៅយ៉ាងសុខសប្បាយ»។
លោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្ការកាលពីព្រឹកថ្ងៃ ២២ ខែ មករា ឆ្នាំ ២០០៤៕