ព្រះវិហារៈ សារ​មន្ទីរ​ធម្ម​ជាតិ​សកល​សម្តេច​តេ​ជោ​ហ៊ុន​សែន​​ព្រះវិ​ហារ​ ដែល​បង្ហាញ​ពី​វប្ប​ធម៌​ចម្រុះ​នៅ​កម្ពុជា ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​​ ក្រោម​អធិ​បតី​ភាព​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី​ ប៊ិន​ ឈិន​​ បន្ទាប់​ពី​ចំណាយ​ពេល​ស្ថាប​នា​អស់​ ១០ ​ឆ្នាំ​ នៅលើ​ផ្ទៃដី​​ ១៧៧​

ហិក​តា​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ និង​មាន​អគារ​ចំនួន ​១១ ​ខ្នង​​ ​​ក្នុង​បរិ​វេណ​នោះ​​ ។​

​លោក​ សំ ពិសិដ្ឋ​ ​ប្រធាន​សារ​មន្ទីរ​នេះ​បាន​ថ្លែង​ថា ​កា​របង្កើត​សារ​មន្ទីរ​នេះ​បាន​កើត​ឡើង ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​ជា​មួយ​ប្រទេស​ជិត​ខាង​ ហើយ​វត្ថុ​បំណង​គឺ​ដើម្បី​បង្ហាញ​ឲ្យ​ពិភព​លោក​មើល​ឃើញ​ថា ​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម​ទេ​ តែ​ត្រូវ​ការ​សន្តិភាព​។​

លោក​បាន​បន្ដ​ថា​ ក្រៅ​ពី​នេះ​ក៏​ដើម្បី​អភិរក្ស​បេតិកភ​ណ្ឌ​របស់​ជាតិ​ និងជា​ស្ពាន​ចម្លង​ដែល​ផ្ទេរ​ចំណេះ​ដឹង​ពី​អតីតកា​ល​ឲ្យ​ទៅ​មហា​ជន ​តាម​រយៈ​មក​ទស្សនា​និង​សិក្សា​ស្រាវ​ជ្រាវ​នៅ​សារ​មន្ទីរ​នេះ​ ក៏​ដូច​ជា​​ អប់រំ​ផ្សព្វ​ផ្សាយ​ដល់​មហា​ជន​ឲ្យមាន​ស្មារ​តី​ស្រ​ឡាញ់​មរតក​របស់​ខ្លួន​​និង​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ខាង​ក្រៅ​បន្ត​ទៅ​ទៀត​។​

បើ​តាម​លោក ​ពិសិដ្ឋ សារ​មន្ទី​រនេះ​មាន​ការ​ចូល​រួម​ជួយ​ផ្នែក​បច្ចេក​ទេស​ពី​អង្គ​ការ​ UNESCO ខណៈ​ថវិកាចំ​ណាយ​ដោយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​​ពិសេស​គឺ​ថវិកា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហើយ​មួយ​ចំនួន​ទៀត​បាន​មក​ពីស​ប្បរស​ជន​ជាតិ​និង​អន្តរ​ជាតិ​​។​

យ៉ាង​ណាក្ដី​លោក ​សំ​ ពិសិដ្ឋ​ បាន​ថ្លែង​ថា ​លោក​មិន​បាន​ដឹក​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​នោះ​ទេ។​​ លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​មួយ​រូប​លោក​មិន​បាន​ដឹង​ច្បាស់​ពី​រឿង​នេះ​ឡើយ​»​។​

ប៉ុន្តែ​បើ​តាម​ លោក ប៊ិន​ ឈិន ដែលបានថ្លែងដោយផ្អែកលើ​របាយ​ការ​ណ៍ក្រសួងវប្បធម៌​ថា​ ការ​ចំណាយ​បាន​ប្រើ ​ថវិកា​ ​៧៥​៣ ៤​២៧ ដុល្លារ​។

ចំពោះ​ដំណើរ​ការ​សាង​សង់​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​រួម​មាន​ បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​, កង្វះ​សម្ភា​រ​និង​កម្មករ​សំណង់​និង​បញ្ហា​ទីតាំង​របស់​សារ​មន្ទីរ​នៅ​ក្នុង​តំបន់​ដាច់​ស្រ​យាល​ជា​ដើម​។​នេះបើតាមលោកសំ ពិសិដ្ឋ។

លោកបានបន្ថែមថា សារ​មន្ទីរ​នេះ​ខុស​ប្លែក​ពី​សារ​មន្ទីរ​ដទៃ​នៅ​ត្រង់​វា​មិន​ផ្តោតលើ​ប្រធានបទ​តែមួយ​ក្នុង​ការដាក់​បង្ហាញ​សា​ធារ​ណជន​ឡើយ​តែវា​នឹង​មាន​ដាក់​បង្ហាញ​ជាមួយ​វត្ថុ​ជា​ច្រើន​រួម​មាន ​បុរាណវ​ត្ថុ​,ប្រវត្តិ​សាស្ត្រ​ក្នុង​តំបន់​បេតិ​កភណ្ឌ​ដទៃ​ទៀត​ទាំង​ក្នុងនិង​ក្រៅ​ប្រទេស​,ប្រភេទ​សត្វ​និង​រុក្ខជាតិ​កម្រ​នៅក្នុង​តំបន់​ក៏​ដូច​ជា​វប្ប​ធម៌​និង​ការរ​ស់នៅ​របស់​ជន​ជាតិ​ភាគ​តិច​ជា​ពិសេស​ជន​ជាតិ​កួយ​ជា​ដើម​។​

​អ្នក​ស្រី អេ​ន​នី ឡឺ​ម៉ាយ​ត្រេ ​តំណាង​អង្គការ ​UNESCO ​បាន​ថ្លែង​ថា​ នេះជា​សារ​មន្ទីរ​មួយ​ដែល​បង្ហាញ​ពី​វប្បធម៌​ចម្រុះ​នៅ​កម្ពុជា ហើយ​ក៏​ជា​សារ​មន្ទីរ​ជាតិ​ព​ន្ធុ​សាស្ត្រ​ទីមួយ​នៅ​កម្ពុជា​ផង​ដែរ​ ៕​ អ៊ុក សុន្ទ​ថា​រ័ត្ន​