ភ្នំពេញៈ សាលារាជធានីភ្នំពេញទុកពេល ៣០ ថ្ងៃ ឲ្យម្ចាស់ដីពាក់ព័ន្ធនៅបឹងជើងឯកសហការវាស់វែងដីដែលបម្រុងទុកអភិវឌ្ឍជាសម្បតិ្តរដ្ឋ និងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ។ កាលពីម្សិលមិញសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយស្ដីពីការវាស់វែង និងការកំណត់ព្រំដីក្នុងបឹងជើងឯក ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ក្រុមការងារបានចុះស្វែងរកចំណុចព្រំដីទំហំ ១៩០ ហិកតា ដែលបម្រុងទុកសម្រាប់អភិវឌ្ឍនិងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់ដី ១៩០ ហិកតា ដែលរក្សាទុកសម្រាប់អភិវឌ្ឍ។ ក្រុមការងារក៏បានចុះរកចំណុចព្រំដីផ្ទៃបឹងទំហំ ១៨១ ហិកតា ដែលទុកជាសម្បត្តិសាធារណៈរបស់រដ្ឋព្រមទាំងបានចុះវាស់កំណត់និយាមកាសម្រាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងបឹងជើងឯកផងដែរ។
បើតាមសេចក្តីជូនដំណឹងនេះ ការវាស់វែងក្នុងភូមិសាស្ត្រខាងលើស្ទើរចប់ទាំងស្រុងហើយ «ប៉ុន្តែដោយពិនិត្យឃើញថាម្ចាស់ក្បាលដីពាក់ព័ន្ធមួយចំនួននៅមិនទាន់បានផ្ដល់កិច្ចសហការនោះ ក្រុមការងារនឹងទុករយៈពេល ៣០ ថ្ងៃទៀតគិតចាប់ពីថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ជាកំហិត»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី មិនអាចសុំការបញ្ជាក់បន្ថែមបានទេពីម្សិលមិញដោយលោកថាជាប់ប្រជុំ។
ស្របពេលជាមួយគ្នានេះទីស្ដីការគណៈរដ្ឋមន្ត្រីបានធ្វើមោឃភាពបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ចំនួន ៥ បណ្ណ របស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ២១ ឧសភា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ការធ្វើមោឃភាពនេះដោយសារក្រុមហ៊ុន «មិនអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្ទៃបឹងជើងឯកក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ និងក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។
តំណាងពលរដ្ឋម្នាក់ គឺលោក ហូ សុខេង រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បានថ្លែងពីម្សិលមិញថា សហគមន៍លោក ៣៥០ គ្រួសារ កំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អាយអិនជី។ ប៉ុន្តែលោកថា ដីដែលត្រូវបានធ្វើមោឃភាពនោះមិនស្ថិតនៅលើដីសហគមន៍របស់លោកទេ។ តែចំពោះដី ១៩០ ហិកតា លោកមិនច្បាស់ទេថាវាគ្របដណ្ដប់លើដីសហគមន៍ឬក៏អត់៕