ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​​កាល​ពី​ម្សិល​មិញ​ បាន​បើក​សវនា​ការ​​លើ​សំណុំ​រឿង​ចំនួន​ ២ ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ​អតី​តប្រធាន​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ដែលត្រូវបានតុលាការកំពូលរំលាយ ហើយ បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​​នៃ​គណបក្ស​នេះ​ដោយចោទពី​បទ​ញុះ​ញង់​​យោធិន​​ និង​​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ហើយ​សាល​ក្រម​នៃ​សំណុំ​រឿង​ទាំ​ងនេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រ​កាស​នៅ​​​ថ្ងៃ​ព្រ​ហស្បតិ៍​សប្តាហ៍​ក្រោយ។

​លោក សម រង្ស៊ី ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ «​ញុះ​ញង់​​មិន​ឲ្យ​យោធិនស្តាប់​បង្គាប់ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងទ័ព​​»​ ធ្វើឲ្យ «ខូច​ទឹក​ចិត្ត​យោធិនយ៉ាងធ្ងន់ធ្ងរ​» ចំពោះ​អត្ថា​ធិ​ប្បាយ​របស់​លោក​​នៅ​លើ​ហ្វេស​ប៊ុក​​ដែលបានបង្ហោះកាល​ពី​ថ្ងៃទី​ ៩ ខែ​ ធ្នូ ឆ្នាំ ២០១៧។

​ការ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​បាន​សរសេរ​ថា​៖ «​​សូម​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​​ ទាហាន​និង​ប៉ូលិស​ សូម​កុំ​ស្តាប់​តាម​បញ្ជា​​របស់​មេ​ដឹក​នាំ​ផ្តាច់​ការ​​ ប្រសិន​បើ​គាត់​បញ្ជា​ឲ្យ​បាញ់​ ឬ​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់»។

លោក​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​​ពី​បទ​ «​ប្រមាថ​ព្រះ​មហាក្សត្រ​»​ ចំពោះ​ការ​បង្ហោះ​​នៅ​លើ​ហ្វេស​ប៊ុក​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​​ ដោយ​បាន​ចាត់​ទុក​​ព្រះរាជសារមួយ​ចេញ​ដោយ​ព្រះ​មហាក្ស​ត្រដែល​​អំពាវ​នាវ​​​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​​​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​​កាល​ពី​ឆ្នាំ​មុនថា ​​ក្លែង​ក្លាយ​និងធ្វើ​ឡើង​ក្រោម​ការ​បង្ខិតបង្ខំ។

លោក វង្ស ភក្តី ​មេធាវី​​តំណាង​ឲ្យ​កង​យោធពល​ខេមរភូមិន្ទ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​កាល​ពី​ម្សិលមិញថា លោក​ សម រង្ស៊ី បាន​បង្កាច់​បង្ខូច​​ឈ្មោះ​​​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​ស្រប​ច្បាប់​ ​និង​​បង្ខូច​ឈ្មោះ​ថ្នាក់​ដឹកនាំ​កងទ័ព។

គាត់​បាន​ញុះ​ញង់​​កង​ទ័ព​​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ និង​​ថ្នាក់​ដឹក​នាំ​កង​ទ័ព​​។ លោក​បាន​ថ្លែង​ថា លោក​ សម រង្ស៊ី បាន​ធ្វើ​ឲ្យ​​ខូច​ដល់​ទឹក​ចិត្ត​កង​ទ័ព​ ហើយ​អ្វី​ទាំង​អស់​នេះ ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

លោក​បាន​ថ្លែង​​ថា សកម្ម​ភាព​របស់​លោក ​សម រង្ស៊ី មិន​បាន​ឈប់​នោះ​ទេ ​ប៉ុន្តែ​គាត់​បាន​បន្ត​ធ្វើ​សកម្ម​ភាព​ដដែលៗ ​​លើ​ហ្វេស​ប៊ុក​​របស់​គាត់​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប្តឹង​ដោយ​​កង​យោធ ពល​ខេមរភូមិន្ទ​។ លោក​បាន​ថ្លែង​ថា ​មេ​ធាវី​របស់​គាត់​គឺលោក ​សំ សុគង់ ​បាន​ធ្វើ​ការ​ថត​ចម្លង​​ឯក​សារ​ទឡ្ហីករ​ណ៍​របស់​ខ្ញុំ​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដាក់​ឯកសារ​ការពារ​​ណាមួយ​មក​តុលាការ​ទេ។

លោក ភក្តី បាន​ថ្លែង​ថា​៖ «​​នេះ​មាន​ន័យ​ថា ជា​ការ​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​​ដូច​អ្វី​ដែល​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់»។

លោក​បន្ត​ថា​៖ «​ខ្ញុំ​សូម​ស្នើ​ចៅ​ក្រម​​ដាក់​​ទោស​​ធ្ងន់​ធ្ងរ​លើ​​លោក សម រង្ស៊ី ​ឲ្យ​ដល់​កម្រិត​អតិបរមា»។

​លោក សំ សុគង់ ​មេ​ធាវី​ការ​ពារ​ក្តី​របស់​លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​ស្នើ​សុំ​ចៅ​ក្រម​​ទម្លាក់​បទ​ចោទ​ប្រកាន់​​ដែល​ប្តឹង​ដោយ​កង​យោធពល​ខេមរភូមិន្ទ។

លោក​បាន​ថ្លែង​ថា​៖ «​​ភ័ស្តុតាង​ដែល​ដាក់​ទៅ​តុលាការ​មិន​អាច​ទទួល​យក​បាន​​​ ដោយ​សារ​យើង​សង្ស័យ​ថា ​វា​ត្រូវ​បាន​កែ​។ ​ទី​២ ​ខ្លឹម​សារ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លីប ឯក​ឧត្តម សម រង្ស៊ី ​មិន​បាន​ញុះ​ញង់​​យោធិនទេ។ ​គាត់​គ្រាន់​តែ​ជំរុញ​ឲ្យ​យោធិនកុំ​ប្រើ​ហិង្សា​ទៅ​លើ​ប្រជា​ពល​រដ្ឋ​​ដែល​ធ្វើ​ការ​តវ៉ា​​ដោយ​សារ​​យោធា​ជា​កូន​របស់​ប្រជាពលរដ្ឋ»។

លោក​បាន​ថ្លែង​ថា និយម​ន័យ​នៃ​មាត្រា​ ៤៧១ និង​ ៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ​ ​​ដែល​លោក​ សម រង្ស៊ី ត្រូវ​បាន​ចោទ​ប្រកាន់អនុវត្ត​តែ​នៅ​ក្នុង​​​ពេល​មាន​សង្គ្រាម​​ប៉ុណ្ណោះ ​និង​អ្នក​ដែល​អំពាវនាវ​​ឲ្យ​កងទ័ព​​ទម្លាក់​អាវុធ។

លោក សុគង់ ​បាន​ថ្លែង​ថា ​លោក​មិន​បាន​ការ​ពារ​​​លើ​​បទ ​«​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ​» ​ប៉ុន្តែ​ចៅ​ក្រម រស់ ពិសិដ្ឋ​ ​នឹង​ប្រកាស​សាល​ក្រម​ទាំង​២​សំណុំ​រឿង​នៅ​ថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ៕