ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចាប់ផ្តើម​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ក្រោម​ការចោទប្រកាន់​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដោយ​តុលាការ​បាន​ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ​ដាក់បន្ទុក​រយៈពេល​ ២ ​នាទី​តែ​លោក​ កឹម សុខា បាន​បដិសេធ​ការចោទប្រកាន់ និង​ដាក់​ភ័ស្តុតាង​ថ្មី​។

លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៧ ហើយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ឬ​សន្ទិដ្ឋភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ កឹម សុខា ប្រឈម​ជាប់​ពន្ធនាគារ​អតិបរមា​ ៣០ ​ឆ្នាំ​បើសិន​តុលាការ​រកឃើញ​ថា មានទោស​កំហុស​។ សំណុំរឿង​របស់លោក​ពាក់​ព័ន្ធ​នឹង​សុន្ទរកថា ដែល​លោក​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១៣ នៅ​ប្រទេស ​អូស្ត្រាលី​។

លោក គី តិច មេធាវី​រដ្ឋាភិបាល​បាន​ថ្លែង​បន្ទាប់ពី​សវនាការ​ថា តុលាការ​បាន​ដំណើរការ​សវនាការ​ដោយ​រលូន​។

លោក​បន្តថា​មាន​សាក្សី​សរុប​ចំនួន ២៧ ​រូប ប៉ុន្តែ​ព្រឹក​ម្សិលមិញ​មាន​តែ​ ១២ រូប​ទេ ដែល​មាន​វត្តមាន ខណៈ​ ១៥ ​រូប​ទៀត​អវត្តមាន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។ ​លោក​ថា​ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា បាន​ផ្ដល់ USB តូច​មួយ​ទៅ​តុលាការ​ដោយ​សុំ​ឲ្យ​ចាក់​វីដេអូឃ្លីប​រយៈពេល​ជាង​ ១ ​ម៉ោង​។ ការស្នើសុំ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​បាន​ចាក់​វីដេអូឃ្លីប​រយៈពេល​ ២ ​នាទី​អំពី​សំឡេង​របស់​លោក​ សុខា ដែល​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​។

លោក​ គី តិច ​បន្ត​ថា​៖ «​លោក​ កឹម សុខា បាន​ឆ្លើយ​នៅមុខ​តុលាការ​ថា លោក​ទទួលស្គាល់​សំឡេង​ និង​រូបភាព​ថា​ជា​របស់គាត់​ពិតប្រាកដ​មែន​។ កឹម សុខា គ្រាន់តែ​ដាក់​ឃ្លីប​វីដេអូ​មួយ​ផ្សេងទៀត​ដោយ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទទួល ហើយ​សុំ​ឲ្យ​ចាក់​វីដេអូឃ្លីប​ហ្នឹង​ដែរ ប៉ុន្ដែ សុំ​បញ្ជាក់​ថា​គាត់​គ្រាន់តែ​ថា (​វីដេអូ​) ​នោះ​កាត់​ជា​កង់ៗ​។ ប៉ុន្តែ​រាល់​សំឡេង និង​រូបភាព​លោក​ កឹម សុខា ទទួលស្គាល់​ថា ពិតជា​របស់គាត់​មែន​»​។

រថយន្ត​លោក កឹម សុខា ត្រូវ​អ្នក​កាសែត​តាម​ថត​។ហុង មិនា

លោក​ គី តិច បញ្ជាក់​ថា ​លោក​សុំ​ឲ្យ​មាន​ការពិនិត្យ​ជាមុន​សិន​ទៅលើ USB របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ សុខា ដើម្បី​សុវត្ថិភាព ព្រោះ​វា​អាច​បង្កបញ្ហា​សន្តិសុខ​ក្នុង​សវនាការ ឬ​ប៉ះពាល់​ដល់​កុំព្យូទ័រ​របស់​តុលាការ​។

ទោះយ៉ាងណា​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ទទួល​យក​ភ័ស្តុតាង​ថ្មី​របស់​លោក​ កឹម សុខា ហើយ​នឹង​ចាក់​បញ្ចាំង​នៅ​សវនាការ​ថ្ងៃក្រោយ​។ ​

លោក​ថា​៖ «​ដោយសារ​សំណុំ​រឿងនេះ​មាន​ពាក់ព័ន្ធ​នឹង​បរទេស​គឺ​មាន​ប្រទេស​ចំនួន​ ៩ ​ហើយ​ក៏មាន​ពាក់ព័ន្ធ​នឹង​អង្គការ​មួយ​ចំនួន​ហើយ​ក៏​ពាក់ព័ន្ធ​នឹង​បុគ្គល​បរទេស​មួយ​ចំនួន​ទៀត​។ ​ក្នុង​គោលបំណង​ការពារ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​យើង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​នាម​មេធាវី​តំណាង​រដ្ឋាភិបាល​បាន​ដាក់​សំណើសុំ​ឲ្យ​ក្រុមប្រឹក្សា​ទទួល​យក​ការដាក់​តាង​ដោយ​អក្សរ​»​។ ​

លោក​បន្តថា តុលាការ​យល់ព្រម​ឲ្យ​សរសេរ​អក្សរ​កាត់​ចំពោះ​ឈ្មោះ​ប្រទេស​ពាក់ព័ន្ធ​នៅក្នុង​សាលក្រម ប៉ុន្តែ​អោយ​សរសេរ​ឈ្មោះ​ប្រទេស​ទាំងនោះ​ពេញ​នៅក្នុង​កំណត់ហេតុ​តុលាការ ព្រោះ​ជា​ឯកសារ​ផ្ទៃក្នុង​ដែល​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេងទៀត​។

លោក​បញ្ជាក់ថា ប្រទេស​ដែល​មាន​ឈ្មោះ​នៅក្នុង​សំណុំ​រឿងនេះ​រួមមាន ឥណ្ឌូនេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋ​អាមេរិក កាណាដា សហភាព​អឺរ៉ុប តៃវ៉ាន់ ឥណ្ឌា និង​ប្រទេស​អង្គការ​ផ្សេងទៀត​។ ​«​ខ្ញុំ​ជា​មេធាវី​តំណាង​រាជរដ្ឋាភិបាល​ជាដើម​បណ្តឹងរដ្ឋប្បវេណី​មាន​ភ័ស្តុតាង​ប្រហែល​បងប្អូន​យើង​មិនបាន​យកមក យក​ដាក់​ឡាន​អស់ហើយ​។ យើង​មាន​ភ័ស្តុតាង ដើម្បី​បញ្ជាក់​បញ្ហា​នេះ​មាន​ ២ ​វាលិស​ធំៗ និង​មាន​កាតាប​យួរ​ប្រហែល​ម្នាក់​ ២ បើ​និយាយ​រឿង​ភ័ស្តុតាង​នេះ​គឺថា ដឹក​ទាំង​គូទ​ឡាន​តែម្តង​។ ភ័ស្តុតាង​នេះ​យើង​នឹង​តតាំង​បង្ហាញ​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ការសម្រេច​ដោយ​យុត្តិធម៌​ឲ្យ​គូភាគី​»​។

លោក​បន្តថា​៖ «​ខាងយើង​ខ្ញុំ​ក៏ដូចជា​តំណាង​អយ្យការ​មាន​ភ័ស្តុតាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បញ្ជាក់ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​បានដឹងថា កំហុស និង​អំពើ​ប្រព្រឹត្ត​របស់​លោក​ កឹម សុខា ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ផ្លូវច្បាប់​កម្រិតណា​?»​។ ​លោក​បញ្ជាក់ថា​ការលើក​ឡើង​ថា សំណុំ​រឿងនេះ​ជា​រឿង​នយោបាយ​នោះ គឺជា​ការអះអាង​របស់​គេ ប៉ុន្តែ​វា​ជា​ការអនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​ថា តុលាការ​មិនមែន​កំពុង​ដំណើរការ​រឿង​នយោបាយ​ទេ​។ ​លោក​បាន​បញ្ជាក់ទៀត​ថា រយៈពេល​កំណត់​នៃ​សវនាការ​មិនអាច​កំណត់​បាន​ទេ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង ព្រោះ​ភាគី​ទាំង​​ ២ ​ត្រូវការ​ដេញដោល​ឲ្យ​បាន​ច្បាស់​។

លោកស្រី ម៉េង សុភារី មេធាវី​មួយរូប​របស់​លោក កឹម សុខា បាន​ប្រាប់​ឲ្យ​ដឹងថា លោក កឹម សុខា ​បាន​ច្រានចោល​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​។ ​ពាក់ព័ន្ធ​នឹង​វីដេអូឃ្លីប​ ២ ​នាទី​ លោកស្រី​ថ្លែងថា លោក កឹម សុខា បាន​បដិសេធ​វីដេអូឃ្លីប​នោះ ព្រោះ​វីដេអូឃ្លីប​នោះ​ត្រូវបាន​កាត់ត​ជា​កង់ៗ រួច​ហើយ​យកមក​ផ្គុំ​ជាប់​គ្នា​។ ​«​ដោយសារ​វីដេអូ​នោះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ខ្លឹមសារ​ពិតប្រាកដ​អ៊ីចឹង​ឯកឧត្ដម កឹម សុខា បាន​ដាក់​បញ្ចូល​ភ័ស្តុតាង​ក្នុង​សវនាការ គឺ​វីដេអូ​ពេញ​ទាំងមូល​ដែល​គាត់​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​ ២០១៣ មាន​រយៈពេល​ជាង​​ ១ ​ម៉ោង​»​។

លោក ចាន់ ចេន មេធាវី​ម្នាក់ទៀត​របស់​លោក កឹម សុខា បាន​ថ្លែងថា នាពេល​រសៀល តុលាការ​បាន​សាកសួរ​លើ​អង្គហេតុ​តែ​បាន​បែងចែក​ដំណាក់កាល​សួរដេញដោល​ពី​ឆ្នាំ​ ១៩៩៣ ដល់​ឆ្នាំ ២០០៧ ក្នុង​នោះ​ក៏បាន​សាកសួរ​អំពី​ការបង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរ​។ ទោះ​យ៉ាងណា​លោក ចាន់ ចេន ​បញ្ជាក់ថា សំណុំរឿង​លោក​ កឹម សុខា ​គឺជា​រឿង​នយោបាយ​ហើយ​ស្នើ​ឲ្យ​ដោះស្រាយ​តាម​ការជជែក​នយោបាយ​។

កាលពី​ម្សិលមិញ​លោក កឹមសុខា ក៏បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ហើយ​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​មកលើ​រូបលោក​ពី​បទសន្ទិដ្ឋភាព​ជាមួយ​បរទេស​។ ​

លោក​សរសេរថា​៖ «​ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស​ ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ឡើយ​»​។ លោក​បាន​ស្នើឲ្យ​តុលាការ​ទម្លាក់ចោល​បទចោទប្រកាន់​ទៅលើ​រូបលោក​។

មិនអាច​សុំ​ការបញ្ជាក់​ពី​មន្ត្រី​តុលាការ​ជុំវិញ​ដំណើរការ​សវនាការ​នេះ​បានទេ ខណៈ​អ្នកកាសែត​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​ក្នុង​សវនាការ​ឡើយ ហើយ​លោក​ កឹម សុខា ក៏​ត្រូវបាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​អ្នកកាសែត​ជួប​សម្ភាស​លោក​ដែរ​នៅពេល​ដែល​លោក​ចូល និង​ចេញពី​តុលាការ​។

ប៉ុន្តែ​បើតាម​លោក​ គី តិច សវនាការ​នឹង​បន្ត​នៅថ្ងៃនេះ​ពេញ​ ១ ​ថ្ងៃ​ទៀត ហើយ​តុលាការ​នឹង​បន្ត​បើក​សវនាការ​នៅ​រៀងរាល់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​រៀងរាល់​សប្តាហ៍​ដោយ​មិនទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់​ដែលថា​នឹងត្រូវ​បិទ​បញ្ចប់​នៅពេល​ណា​នោះ​ឡើយ​៕

វីដេអូ៖