ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ម្សិលមិញ​បាន​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ចំនួន ២ ដោយ​សម្រេច​ផ្ដន្ទាទោស​លោក​ សម រង្ស៊ី ដាក់​ពន្ធនាគារ​កំណត់ ៤ ឆ្នាំ​ សម្រាប់​បទល្មើស​នីមួយនិង​ផាក​ពិន័យ​សរុប ​២០​ លាន​រៀល​ ព្រម​ទាំង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​​លោក​បញ្ជូន​ទៅ​ពន្ធនាគារ។

ការសម្រេច​សាល​ក្រម​នេះ​ធ្វើ​ឡើង​ដោយ​ លោក ​រស់​ ពិសិដ្ឋ ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទៅ​លើ​សំណុំ រឿង​ចំនួន​ ២ ​ប្រឆាំង​ លោក ​សម រង្ស៊ី គឺ​បទ​ «ញុះ​ញង់​កុំ​ឲ្យ​យោ​ធិន​ស្ដាប់​បង្គាប់ និង​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព» និង​បទ​ «ប្រមាថ​ចំពោះ​អង្គព្រះ​មហា​ក្សត្រ» ក្រោយ​ពី​បាន​បើកសវនាការជំនុំ​ជម្រះ​កាល​ពី​​ថ្ងៃ​ទី​ ២២​ ខែ​មេសា​កន្លង​ទៅ។

លោក រស់ ​ពិសិដ្ឋ ​ថ្លែង​ក្នុង​សវ​នា​ការ​ថា៖ ​«ផ្ដន្ទា​ទោស​ឈ្មោះ​ សម រង្ស៊ី កើត​ថ្ងៃ​ទី​ ១០ មីនា​ ១៩៤៩ ​ដាក់​ពន្ធនា​គារ​កំណត់​ ៤ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១០​ លាន​រៀល ពី​បទ​ញុះ​ញង់​​​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​ និង​ធ្វើ​ឲ្យ​ខូច​ទឹក ចិត្ត​កង​ទ័ព ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​ ៥ ខែ​ ធ្នូ ឆ្នាំ​ ២០១៧ តាម​មាត្រា ​៤៧១ និង​ ៤៧២ នៃក្រម​ព្រហ្មទណ្ឌ។ បង្គាប់​ឲ្យ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ឈ្មោះ សម រង្ស៊ី​ មក​ដាក់​ពន្ធនាគារ»។

ចំពោះ​បទ​ចោទ​ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហា​ក្សត្រ» លោក​ រស់​ ពិសិដ្ឋ ​បាន​សម្រេច​ដូច​គ្នា​ គឺ​ឲ្យ​លោក ​សម រង្ស៊ី ជាប់​ពន្ធនា​គារ​ ៤ ​ឆ្នាំ និង​ផាក​ពិន័យ​ជាប្រាក់​ ១០​ លាន​រៀល ព្រម​ទាំង​បញ្ជា​ដល់​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី ទៅ​ឃុំ​នៅ​ពន្ធនាគារ។

ករណី​​ញុះ​ញង់​កុំ​ឲ្យយោធិន​ស្ដាប់​បង្គាប់​ ត្រូវ​បាន​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​ប្តឹង​លោក​ សម រង្ស៊ី​ ក្រោយ​ពេល​លោក​បាន​អំពាវនាវ​តាម​ហ្វេសប៊ុក​របស់​លោក​ ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ឈប់​ស្ដាប់​បង្គាប់​មេដឹកនាំ​របស់​ពួក​គេកាល​ពី​ថ្ងៃទី​ ៥ ធ្នូ ឆ្នាំ ២០១៧ ​ដោយ​លោក​ថ្លែង​ថា៖ «​សូម​​ក​ងកម្លាំង​​ប្រដាប់​អាវុធ ​ពល​ទាហាន ​និង​​នគរបាល​កុំ​ធ្វើ​​តាម​បញ្ជា​ពី​មេ​ដឹកនាំ​ផ្តាច់ការ​បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ និង​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់»។

ចំពោះ​បទ​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រវិញ​ ​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជា​ឲ្យ​អយ្យការ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ចំពោះ​ការ​​អះអាង​របស់​លោក សម ​រង្ស៊ី ដែល​ថា លិខិត​ព្រះមហាក្សត្រ​ ដែល​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ គឺ​ជា​លិខិត «​ក្លែង​ក្លាយ» ​ឬ​ត្រូវ​ធ្វើ​ឡើង «ក្រោម​ការ​គំរាម​កំហែង»។

លោក ​ឈុំ​ សុជាតិ អ្នក​នាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា លោក​មិន​មាន​យោ​បល់​អ្វី​ទេ ស្រេច​តែ​លើ​តុលាការ​ជា​អ្នក​សម្រេច​ទៅ​ចុះ។​

លោក វង្ស ភក្តី មេធាវី​តំណាង​ដើម​បណ្ដឹង​គឺ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ក៏​ដូច​ជា ​លោក​ សំ​ សុគង់ ដែល ការពារក្តី​លោក​ សម រង្ស៊ី ក្នុង​សំណុំ​រឿង​ញុះ​ញង់កង​ទ័ព មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​​ ២២ ខែ​ មេសា ​លោក វង្ស​ ភក្តី បាន​ស្នើ​សុំ​ឲ្យ​តុលាការ​កាត់​ទោស​លោក​ សម ​រង្ស៊ី ក្នុង​កម្រិត​អតិបរមា ស្របពេល​ដែល ​លោក សំ សុគង់ បាន​ស្នើ​សុំ​ឲ្យ​តុលា​ការ​ទម្លាក់​បទ​ចោទ ដោយ​អះអាង​ថា​ លោក ​សម ​រង្ស៊ី គ្រាន់​តែ​អំពា​វនាវ​ឲ្យ​កង​ទ័ព​កុំ​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ប៉ុណ្ណោះ។

លោក ​សម ​រង្ស៊ី​ បានថ្លែង​តាមអុីមែលកាល​ពី​ម្សិលមិញថា​៖ «​​វា​ជា​កិត្តិយស​​ដែល​ត្រូវ​បាន​កាត់​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​ធ្ងន់​ធ្ងរ​​ក្រោមប្រទេស​ផ្តាច់​ការ​​ចំពោះ​ការ​ធ្វើ​សកម្មភាព​នយោបាយ​​ដោយ​សន្តិវិធី​។ វា​បានបង្ហាញ​ថា អ្នក​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរី​ភាព​ពិត​ប្រាកដ»៕