ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ពី​គម្រោង​ធ្វើ​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP) និង​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ក្នុង​សង្កាត់​ទឹកល្អក់​ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដើម្បី​សម្រួល​ចរាចរណ៍​ ខណៈ​មន្រ្ដី​ជំនាញ​មក​ពី​ក្រសួង​សាធារណការ និង​​មន្ត្រី​សាលារាជធានី​កំពុង​សិក្សា​លម្អិត​​មុន​នឹង​ស្ថាបនា​ក្នុង​ពេល​ឆាប់ៗ​នៅ​ឆ្នាំ​​នេះ​​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ផែនការ​ស្ថាបនា​ផ្លូវ​នេះ​គឺ​ដើម្បី​រំដោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​របស់​សិស្ស-និស្សិត​ និង​ពលរដ្ឋ​ព្រោះ​ចំណុច​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសា​បរទេស​ (IFL) នាពេល​បច្ចុប្បន្ន​មាន​ការកក​ស្ទះ​ជា​ខ្លាំង​។

លោក​ថ្លែង​ថា​៖ «យើង​មិនទាន់​អាច​បង្ហាញ​ពី​ថវិកា​សរុប និង​រយៈពេល​ជាក់​លាក់​ក្នុង​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ​បាន​នៅ​ឡើយទេ។​ គ្រាន់​តែ​ក្នុង​ជំហាន​ដំបូង​យើង​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​បាន​ដឹង​ជាមុន​ថា​ យើង​នឹង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​នេះ​។ ប៉ុន្ដែ​បច្ចុប្បន្ន​មន្រ្ដី​ជំនាញ​យើង​កំពុង​សិក្សា​លម្អិត​លើ​គម្រោង​ស្ថាបនា​ផ្លូវ​នេះ​នៅ​ឡើយ​។ យើង​នឹង​ខិតខំ​ឱ្យ​មាន​ការស្ថាបនា​ផ្លូវ​នេះ​ក្នុង​ពេល​ឆាប់ៗ​»។

លោក មាសភក្ដី បាន​ឱ្យ​ដឹង​ថា គម្រោង​នេះ​គឺ​មន្រ្ដី​ជំនាញ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​មន្រ្ដី​ជំនាញ​របស់​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​សិក្សា​ក្នុង​នោះ​ក៏មាន​ការជួប​ពិភាក្សា​ជាមួយ​ក្រុម​និស្សិត​ជំនាញ​ផ្នែក​សំណង់​ស៊ីវិល និង​រចនាប័ទ្ម​នៅ​​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផង​ដែរ​ ដើម្បី​ទទួល​យក​មតិ​ និង​ការ​ឱ្យ​យោបល់​របស់​និស្សិត​។

លោក​បញ្ជាក់​ថា​៖ «ថវិកា​នៃ​ការស្ថាបនា​ផ្លូវ​ក្រោម​ដីនេះ ជាថវិកា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាថវិកា​របស់​រដ្ឋ​។ ​ប៉ុន្ដែ​យើង​មិន​ទាន់​អាច​បង្ហាញ​ពី​ចំនួន​សរុប​សម្រាប់​ចំណាយ​នេះ​បានទេ​»។

កាលពី​ថ្ងៃ​ទី ៩ ខែ​មករា​លោក ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​ដើម្បី​ពិភាក្សា​លើ​គម្រោង​នៃ​ការស្ថាបនា​ផ្លូវ​ក្រោម​ដីនេះ​។

បើ​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ទាំង​នេះ ​គឺ​ដើម្បី​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​សិស្សនិស្សិត​ដែល​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ព្រម​ទាំង​បញ្ចៀស​ការកក​ស្ទះ​ចរាចរណ៍​ផង​ដែរ ហើយ​បើ​តាម​គម្រោង​នឹង​ចាប់​ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

លោក គីម គង់ សាស្រ្ដាចារ្យ​ផ្នែក​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សាទរ​ចំពោះ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោមដីនេះ។ ប៉ុន្ដែ​លោក​លើក​ទឹកចិត្ដ​ឱ្យ​សិក្សា​ពី​ផលប៉ះពាល់​ឱ្យ​បាន​ហ្មត់ចត់​មុន​ពេល​ការស្ថាបនា​ចាប់ផ្ដើម។

លោក​បាន​បញ្ជាក់​ថា​៖ «ក្នុង​ការងារ​អភិវឌ្ឍ​ផ្លូវ​ក្រោម​ដី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​​គឺជា​សមិទ្ធផល​មួយ​ល្អ​មែនទែន​សម្រាប់​សង្គម​ជាតិ​យើង​។ នៅ​ទីតាំង​ដែល​គ្រោង​ស្ថាបនា​នេះ​កន្លង​មក​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ ព្រោះ​កត្ដា​កំណើន​និស្សិត​ និង​យានយន្ដ​ ពិសេស​នៅ​ម៉ោង​សិស្ស​ចេញ-ចូល​រៀន​គឺ​មាន​ការ​កកស្ទះ​ខ្លាំង​» ៕