ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​កងកម្លាំង និង​វិធានការ​ផ្សេងៗ​ទុកជាមុន ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ព្រះរាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះខែ ដែល​គ្រោង​ធ្វើ​ឡើង​រយៈពេល ៣ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១០ ទី​ ១១ ​និង​ទី​ ១២ ខែវិច្ឆិកា​ខាងមុខ​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ដើម្បីឱ្យ​ពិធីបុណ្យ​អុំទូក​ធានាបាន​នូវ​ភាពឱឡារិក និង​សប្បាយរីករាយ បញ្ហា​សន្តិសុខ​ក៏ត្រូវ​បាន​ធានា​ជាមួយ​គ្នា​ដែរ ហើយ​ក្នុង​កម្រិតណា​នោះ​គឺជា «​ការងារ​សន្តិសុខ​ផ្ទៃក្នុង​»​។

លោក​ថ្លែង​ថា​៖ «​គឺ​យើង​រៀបចំ​ទាំង​កងកម្លាំង ទាំង​មធ្យោបាយ ដើម្បី​នឹង​កសាង​ផែនការ​ចែកជា​តំបន់ កន្លែង​ណា​មនុស្ស​ច្រើន​។ ការពារ​របៀប​ម៉េច​? កន្លែង​ណា​មនុស្ស​តិច​នៅក្នុង​ភូមិសាស្ត្រ​កណ្តាល​ក្រុង​របៀប​ម៉េច​? ភូមិសាស្ត្រ​នៅ​ជាយក្រុង​របៀប​ម៉េច​។ ភូមិសាស្ត្រ​នៅ​តាម​ច្រក​សម្រាប់​ចេញចូល​ទាំង​ ៦ ​ផ្លូវជាតិ​របស់​យើង​ទាំង​សន្តិសុខ​ផង ទាំង​ចរាចរណ៍​ផង របៀប​ម៉េចៗ​។ យើង​កំពុង​គិតគូរ​បញ្ហា​ទាំងអស់​ហ្នឹង​ហើយ​»​។

លោក​បាន​បន្តថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធានា​ចុះ អត់​ពិបាក​អី​ទេ​។ យើង​សប្បាយ​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​របស់​យើង ប្រពៃណី​របស់​យើង​ទៅ​»​។

កាលពី​ថ្ងៃ​ចន្ទ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ពិធីបុណ្យ​អុំទូក​ដែល​មាន​ការចូលរួម​ពី​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ ​មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​ហ្វេសប៊ុក​សាលា​រាជធានី​ភ្នំពេញ​ដែល​បង្ហោះ​កាលពី​ថ្ងៃ​ចន្ទ​។

លោក មាសភក្តី បន្ថែម​ថា​ក្រោយពី​ឧប្បត្តិហេតុ​រត់​ជាន់គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​កាលពី​ឆ្នាំ​ ២០១០ មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដកស្រង់​បទពិសោធ​នេះ និង​យកទៅ​គិតគូរ​បន្ថែម ដើម្បី​ឱ្យ​មាន​ភាព​កាន់តែ​លម្អិត និង​ច្បាស់លាស់​ទៅ​លើ​ប្រព័ន្ធ ឬ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​សប្បាយ​នៅក្នុង​ពិធីបុណ្យ​នេះ​។

លោក​ថ្លែងថា​៖ «​ចុះ​បងប្អូន​របស់​យើង លោក​ត្រូវធ្វើ​យ៉ាងម៉េច​ក្នុង​ការចូលរួម​លើ​បញ្ហា​សន្តិសុខ​ហ្នឹង​។ ទី​១ បើ​ករណី​មាន​ការជួបប្រទះ​សង្ស័យ​អ្វី សមត្ថកិច្ច​របស់​យើង​ច្រើន​ណាស់​ដែល​យើង​ពង្រាយ​នៅក្នុង​ពិធី​។ អ៊ីចឹង​លោក​គ្រាន់តែ​ជួយ​ជូនដំណឹង​មក​។ សមត្ថកិច្ច​លោក​ឃើញ​លោក​ចាត់វិធានការ​»​។ អ្នកនាំពាក្យ​រូបនេះ​រំពឹង​ថា ឆ្នាំនេះ​ប្រជាពលរដ្ឋ​នឹង​មក​ចូលរួម​កម្សាន្ត​ពិធីបុណ្យ​នេះ​គគ្រឹកគគ្រេង និង​អធិកអធម​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​បញ្ហា​សណ្តាប់ធ្នាប់ និង​ការថែរក្សា​សន្តិសុខ គឺជា​រឿង​សំខាន់​ដែល​អាជ្ញាធរ​ត្រូវតែ​គិត​មុន​គេ ហើយ​រឿង​ដែល​ខ្វល់ខ្វាយ​សំខាន់​ជាង​គេ​គឺ​ភាពចង្អៀត​ណែន​។ អាជ្ញាធរ​ត្រូវតែ​មាន​វិធានការ​ទាន់​ពេលវេលា គឺ​ត្រូវ​ធ្វើ​យ៉ាងម៉េច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​ជាក់ស្តែង​ដែល​មិន​ធ្វើឱ្យ​មាន​ចលាចល​។

លោក​បាន​បញ្ជាក់ថា​៖ «​កងកម្លាំង​សមត្ថកិច្ច​ហ្នឹង ធ្វើ​យ៉ាងណា​គឺ​ដាក់ពង្រាយ ហើយ​និង​ធ្វើ​ប្រតិកម្ម​ឱ្យបាន​ទាន់ពេលវេលា​ដែរ ហើយ​និង​មាន​មេក្រូ​ដែល​អាច​ប្រកាស​បញ្ជាក់​ពី​ភាពអាសន្ន​ថា អ៎​! រឿង​ដែល​កើតឡើង​ហ្នឹង​វា​អត់​មាន​ទេ​។ កុំ​ជ្រួលច្របល់​អី​!»​។

លោក យ៉ង់ គិមអេង បន្ត​ថា​ចំពោះ​បញ្ហា​ចោរលួច ចោរឆក់ ក៏​ត្រូវមាន​កម្លាំង​សមត្ថកិច្ច​ដើម្បី​ជួយ​ឃ្លាំមើល​ផងដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មក​ចូលរួម​ពិធីបុណ្យ​នេះ​ដោយ​សុខសាន្ត​ដោយ​មិន​មាន​ក្តីបារម្ភ​។

លោក​បន្តថា ក្រៅពី​នេះ​សមត្ថកិច្ច​ក៏ត្រូវ​ឃ្លាំមើល​ផង​ដែរ​នូវ​សន្តិសុខ​នៅ​មូលដ្ឋាន​ជាក់ស្តែង ខណៈ​ដែល​ប្រជាពលរដ្ឋ​មិនបាន​នៅ​ផ្ទះ ដោយ​នាំគ្នា​មក​ចូលរួម​សប្បាយ​ក្នុង​ពិធីបុណ្យ​នេះ​។ «​ផ្ទះ​របស់​ពួកគាត់​ច្រើន​តែ​ឮថា​ត្រូវ​បាន​ចោរលួច​គាស់​ផ្ទះ និង​កាត់​សោ​ផ្ទះ​ជាដើម​»៕