សៀមរាប: ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដោយ​គាំទ្រ​ពី​មូលនិធិ​ជប៉ុន​សម្រាប់​សមា​ហរណ​កម្ម​អាស៊ាន (Japan-ASEAN Integration Fund-JAIF 2.0) បាន​រៀបចំ​សិក្ខា​សាលា​មួយក្រោម​ប្រធាន​បទ «ការ​លើក​កម្ពស់​កិច្ច​ប្រឹង​ប្រែង​តាម​តំបន់​ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​តាមរយៈ​វិធីសាស្ត្រ​ចម្រុះ» ដើម្បី​ដោះស្រាយ​និង​លុប​បំបាត់​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ក្នុង​តំបន់​ឲ្យ​មាន​ប្រសិទ្ធភាព។

សិក្ខាសាលា​នេះ ត្រូវធ្វើឡើង​រយៈពេល ២ ថ្ងៃ​ចាប់ពី​ថ្ងៃទី ២២-២៣ មេសា នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូលរួម​ពី​ឥស្សរ​ជន​សំខាន់ៗ​ក៏​ដូចជា​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល ARMAC លោក​អភិបាល​រង​ខេត្ត​សៀមរាប និង​គណៈ​ប្រតិភូ​ជាង ១០០ នាក់​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ តំណាង​មកពី​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន។

លោក កាន់ ផា​រិ​ទ្ធ រដ្ឋ​លេខា​ធិ​ការ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដែល​ជា​តំណាង​កម្ពុជា និង​ជា​អនុ​ប្រធាន​នៃ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​របស់​មជ្ឈមណ្ឌល ARMAC បាន​ថ្លែង​ថា សិក្ខា​សាលា​នេះ​មាន​គោល​បំណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​នៅ​ក្នុង​អាស៊ាន​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​យ៉ាង​ពេញ​លេញ​នៃ​មជ្ឈមណ្ឌល ARMAC សំដៅ​លើក​កម្ពស់​កិច្ច​​សហ​ប្រតិបត្តិការ​ក្នុង​ចំណោម​អង្គការ​តំបន់ និង​អន្តរជាតិ​ពាក់ព័ន្ធ​នានា​ដោះស្រាយ និង​លុប​បំបាត់​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​តំបន់។

លោក​បាន​បន្តថា កម្មវិធី​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​ឲ្យ​កាន់​តែ​ប្រសើរ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ស្តីពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន និង​ការ​ផ្តល់​វេទិកា​សម្រាប់​ការ​សន្ទនា និង​ចែក​រំលែកមេរៀន​ដែល​ទទួលបាន និង​ការអនុវត្ត​ល្អ​បំផុត​ដើម្បី​យល់ដឹង​កាន់​តែ​ប្រសើរ​អំពី​ការ​សម្រប​សម្រួល​ក្នុង​តំបន់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង ការ​ដោះស្រាយ​បញ្ហា។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​ជឿថា​ប្រធានបទ​នៃ​ការពិភាក្សា​ទាំងអស់​មាន​ជាប់​ទាក់ទង​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​នឹង​គោល​បំណង​របស់ ARMAC និង​ការ​ប្តេជ្ញា​ចិត្ត​របស់​អាស៊ាន​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព មនុស្សធម៌ សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។

លោក នង សាកល អនុ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ថា កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​សមិទ្ធផល បទពិសោធ ក៏ដូចជា​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។

លោក​បន្តថា សិក្ខាសាលា​នេះ បានរួម​ចំណែក​បន្ថែម​ទៀត ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​យូរអង្វែង​តាមរយៈ​ការ​ភ្ជាប់​ទំនាក់​ទំនង​យ៉ាង​សកម្ម​រវាង​អាស៊ាន​និង​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន។

លោក នង សាកល បញ្ជាក់ថា៖ «ខ្ញុំ​ថា ARMAC គឺជា​អង្គភាពក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​អាស៊ាន។ គ្រប់គ្នា​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​មាន​កម្មសិទិ្ធ​របស់ ARMAC។ ដូច្នេះ​ខ្ញុំ​ឆ្លៀត​ឱកាស​នេះ ដើម្បី​លើក​ទឹកចិត្ត​ដល់​ការ​ចូលរួម​និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ និង​ដៃគូ​សន្ទនា​របស់​អាស៊ាន​និង​ភាគី​ខាង​ក្រៅ​ចំពោះ​បុព្វហេតុ​បេសកកម្ម​របស់ ARMAC និង​និរន្តរភាព»។

លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គ​លេខាធិការ​អាជ្ញាធរ​មីន​បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Cristian Munduate ប្រធាន​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ១០ ខែ​មេសា​ថា ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​រួម​ជាមួយ​ដៃគូ​អភិវឌ្ឍ​បាន​ឆ្លើយ​តប​យ៉ាង​សកម្ម​ចំពោះ​តម្រូវការ​ផ្នែក​មនុស្ស​ធម៌ និង​ការ​អភិវឌ្ឍ​ដោយ​ធ្វើការ​បោស​សម្អាត​ផ្ទៃដី​មាន​មីន​ជាច្រើន​ម៉ឺន​ហិកតា​ជូន​ដល់​សហគមន៍​មូលដ្ឋាន។

លោក​បានស្នើ​សុំ​ឲ្យ​អង្គការ UNICEF បង្កើន​កិច្ចសហការ​បន្ថែម​ទៀត​ជាមួយ​អាជ្ញាធរ​មីន​ពិសេស​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា​សម្រាប់​គាំទ្រ​ដល់​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​នៅ​កម្ពុជា។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​ចុះ​ថ្ងៃទី ១៥ ខែ មីនា​ ឲ្យ​ដឹងថា ថ្មីៗ​នេះ​អត្រា​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​មីន និង​គ្រាប់​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ចាប់​ពី​ខែ​មករា ដល់​ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ មាន​ជន​រង​គ្រោះ​ស្លាប់ ពិការ និង​របួស​ដោយសារ​គ្រាប់មីន​សរុប​ចំនួន ៤៤ នាក់ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​នៅ​ខេត្ត​ឧត្តរ​មានជ័យ បាត់ដំបង រតនគិរី ត្បូងឃ្មុំ និង​ខេត្ត​មួយ​ចំនួន​ទៀត៕