ភ្នំពេញ: យ៉ាងហោចណាស់មានសិស្សដែលបានចូលប្រឡងបាក់ឌុបកាលពីខែសីហាចំនួន ៥០០ នាក់បានប្ដឹងក្នុងរយៈពេល ២ ថ្ងៃ ដើម្បីជំទាស់នឹងលទ្ធផលដែលក្រសួងអប់រំបានប្រកាសនៅក្នុងខែកញ្ញានេះ ខណៈសិស្សមួយចំនួនកំពុងបន្តដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត។ នេះបើយោងតាមលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ។
ក្រសួងអប់រំបានប្រកាសបើកចំហកាលពីថ្ងៃទី ៩ និង ១០ ខែកញ្ញាដល់សិស្សដែលមិនពេញចិត្តលទ្ធផលប្រឡងព្រោះសង្ស័យថាធ្លាក់ដោយមានភាពមិនប្រក្រតី ហើយផ្ទុះការតវ៉ាទើបក្រសួងបើកទទួលពាក្យបណ្ដឹងពីសិស្សក្នុងរយៈពេល ៣០ ថ្ងៃ។
លោក ខាំបូលី បានថ្លែងកាលពីព្រឹកថ្ងៃពុធម្សិលមិញថា គណៈកម្មការកោសល្យវិច័យនៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលប្រឡងនេះហើយ។
លោកបន្ដថា៖ «មកដល់ម៉ោងប្រហែល ៣ រសៀលថ្ងៃពុធនេះក្រសួងអប់រំបានទទួលពាក្យបណ្ដឹងប្រមាណជាង ៥០០ ពាក្យបណ្ដឹងហើយពីបេក្ខជននៅទូទាំងប្រទេស»។
លោកបានបន្ថែមថា៖ «សម្រាប់គណៈកម្មការកោសល្យវិច័យនឹងចាប់ផ្ដើមធ្វើការងារចាប់ពីថ្ងៃនេះ (ថ្ងៃពុធ ទី ១២ ខែកញ្ញា) តទៅហើយក្នុងរយៈពេល ១ សប្ដាហ៍នឹងមានលទ្ធផលបឋមមួយចំនួន ដើម្បីជូនបេក្ខជន និងសាធារណជនឲ្យបានដឹងអំពីអ្វីជាលទ្ធផលដែលគណៈកម្មការរកឃើញ»។
យុវសិស្ស វង្ស សារ៉ាវុធ ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ សុវណ្ណភូមិ ២ រាជធានីភ្នំពេញដែលជាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះនៅមណ្ឌលប្រឡង វិទ្យាល័យឥន្ទ្រទេវីបានមកដាក់ពាក្យប្ដឹងនៅក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃពុធម្សិលមិញបានថ្លែងថា រូបគេមិនអស់ចិត្ដចំពោះលទ្ធផលដែលទទួលបានពីការប្រឡងបាក់ឌុបនេះ ព្រោះរូបគេបានធ្លាក់ចំមុខវិជ្ជាដែលទុកចិត្ដជាងគេ។
យុវជន សារ៉ាវុធ និយាយថា៖ «ពេលប្រកាសលទ្ធផលដំបូងឃើញធ្លាក់មុខវិជ្ជាគណិតវិទ្យា ខ្ញុំគិតថាប្រហែលជាខ្ញុំបានបង្កើតកំហុសអ្វីមួយក្នុងពេលប្រឡងរបស់ខ្ញុំ ប៉ុន្ដែក្រោយពេលដែលខ្ញុំបានផ្ទៀងផ្ទាត់ជាមួយអត្រាកំណែដែលបានបង្ហោះដោយក្រសួងអប់រំផ្ទាល់រួមផ្សំជាមួយលោកគ្រូអ្នកគ្រូគាត់បាននិយាយប្រាប់ខ្ញុំថែមទៀតលទ្ធផលនេះ ខ្ញុំមិនអាចទទួលយកបានទេ»។
យុវជនរូបនេះបានអះអាងថាកាលពីរៀននៅក្នុងសាលា គេជាសិស្សម្នាក់ដែលពូកែទៅលើមុខវិជ្ជាគណិតវិទ្យាជាងមុខវិជ្ជាដទៃទាំងអស់។
យុវជន សារ៉ាវុធ បានថ្លែងថា៖ «បើទាក់ទងជួយអាហារូបករណ៍នៅក្នុងប្រទេសមានអាហារូបករណ៍មួយចំនួនបានចាប់ផ្ដើមទទួលសិស្សរួចទៅហើយ ចំណែកឯការដាក់អាហារូបករណ៍របស់ខ្ញុំទៅក្រៅប្រទេសគឺទៅប្រទេសជប៉ុនក៏នឹងមានផលប៉ះពាល់ផងដែរ ដែលនឹងត្រូវឆ្លងកាត់វគ្គសម្ភាសន៍នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ។ អ៊ីចឹងបើលទ្ធផលរបស់ខ្ញុំ មុខវិជ្ជាគណិតនៅតែធ្លាក់លទ្ធផលរបស់ខ្ញុំប្រហែលជាអាចបាត់បង់ឱកាសអាហារូបករណ៍មួយនេះ»។
យុវជនរូបនេះបន្ដថា៖ «បើតាមរាល់ឆ្នាំ អ្វីដែលខ្ញុំឮគឺមិនសូវទទួលបានលទ្ធផលតាមអ្វីដែលពួកគេស្នើសុំទេ ប៉ុន្ដែឆ្នាំនេះខ្ញុំគិតថាក្រសួងប្រហែលជាធ្វើការងារជាងរាល់ឆ្នាំ ដោយសារកំហុសបែបនេះកើតឡើងច្រើនកន្លែង»។
យុវសិស្ស ចាន់ ផាន់ណារ៉ា មកពីវិទ្យាល័យអង្គស្នួល ខេត្ដកណ្ដាលបានមកដាក់ពាក្យបណ្ដឹងដែរនោះបានថ្លែងថា៖ «ខ្ញុំធ្លាក់មុខវិជ្ជាគណិតវិទ្យាដែលមិនអាចទទួលយកបាននិទ្ទេសផ្សេងៗខ្ញុំជាប់ B និង C ៗ ដល់ពេលធ្លាក់មុខវិជ្ជាគណិតនាំឲ្យលទ្ធផលសរុបតែម្ដងទាញមកឲ្យខ្ញុំបាននិទ្ទេស E»។
យុវជន ផាន់ណារ៉ា ក៏បានអះអាងដូចគ្នាដែរថា រូបគេជាសិស្សពូកែគណិត និងចំណាយពេល ១ ថ្ងៃ ៤-៥ ម៉ោង ដើម្បីសិក្សាលើមុខវិជ្ជានេះតាំងពីដើមរហូតមក។ គួរបញ្ជាក់ថារហូតមកដល់រសៀលថ្ងៃទី ១២ ខែកញ្ញាម្សិលមិញមានបេក្ខជនប្រឡងបាក់ឌុបជាច្រើននាក់បានបន្តប្រមូលផ្តុំគ្នាមកដាក់ពាក្យប្ដឹងនៅក្រសួងអប់រំ យុវជន និងកីឡា។
ការប្រមូលផ្តុំតវ៉ារបស់សិស្សនេះបានផ្ដើមកើតឡើងតាំងពីរសៀលថ្ងៃចន្ទ ទី ១០ ខែកញ្ញាមកម្ល៉េះ។ ដើម្បីដោះស្រាយបញ្ហានេះក្រសួងអប់រំកំពុងបន្តទទួលបណ្តឹងតវ៉ារបស់សិស្ស និងបង្កើតគណៈកម្មការកោសល្យវិច័យដឹកនាំដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំក្នុងការដោះស្រាយលើបណ្តឹងទាំងនេះ៕