ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ពី​ម្សិលមិញ​ថា​ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់ មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប​ឆ្នាំ​នេះ​កើនឡើង​ជាង​ ១ ​ភាគរយ​ ច្រើន​ជាង​កាលពី​ឆ្នាំមុន​នោះ គឺ​មិនមែន​មកពី​ការបន្ធូរបន្ថយ​ការប្រឡង​នោះទេ​។ សិស្ស​បាន​ខិតខំ​ប្រឹងប្រែង​រៀន​តាំងពី​ក្រោម​ទៅ មិនមែន​ចាំ​ដល់​ថ្ងៃ​ជិត​ប្រឡង​ទើប​ពួកគេ​ខំប្រឹងប្រែង​រៀន​នោះទេ​។

ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ចំនួន​ ៤៤៣ ​នាក់​ កាលពី​ថ្ងៃ​ចន្ទ នា​វិមាន​សន្តិភាព លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ថា ការពង្រឹង​គុណភាព​ប្រឡង​បាក់ឌុប​នៅតែ​បន្ត ហើយ​ការកែទម្រង់​ការប្រឡង​បាន​ជះឥទ្ធិពល​ប្រតិសកម្ម​យ៉ាងខ្លាំង​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​សិស្ស​។

សិស្ស​ប្រឡង​ជាប់​ចំនួន​ជាង​ ៦៨ ​ភាគរយ​នេះ ​ច្រើន​ជាង​ឆ្នាំ​មុន​ដែល​មាន​ជាង​ ៦៧ ​ភាគរយ​នោះ​ គឺ​អាច​ចាត់ទុក​ថា​ជាការ​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​គ្រូបង្រៀន មាតាបិតា អាណាព្យាបាល និង​ជាពិសេស​សិស្សានុសិស្ស​ផ្ទាល់​។ ឪពុកម្តាយ​បារម្ភ​ខ្លាច​កូន​របស់​ខ្លួន​ប្រឡង​ធ្លាក់​ទើប​ជំរុញ​ឱ្យ​កូន​ប្រឹងប្រែង​រៀនសូត្រ​តាំងពី​ដើមទី​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ការកើនឡើង​នេះ​មិនមែន​បានន័យថា ស្ទូច​ពិន្ទុ​នោះទេ​។ ស្តង់ដា​ប្រឡង​កម្រិត​ស្អីៗ​គឺ​នៅ​ដដែល​។ ក៏ប៉ុន្តែ​ចំនួន​សិស្ស​ដែល​ពូកែ ហើយ​ប្រឡង​ចូល​ដល់​កម្រិត​អាត្រូវ​ជាប់​នោះ​គឺ​មាន​ចំនួន​ជាង​ ១ ​ភាគរយ​»​។

លោក​បន្តថា បន្ទាប់ពី​កំណែទម្រង់​ប្រឡង​បាក់ឌុប​ឆ្នាំ​ដំបូង​គឺ​ឆ្នាំ​ ២០១៤ ការប្រឡង​បាក់ឌុប​ធ្វើ​ឡើង​ ២ ​ដង​។ ការប្រឡង​លើក​ទី​ ១ ​មាន​សិស្ស​ជាប់​តែ​ ២៥ ​ភាគរយ ​ដែល​មាន​ចំនួន​តិច​ណាស់ ហើយ​ប្រឡង​លើក​ទី​ ២ ​មាន​អ្នក​ជាប់​តែ​ ១៧ ​ភាគរយ​ហើយ​សិស្ស​មាន​និទ្ទេស A តែ​ ១១ ​នាក់​ប៉ុណ្ណោះ​។

ក្នុង​ឆ្នាំ​ ២០១៥ សិស្ស​ប្រឡង​ជាប់​មាន​ ៥៥ ​ភាគរយ​ ដែល​មាន​និទ្ទេស A ១០៨ ​នាក់​។ ឆ្នាំ​ ២០១៦ កើនឡើង​ដល់​ ៦២ ​ភាគរយ​ដែល​និទ្ទេស A កើន​ដល់​ ៤០៥ ​នាក់​។ ឆ្នាំ​ ២០១៧ មាន ៦៣ ​ភាគរយ​ ដែល​និទ្ទេស A មាន ៤២៤ ​នាក់​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨ ដែលមាន​ ៦៧ ​ភាគរយ ​នៃ​សិស្ស​ប្រឡង​ជាប់​ច្រើន​ជាង​ឆ្នាំមុន បែរ​ជា​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ធ្លាក់​មក​នៅត្រឹម​ ៤០៨ ​នាក់​ទៅវិញ​។

លោក​ ហ៊ុន សែន ក៏បាន​ផ្តល់ជូន​សិស្ស​និទ្ទេស A ទាំង​ ៤៤៣ ​នាក់ ​ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ២ ​លាន​រៀល សៀវភៅ​អប់រំ​ទូន្មាន​ ២ ​ក្បាល​ ដែល​ជា​សៀវភៅ ភិរម្យ អ៊ូ (​ក្រម ង៉ុយ​) ​និង​បណ្ឌិត អ៊ូ ចុង iPad ១ ​គ្រឿង កាក់​ស្លឹង​ខ្មែរ​ដែល​បោះពុម្ព​ឆ្នាំ​ ១៥១៤ និង​បាន​ស្រាវជ្រាវ​យក​ពី​ប្រទេស​ ហូឡង់​ មកវិញ​ចំនួន​ ១ និង​កាក់​មាស​ដែល​ជា​ព្រះរាជអំណោយ​របស់​ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ ១ ​។ នេះ​បើ​តាម​ការប្រកាស​ក្នុង Facebook របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​។

សិស្ស​ប្រឡង​ជាប់​បាក់ឌុប និទ្ទេស A ចូលជួប​លោក​ ហ៊ុន សែន ពី​ម្សិលមិញ នា​វិមាន​សន្តិភាព​។ រូបថត SPM

លោក​ រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សិស្ស​និទ្ទេស A ក៏​ទទួល​បាន​ក្រដាសប្រាក់​ថ្មី​ ១៥ ០០០ ​រៀល​ ២ ​សន្លឹក​ម្នាក់​ផងដែរ​។ ក្រៅពី​នេះ​សិស្ស​និទ្ទេស A បាន​ទទួល​ឱកាស​អាហារូបករណ៍​តាមរយ:​ក្រសួង​អប់រំ និង​ប្រភព​ផ្សេងៗ​។

លោក​ថ្លែង​ថា​៖​ «​នៅតាម​ខេត្ត​នានា​ក៏មាន​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ទៅតាម​គណៈ​គ្រប់គ្រង​ខេត្ត​នីមួយៗ​។ ឧទាហរណ៍ ខេត្ត​ខ្លះ​គាត់​មាន​ជូន​ម៉ូតូ​។ ខេត្ត​ខ្លះ​គាត់​មាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៅតាម​ខេត្ត​នីមួយៗ​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ថ្នាក់ដឹកនាំ​ត្រូវតែ​មាន​តួនាទី​គ្រប់​បែប​យ៉ាង​ក្នុងការ​លើកទឹកចិត្ត​ដល់​យុវជន និង​ត្រូវតែ​រក​ការងារ​ល្អៗ​ដល់​យុវជន ហើយ​យុវជន​ត្រូវតែ​មាន​ចំណេះដឹង​មួយ​ទៀត​។

លោកស្រី អ៊ុក ឆាយ៉ាវី បាន​ថ្លែងថា​៖ «​សំខាន់​នោះ​ត្រូវ​តែ​ធ្វើយ៉ាងណា​ឱ្យ​សិស្សានុសិស្ស​ស្រឡាញ់​ប្រទេស​ជាតិ​ខ្លួនឯង​។ កុំឱ្យ​គ្រាន់តែ​ថវិកា​ប៉ុណ្ណឹង គាត់​អត់​បាន​យកចិត្ត​ទុកដាក់​ដល់​ប្រទេសជាតិ​ខ្លួនឯង​»​។

ការប្រឡង​បាក់ឌុប​ឆ្នាំ​ ២០១៩ ធ្វើឡើង​ ២ ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ ១៩ ​ដល់​ ២០ ខែ​សីហា ដែល​មាន​បេក្ខជន​ជិត​ ១២០ ០០០ ​នាក់​ហើយ​អ្នក​ដែល​ប្រឡង​ជាប់​មាន​ជិត​ ៨០ ០០០ ​នាក់​។ បន្ទាប់ពី​ប្រកាស​លទ្ធផល​ ១ ​ថ្ងៃ​ទាំង​សិស្ស​ប្រឡង​ធ្លាក់ និង​ជាប់​ប្រមាណ​ជាង​ ១៥០ នាក់​ បាននាំគ្នា​មក​តវ៉ា​នៅ​ក្រសួង អប់រំ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ពិនិត្យ​លទ្ធផល​ឡើងវិញ​ដើម្បី​ឱ្យបាន​លទ្ធផល​ជាប់ និង​និទ្ទេស​កើនឡើង​។ ក្រោយមក​ក្រសួង​បាន​បញ្ចប់​ការដោះស្រាយ​នូវ​ការតវ៉ា​របស់​បេក្ខជន​ដោយ​រក្សា​លទ្ធផល​ដូចដើម​៕