ព្រះសីហនុៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក​មេនូហ្វេកឈ័រ ដែល​ម្ចាស់​ឈ្មោះ​ សួន ឡុក ជនជាតិ​ខ្មែរ​បាន​នាំ​ត្រឡប់​នូវ​កុងតឺន័រ​ដឹក​សំរាម​ចំនួន​ ១៤ ទូ ទៅ​ប្រទេស​ដើម​វិញ និង​បាន​បង់ប្រាក់​ពិន័យ​ដល់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​ក៏​បាន​សុំ​ពន្យារពេល​ក្នុង​ការដឹក​កុងតឺន័រ​ដែល​នៅ​សេសសល់​រហូត​ដល់​ខែ​តុលា​។

សេចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់ថា គិត​មក​ដល់​ថ្ងៃ ២៣ សីហា ​ក្រុមហ៊ុន ជុងយៀន ដែល​នាំចូល​សំរាម​ចំនួន ៨៣ ទូ​កុងតឺន័រ​ បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកា​ជាតិ​គ្រប់​ចំនួន​ព្រម​ទាំង​បាន​បង់ថ្លៃ​ចំណត​ផែ និង​ថ្លៃ​កប៉ាល់​មួយ​ចំនួន​។ ជាមួយ​នឹង​ការបង់ប្រាក់​ពិន័យ​នេះ​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ដឹក​ជញ្ចូន​កាកសំណល់​ប្លាស្ទិក​ទាំងនេះ​ចេញ​ពី​កម្ពុជា​ចំនួន​ ១៤ កុងតឺន័រ​ កាលពី​ថ្ងៃទី​ ២០ សីហា​កន្លង​ទៅ​។

អគ្គនាយកដ្ឋាន​គយ​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​កប៉ាល់​ដឹក​ជញ្ចូន​តាមផ្លូវ​សមុទ្រ​បាន​ជួប​បញ្ហា​មួយ​ចំនួន​រួមមាន អាកាសធាតុ មិន​អំណោយផល​ធ្វើឲ្យ​ខកខាន​ជើង​កប៉ាល់ និង​ទំនិញ កកស្ទះ​ជាច្រើន​ដែល​ទទួល​កក់​ពី​អតិថិជន​ផ្សេងៗ​ទៀត​។ ដូច្នេះ​ទើប​ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក មេនូហ្វេកឈ័រ បាន​ស្នើសុំ​ពន្យារពេល​ការដឹក​ជញ្ជូន​កាកសំណល់​ប្លាស្ទិក​ដែល​នៅសល់​ចំនួន ៦៩ កុងតឺន័រ​ទៀត​តាម​តារាង​ពេលវេលា​ដែល​ក្រុមហ៊ុន​កប៉ាល់​បាន​ផ្តល់ជូន​គិត​ចាប់ពី​ថ្ងៃទី ២៤ ខែ​សីហា​ដល់​ថ្ងៃទី ២៥ ខែ​តុលា ឆ្នាំ ២០១៩»​។

កាលពី​ចុងខែ​កក្កដា រដ្ឋាភិបាល​បាន​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ដឹក​សំរាម​ទាំង​ ៨៣ កុងតឺន័រ​ទៅ​សហរដ្ឋអាមេរិក និង​កាណាដា​វិញ​ឲ្យ​អស់​ឲ្យ​បាន​មុន​ថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០១៩ ព្រម​ទាំង​តម្រូវ​ឲ្យ​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​ជាង ១ ​ពាន់​លាន​រៀល បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​នាំចូល​កាកសំណល់​ប្លាស្ទិក​ដែល​មាន​ទម្ងន់ ១ ៥៦២ តោន​មក​កម្ពុជា​សរុប​ចំនួន ២៧ លើក​ចាប់ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ និង​ខែ​មករា ឆ្នាំ ២០១៩​។

ក្នុងនោះ​មាន​ទូ​កុងតឺន័រ​ចំនួន​ ៧០ ទូ​ទម្ងន់ ១ ៣២២ តោន​ត្រូវ​បាន​នាំចូល​ពី សហរដ្ឋអាមេរិក និង​កុងតឺន័រ ១៣ ទូ​ផ្សេង​ទៀត​ទម្ងន់ ២៧០ តោន​នាំចូល​ពី កាណាដា​។ មុន​នឹង​នាំចូល​មកដល់​កម្ពុជា កុងតឺន័រ​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​កំពង់ផែ​សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ម្សិលមិញ​ថា យោងតាម​បញ្ញត្តិ​ច្បាប់​ជា​ធរមាន រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចាត់​វិធានការ​ដាក់​បន្ទុក​ចំពោះ​ក្រុមហ៊ុន​នេះ​ចំនួន​ ៣ ចំណុច​ដូចជា​បញ្ចូន​ត្រឡប់​នូវ​សំរាម​ប្លាស្ទិក ការរង​ពិន័យ​រដ្ឋបាល និង​ត្រូវ​ធ្វើឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃទី​ ២៤ ខែ​សីហា ឆ្នាំ ​២០១៩ ជា​កំហិត​។

លោក​បញ្ជាក់​បន្តថា​៖ «​ក្នុងករណី​ក្រុមហ៊ុន​ខកខាន​មិន​បាន​អនុវត្ត​នូវ​ចំណុច​ទាំង​ ៣ ​ខាង​លើ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នឹង​បន្ត​ចាត់វិធានការ​តាម​ផ្លូវ​តុលាការ​ស្រប​តាម​ច្បាប់​ជា​ធរមាន​»​។

លោក នេត្រ ភក្ត្រា មិន​អាច​ឆ្លើយតប​បាន​ទេ​ចំពោះ​ការបញ្ចូន​ត្រឡប់​នូវ​ទូកុងតឺន័រ​មួយ​ចំនួន​នោះ ថា​បាន​បញ្ចូល​ទៅ​ប្រទេស​ដើម​ណាខ្លះ ខណៈ​បាន​បង្វែរ​សំណួរ​ទៅ​កាន់​អគ្គនាយកដ្ឋាន​គយ​។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​លោកស្រី​Jenn Gearey អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន និង​ប្រែប្រួល​អាកាសធាតុ​នៃ​ប្រទេស​កាណាដា​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​កាលពី​ម្សិលមិញ​។

លោកស្រី Zeeberg Emily អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ឆ្លើយតប​តាម​​អ៊ីមែល​ដោយ​អះអាង​ថា ស្ថានទូត​គួរតែ​មិន​អត្ថាធិប្បាយ​ទៅ​លើ​ព័ត៌មាន​ទាំងនេះ​ទេ ។

លោកស្រី Emily បាន​ឲ្យ​ដឹងថា​៖ «​ប៉ុន្តែ​ខ្ញុំ​នឹង​ស្វែងរក​ហើយ​ខ្ញុំ​នឹង​ជូនដំណឹង បើសិន​យើង​ធ្វើការ​លើ​រឿងនេះ​»​។

កាលពី​រសៀល​ថ្ងៃទី ១៦ ខែ​កក្កដា ឆ្នាំ​ ២០១៩ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​សម្រេច​គាស់​ទូ​កុងតឺន័រ​ចំនួន​ ៨៣ ដែល​គេ​ដាក់​តម្រៀប​នៅក្នុង​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​។ នៅពេល​ធ្វើការ​ពិនិត្យ​ទូ​កុងតឺន័រ​ទាំងនោះ​ក៏​រកឃើញ​សុទ្ធតែ​សំរាម​ដែល​មាន​ទម្ងន់​ប្រមាណ​ជិត ១ ៦០០ តោន​៕