ភ្នំពេញៈ កាកសំណល់ប្លាស្ទិកចំនួន ៨៣ កុងតឺន័រលួចនាំចូលប្រទេសកម្ពុជាខុសច្បាប់ដោយក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE ត្រូវបាននាំត្រឡប់ទៅប្រទេសដើមវិញអស់ហើយកាលពីថ្ងៃទី ១៥ ខែកញ្ញា ក្រោយពីត្រូវបានសមត្ថកិច្ចបង្ក្រាបនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីខែកក្កដានោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ។
សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៦ ខែកញ្ញា បានឲ្យដឹងថា ក្រោយពីរកឃើញសំណល់ប្លាស្ទិកនាំចូលខុសច្បាប់កាលពីថ្ងៃទី ១៦ ខែកក្កដា សមត្ថកិច្ចបានសម្រេចដាក់បន្ទុកលើក្រុមហ៊ុនដែលប្រព្រឹត្ដល្មើសដោយតម្រូវឲ្យបង់ពិន័យជាប្រាក់ចូលថវិកាជាតិ និងតម្រូវឲ្យនាំចេញកាកសំណល់ប្លាស្ទិកទាំងអស់ទៅប្រទេសដើមវិញ។ ក្នុងនោះសាមីក្រុមហ៊ុនក៏បានបំពេញកាតព្វកិច្ច និងលក្ខខណ្ឌជូនសមត្ថកិច្ចចប់សព្វគ្រប់ផងដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា៖ «ក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន និងបានដឹកជញ្ជូនសំណល់ប្លាស្ទិកចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ និងកាលពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៩ ក្រុមហ៊ុនបានបន្ដដឹកសំណល់ប្លាស្ទិកសេសសល់ចេញពីកម្ពុជាចំនួន ៦៩ កុងតឺន័រទៀត។ ដូច្នេះក្រុមហ៊ុនបានបំពេញតាមលក្ខខណ្ឌទាំងអស់ដែលបានសម្រេចដោយអាជ្ញាធរមានសមត្ថកិច្ចចប់សព្វគ្រប់»។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមិនអាចសុំការបញ្ជាក់បន្ថែមជុំវិញការនាំសំណល់ប្លាស្ទិកនេះទៅកាន់ប្រទេសដើមវិញបានទេកាលពីម្សិលមិញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងបរិស្ថានស្វាគមន៍ចំពោះការដឹកសំណល់ប្លាស្ទិកទាំង ៨៣ កុងតឺន័រទៅកាន់ប្រទេសដើមវិញ ហើយក្រុមហ៊ុនដែលពាក់ព័ន្ធបានបង់ប្រាក់ពិន័យ និងអនុវត្តតាមការកំណត់។
លោកថ្លែងថា៖ «ក្រសួងបរិស្ថានក៏សូមអរគុណដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានបង្ក្រាបលើការនាំចូលសំណល់ប្លាស្ទិកពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះ និងបានបញ្ជាក់ពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមុខទំនិញដែលហាមឃាត់ និងជាប្រភេទសំណល់»។
លោកបន្ថែមថា ការបង្ក្រាបបានទាន់ពេលវេលានូវទំនិញសំណល់ប្លាស្ទិកនេះក៏បានបង្ហាញពីកិច្ចសហការយ៉ាងស្អិតល្មួតរវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តវិធានការច្បាប់តឹងរ៉ឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេកវិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តចំពោះការកែច្នៃសំណល់ប្លាស្ទិកដែលបានមកពីវត្ថុធាតុដើមក្នុងស្រុក ប៉ុន្តែមិនអនុញ្ញាតឱ្យនាំចូលសំណល់មកក្នុងប្រទេសកម្ពុជាឡើយ»។
តាមឯកសារដឹកជញ្ជូន សមត្ថកិច្ចរកឃើញថាទំនិញជាកាកសំណល់ប្លាស្ទិកបាននាំមកជាច្រើនជើងតាមនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលលើកទី ១ នាខែកញ្ញា ឆ្នាំ ២០១៨ និងលើកចុងក្រោយនាខែ មករា ឆ្នាំ ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ។
ឯកសារនេះបង្ហាញថាក្នុងចំណោមកុងតឺន័រផ្ទុកកាកសំណល់ទាំងអស់មានកុងតឺន័រចំនួន ៧០ (មានទម្ងន់ ១ ៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ (មានទម្ងន់ ២៧០ តោន) បាននាំចេញពីប្រទេសកាណាដា។ កាកសំណល់នេះមុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង វៀតណាម។
គួរបញ្ជាក់ថា កុងតឺន័រផ្ទុកសំណល់ប្លាស្ទិកចំនួន ៨៣ ទូ មានទម្ងន់ជិត ១ ៦០០ តោន ដែលមានផ្ទុកកាកសំណល់សំរាមពីសហរដ្ឋអាមេរិក និងប្រទេស កាណាដា បាននាំចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការឆែកឆេររកឃើញកាលពីថ្ងៃទី ១៦ កក្កដា៕