ភ្នំពេញៈ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គ្រោងដាក់របាយការណ៍ករណីស៊ើបអង្កេតសំណុំរឿងរបស់លោក Chan Martin King Wai ជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពិនិត្យ និងសម្រេចនៅសប្ដាហ៍ក្រោយ បន្ទាប់ពីពិនិត្យឃើញភាពមិនប្រក្រតីលើការចោទប្រកាន់។
លោក វឌ្ឍនាសាប៊ុង បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា៖ «យើងនឹងរៀបចំជារបាយការណ៍ពិស្ដារដែលបានពីការស៊ើបអង្កេតស្រាវជ្រាវរបស់យើង ទៅសម្ដេចតេជោនៅសប្ដាហ៍ក្រោយ»។
លោក សាប៊ុង បានអះអាងថាបានស្រាវជ្រាវឃើញភាពមិនប្រក្រតីចំនួន ២ គឺទី ១ ករណីនេះជាវិវាទពាណិជ្ជកម្មដោយពិនិត្យឃើញឯកសារមួយចំនួននៅមជ្ឈមណ្ឌលនៃមជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្មគឺបានបញ្ចប់រឿងអស់ទៅហើយៗក៏បានបញ្ចប់សំណុំរឿងនៅសាលាឧទ្ធរណ៍ និងតុលាការកំពូលអស់ដែរ ដោយភាគីលោក Chan Martin King Wai ជាអ្នកឈ្នះក្ដី។ ប៉ុន្ដែរឿងក្ដីដដែលនេះត្រូវបានសើរើប្ដឹងឡើងវិញក្នុងសំណុំរឿងដដែលដែលនេះជាភាពមិនប្រក្រតី។ មួយទៀតពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់ព្រះរាជអាជ្ញាមកលើលោក Chan Martin King Wai លើបទឆបោកជាករណីព្រហ្មទណ្ឌទៅវិញ ខណៈករណីជាទំនាស់ពាណិជ្ជកម្ម។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធទៅនឹងការពិនិត្យការចោទរបស់ព្រះរាជអាជ្ញា ខ្ញុំអត់និយាយទៅប៉ះពាល់ស្ថាប័នតុលាការ ចៅក្រមទេ យើងនិយាយតែព្រះរាជអាជ្ញា ហេតុអីព្រះរាជអាជ្ញាចោទបានន័យថា ព្រះរាជអាជ្ញាអត់មានធ្វើការដោយយោងទៅលើអង្គហេតុត្រឹមត្រូវដោយពិនិត្យទៅលើអង្គច្បាប់ត្រឹមត្រូវ ករណីនេះវាជាករណីឆបោកយ៉ាងម៉េច ព្រោះគាត់បានធ្វើលិខិតត្រឹមត្រូវជាមួយគ្នាហើយគាត់ធ្វើក្នុងនាមជាបុគ្គលិកក្រុមហ៊ុន»។
លោក សាប៊ុង បានសរសេរនៅលើហ្វេសប៊ុករបស់លោកទៀតថាប្ដីលោក Chan Martin King Wai និងប្រពន្ធបានមករកជួយដោយបានអះអាងថា ពួកគាត់មកកម្ពុជាក្នុងការបំពេញបេសកកម្មមនុស្សធម៌ផង និងរកស៊ីផង ហើយត្រូវគេរៀបចំគម្រោងប្ដឹងជាច្រើនលើកច្រើនសាលើវិវាទពាណិជ្ជកម្ម តែពួកគាត់បានឈ្នះលើក្ដីនោះគ្រប់ជាន់ថ្នាក់ទាំងអស់ ក្រោយមកស្រាប់តែគេយកសំណុំរឿងដដែលមកប្ដឹងម្ដងទៀតលើបទព្រហ្មទណ្ឌ រហូតបណ្ដាលឲ្យលោក Chan Martin King Wai ជាប់ពន្ធនាគារចំនួន ៣ ខែធ្វើឲ្យគាត់ខាតបង់កិត្តិយសកើតការឈឺចាប់យ៉ាងខ្លាំង ហើយសាលាឧទ្ធរណ៍រាជធានីភ្នំពេញទើបតែបានសម្រេចឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃសុក្រ ទី ៧ ខែកុម្ភៈ។
យោងតាមសេចក្ដីប្រកាសព័ត៌មានលើកទី ២ របស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី ៣ ខែកុម្ភៈលើសំណុំរឿងលោក Chan Martin King Wai បានបញ្ជាក់ថា លោក Chan Martin King Wai ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ដកណ្ដាលបានសម្រេចចោទប្រកាន់ពីបទ «ឆបោក» ប្រព្រឹត្ដនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាលកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ តាមបញ្ញត្ដិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលទៅ ៦ លានរៀល។
ការដែលសាលាដំបូងខេត្ដកណ្ដាលសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ Chan Martin King Wai ជាបណ្ដោះអាសន្នតាមសាលក្រមមុនអង្គសេចក្ដីលេខ ៤ ចុះថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ គឺដើម្បីធានាវត្ដមានជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីស្វែងរកការពិតក្នុងសំណុំរឿងនេះក៏ដូចជា ដើម្បីស្វែងរកយុត្ដិធម៌ជូនភាគីដែលពាក់ព័ន្ធ ជាពិសេសដល់ជនជាប់ចោទផងដែរ។
លោក Chan Martin King Wai ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារ ទី ១៨ ខែកុម្ភៈ នេះតាមបណ្ដាញទំនាក់ទំនងតេឡេក្រាមដោយបានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាជាច្រើនដែលបានជួយឲ្យបានដោះលែងពីការឃុំខ្លួន។
លោកបានថ្លែងថា៖ «រឿងក្ដីរបស់ខ្ញុំនេះគឺជារឿងរដ្ឋប្បវេណីមិនមែនជារឿងព្រហ្មទណ្ឌទេហើយលទ្ធផល មជ្ឈមណ្ឌលនៃមជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្មដែលបានដោះស្រាយត្រូវបានទទួលស្គាល់ដោយតុលាការឧទ្ធរណ៍ និងតុលាការកំពូលរួចហើយ។ ម្យ៉ាងវិញទៀតសាលាឧទ្ធរណ៍ក៏បានដោះលែងខ្ញុំឲ្យនៅក្រៅឃុំបណ្តោះអាសន្ន វាបង្ហាញថាសាលាឧទ្ធរណ៍បានរក្សានូវភាពត្រឹមត្រូវនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
លោក Chan ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា តុលាការខេត្តកណ្តាលនឹងទទួលស្គាល់ការសម្រេចចិត្តដែលបានសម្រេច ដោយសាលាឧទ្ធរណ៍ និងតុលាការកំពូលហើយសម្រេចទម្លាក់បទចោទលើករណីនេះ»៕
វីដេអូ៖