ព្រះសីហនុ: សំរាមដែលជាកាកសំណល់ប្លាស្ទិកចំនួន ៨៣ កុងតឺន័រ មានទម្ងន់ប្រមាណ ១ ៦០០ តោន ជាទំនិញហាមឃាត់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានមន្ត្រីបញ្ជាក់ថា មានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា ហើយនៅពេលនេះ សមត្ថកិច្ច កំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកក្រុមហ៊ុនដែលនាំចូលសំរាមទាំងនេះដើម្បីចាត់វិធានការតាមច្បាប់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា កម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងបន្តការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឲ្យមានការនាំចូលសំណល់ប្លាស្ទិកដែលជាទំនិញត្រូវហាមឃាត់នេះ មកកាន់ប្រទេស កម្ពុជា និងស្វែងរកក្រុមហ៊ុនដែលលួចនាំចូលនូវសំណល់នេះ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។
លោកបានបញ្ជាក់ថា ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិកត្រូវបានគេក្លែងឈ្មោះទំនិញដោយដាក់ថា ជា «ផលិតផលសម្រាប់កែច្នៃឡើងវិញ» ដោយមិនបានបញ្ជាក់ថា ជា «សំណល់ប្លាស្ទិក» ឡើយ។
លោកបន្ថែមថា ការបង្ក្រាបលើការនាំចូលសំណល់ប្លាស្ទិក ពីបរទេសចូលមកប្រទេស កម្ពុជា នៅពេលនេះ បានបញ្ជាក់ពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះមុខទំនិញដែលហាមឃាត់ និងប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។
ការបង្ក្រាបបានទាន់ពេលវេលានូវទំនិញហាមឃាត់សំណល់ប្លាស្ទិកនេះក៏បានបង្ហាញពីកិច្ចសហការយ៉ាងល្អ រវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនឲ្យចូលមកកម្ពុជា។
លោក ភក្ត្រា បន្តថា៖ «សមត្ថកិច្ចបាន និងកំពុងរៀបចំដំណើរការនីតិវិធីកំណត់ថានឹងត្រូវបញ្ជូនទៅប្រភពដើមវិញនៅពេលណា និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន»។
អ្នកនាំពាក្យរូបនេះបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តវិធានការច្បាប់តឹងរឹុង ប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជាពីព្រោះកម្ពុជា មិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបដិសេធធ្វើអធិប្បាយពីបញ្ហានេះដោយបង្វែរសំណួរទៅលោក យ៉ិក យូ ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប៉ុន្ដែលោក យ៉ិក យូមិនអាចទាក់ទងសុំអធិប្បាយបានទេ ដោយលោកមិនទទួលទូរស័ព្ទ កាលពីម្សិលមិញ។
លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១៦ ខែ កក្កដា ថា តាមជំនាញរបស់មន្ត្រី ត្រូវត្រួតពិនិត្យទំនិញតាមប្រព័ន្ធគ្រប់គ្រងទំនិញ កុំឲ្យមានហានិភ័យណាមួយកើតឡើង។
លោកបញ្ជាក់ថា៖ «ចំនួនកុងតឺន័រនៅកំពង់ផែអន្តរជាតិនេះ មានការកើនឡើងច្រើន ដោយយើងមិនអាចមើលគ្រប់កុងតឺន័របានទេបើគិតជាមធ្យម គឺកុងតឺន័រចូលកំពង់ផែនេះមានជាង ៧០០ កុងតឺន័រក្នុង ១ ថ្ងៃ។ អ៊ីចឹង តាមប្រព័ន្ធត្រួតពិនិត្យរបស់យើងនេះ គឺមើលឃើញចោះៗទេ មិនបានគ្រប់ជ្រុងជ្រោយទេ ដោយគ្រាន់តែមើលប្រភពទំនិញមកពីណា ឬប្រភេទទំនិញអី។ បើយើងរកឃើញទំនិញស្ថិតនៅក្នុងបញ្ជីទំនិញហាមឃាត់ គឺយើងឃាត់ទុកដើម្បីស្រាវជ្រាវ និងចាត់វិធានការ»។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ ថ្លែងថា ករណីនេះ ជាលើកទី២ ហើយសម្រាប់ខេត្តព្រះសីហនុ ដោយនៅឆ្នាំ ១៩៩៨ ក៏មានកប៉ាល់ដឹកកាកសំណល់ជាតិវិទ្យុសកម្មមកម្តងដែរ ហើយត្រូវបានយកទៅចាក់ចោលនៅឃុំបិតត្រាំងធ្វើឲ្យពលរដ្ឋភ័យខ្លាចប៉ះពាល់សុខភាពបាននាំកូនចៅចាកចេញស្ទើរស្ងាត់ភូមិ។
លោកស្រីបន្តថា ចំណែកករណីលើកនេះមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ ត្រូវតែចាត់ចែង និងការពារច្រកកាកសំណល់ទាំងនេះ ឲ្យបានត្រឹមត្រូវ ហើយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ព្រមទាំងផាកពិន័យ អ្នកដឹកជញ្ជូនកាកសំណល់ទាំងនេះ។ លើសពីនេះត្រូវតែមានការព្រមាន ឬដាក់ទោសដល់មន្ត្រីពាក់ព័ន្ធដែលអនុញ្ញាតឲ្យកាកសំណល់នេះមកដល់កម្ពុជា។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា បរទេសគេមើលមកច្បាប់យើងយ៉ាងម៉េចឬគេមើលឃើញចរិតមន្ត្រីខ្មែរមួយចំនួនហ្នឹងយ៉ាងម៉េចទេប៉ុន្ដែរដ្ឋាភិបាលត្រូវដាក់ទោសក្រុមហ៊ុនដែលនាំចូល និងអ្នកទទួលខុសត្រូវក្នុងការអនុញ្ញាតឲ្យទំនិញបែបនេះនាំចូល ហើយឥឡូវយើងចាំតាមដានទាំងអស់គ្នា»។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមសារអេឡិចត្រូនិកកាលពីម្សិលមិញថា ស្ថានទូតអាមេរិក កំពុងតាមដានមើលរបាយការណ៍ស្ដីពីកាកសំណល់ប្លាស្ទិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយក៏បានស្នើសុំព័ត៌មានបន្ថែម និងកំពុងតែផ្តល់ព័ត៌មានបន្ថែមទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីឲ្យស្វែងរកអ្នកនាំចេញសំរាមទាំងនេះ និងអង្គភាពឬក្រុមហ៊ុនដែលនាំចូលនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា នៅពីរសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូកុងតឺន័រ ចំនួន ៨៣ ដែលគេដាក់តម្រៀបនៅក្នុងកំពង់ផែក្រុងព្រះសីហនុ ដើម្បីពិនិត្យជាក់ស្ដែង ក្រោយពីមានការសង្ស័យ លើទំនិញដែលមាននៅក្នុងទូកុងតឺន័រនោះក៏ឃើញសុទ្ធតែសំរាមប្លាស្ទិក៕