ស្ទឹងត្រែងៈ គ្រឿង​លោហធាតុ​មួយ​បានផ្ទុះ​យ៉ាងខ្លាំង​នៅលើ​អាកាស​កាលពីម្សិលមិញ​ ហើយបាន​ធ្លាក់រាយ​ប៉ាយ​ប្រមាណជា​ ២០ បំណែក ​មកលើ​ដី​ ស្ថិត​ក្នុង​ឃុំអូរ ​ឃុំ​អូរស្វាយ​ និង​ឃុំ​ព្រះរំកិល ​ស្រុក​បូរី​អូរស្វាយសែនជ័យ​ និង​មួយចំនួន​ទៀត​ធ្លាក់​ចូល​ក្នុង​ទឹកដី​ឡាវ​ ដែលនៅ​ជាប់​ព្រំដែន​កម្ពុជា-ឡាវ ​ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ពី​បំណែក​អ្វី​នៅ​ឡើយ​ទេ។

លោក ​ម៉ៅ តារា​ ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​បាន​ថ្លែងថា​ នៅ​ព្រឹក​ថ្ងៃទី ២៣​ ខែ​ ឧសភា​ ​មាន​ករណី​ធ្លាក់​បំណែក​ដែក​មួយចំនួន​និង​លាយ​ជាមួយ​ជ័រ​ខ្លះ​នៅ​ចំណុច​ព្រំដែន​កម្ពុជា-ឡាវ ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ​ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ និង​ជា វត្ថុ​អ្វី​ឲ្យ​ប្រាកដ​នៅ​ឡើយ។

លោក​បន្តថា​៖ «បំណែក​ដែក​ទាំង​ហ្នឹង ​វា​ធ្លាក់​លើទឹក​ដី​កម្ពុជា​យើង​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​ធ្លាក់​នៅលើ​ទឹកដី​ឡាវ ​ក្នុង​ខេត្ត​អា​តា ពើ ​ទើប​មាន​ចំនួន​ច្រើនជាង​យើង។ លទ្ធផល​នៃ​ការស្រាវជ្រាវ​យ៉ាងណា​នោះ​ ខ្ញុំ​នឹង​ជម្រាបជូន​ពេល​ក្រោយ​ទៀត ឥឡូវ​នេះ​ ខ្ញុំ​អត់​អាច​ប្រាប់​បាន​ទេ»។

លោក​ ឌួង ចន្ធី ​នាយ​ប៉ុស្ដិ៍​នគរបាល​វរការពារ​ព្រំដែន​លេខ​ ៧០១ ​កម្ពុជា-ឡាវ ​ប្រចាំ​តំបន់​អូរ​ស្វាយ​ កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​បំណែក​អំបែង​នោះ​បាន​ធ្លាក់​រាយប៉ាយ​ក្នុង​ឃុំ​អូរ​ ឃុំ​អូរ​ស្វាយ​និង​ឃុំ​ព្រះរំកិល ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ជាច្រើន​បំណែក​ ហើយ​បំណែក​នេះ​ ក៏បាន​ធ្លាក់​នៅលើ​ផ្ទះ​ប្រជាពលរដ្ឋ ​និង​វត្ត​អារាម​នៅ​ប្រទេស​ ឡាវ​ ដែល​មាន​ចំនួន​ច្រើនជាង​នៅ​កម្ពុជា ​ប៉ុន្ដែ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ។

លោក​បញ្ជាក់ថា​៖ «យើង​អត់​មាន​សហការ​អ្វីជាមួយ​ឡាវ​ទេ​ ព្រោះ​យើង​មាន​អ្នកជំនាញ​របស់​យើង ​ដើម្បី​ត្រួត​ពិនិត្យ​នៅ​កន្លែង​ពិសោធ ​ព្រោះ​បើ​ធ្លាក់​លើដី​ យើង ​យើង​ពិនិត្យ​ទៅ ​បើ​ធ្លាក់​នៅលើ​ដី​ឡាវ​ គឺ​គេ​ពិនិត្យ​របស់គេ​ទៅ ​យើង​អត់​ស​ហ​ការ​គ្នា​ទេ។ ចំណែក​បំណែក​ដែល​ធ្លាក់​មក​ដី​ខ្មែរ​យើង​ហ្នឹង​សមត្ថកិច្ច​ជំនាញ​កំពុង​ត្រួត​ពិនិត្យ ​ខ្ញុំ​អត់​ហ៊ាន​សន្និដ្ឋានថា​ យ៉ាង​ម៉េច​ទេ ​ចាំ​មើល​គេ​ពិនិត្យ​សិន»។

លោក​ ចន្ធី​ បន្ថែមថា ​បំណែក​ដែល​ធ្លាក់​មកលើ​ផែនដី​នេះ​ មាន​ទ្រង់ទ្រាយ​ជា​ប្រភេទ​លោហធាតុ ​និង​ជ័រ ​ហើយ​មាន​មួល​ប៊ូឡុង ​ដែលជា​លក្ខណៈ​ម៉ាស៊ីន​អ្វីមួយ ​ប៉ុន្ដែមិនអាច​ថា​ វា​ជា​យាន​អវកាស​របស់​ប្រទេស​ណាមួយ​ទេ។

លោក​ ប្រាក់ សា​វ័ន្ដ​ ប្រជាពលរដ្ឋ​​ម្នាក់​ដែល​បានដឹង​ហេតុការណ៍​នេះ​បាន​អះអាងថា ​មុនពេល​លោក​ចេញទៅ​ធ្វើ​ការងារ​ដូច​សព្វ​មួយ​ដង​ស្រាប់​តែមាន​សំ​ឡេងផ្ទុះ​ពីលើ​អាកាស ​ហើយ​ក៏មាន​ផ្សែង​លាយឡំ​នឹង​អំបែង​ធ្លាក់​ចុះមក​ដី​រាយប៉ាយ​ ដោយ​មាន​បំណែក​មួយចំនួន​ធ្លាក់​មក​ដី​កម្ពុជា ​និង​មួយចំនួន​ទៀត ​ធ្លាក់ចូល​ទឹកដី​ឡាវ ​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ-ឡាវ។

លោក​បន្តថា​ បន្ទាប់ពី​ឃើញ​មាន​បំណែក​ជាច្រើន​ធ្លាក់​មក​ដី​នៅ​ព្រំប្រទល់​ដែន​កម្ពុជា-ឡាវ​ នោះ​​ ​«ខ្ញុំ​បានឮ​ប្រជាជន​និយា​យ​គ្នា​ថា ​នៅ​ឡាវ​គេ​ប្រកាស​មុន​ហើយ​ថា​ថ្ងៃនេះ ​ប្រទេស ​ចិន​ បាន​​បង្ហោះ​យានអវកាស​ ដូច្នេះ​វា​អាច​នឹងមាន​ធ្លាក់​យាន​អវកាស​នោះ ​ហើយ​បំណែក​វា​នឹង​ធ្លាក់​មកលើ​ ៥ ខេត្ត ​ភាគខាង​ត្បូង​នៃ​ប្រទេស ​ឡាវ។ នេះ​ខ្ញុំ​គ្រាន់តែ​ឮ​ប្រជាជន​ឡាវ ​គេ​និយាយ​គ្នា​ ហើយ​ខ្ញុំ​ស្តាប់​ឮ»។

លោក​ ហូ សំអុល ​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​(អាដហុក)​ ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​បាន​ថ្លែងថា ​លោក​បាន​ទទួល​ដំណឹង​នេះ​ដែរ ​ប៉ុន្ដែ​លោក​មិន​បាន​តាមដាន ​និង​ស្រាវជ្រាវ​រក​ព័ត៌មាន​លម្អិត​ទេ ព្រោះ​លោក​រវល់​ការងារ​ផ្សេង។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​យើង​ គួរ​ស៊ើបអង្កេត​ករណី​នេះឲ្យ​បាន​ហ្មត់ចត់ ​ព្រោះ​រឿង​វា​អាច​មាន​លាក់បាំង​អ្វី​នៅ​ក្រោយ​ហើយ ​យើង​សង្ស័យថា​ អាចជា​យាន​អវកាស​ ឬ​យន្តហោះ​ស៊ើបការណ៍​របស់​ប្រទេស​ណាមួយ»។

គួរ​រំឭកថា​ កាលពី​ថ្ងៃទី ២៣​ ខែ ធ្នូ​ ឆ្នាំ ២០១៦ ​ធ្លាប់មាន​បំណែក​យន្តហោះ​ជាច្រើន​ ត្រូវ​បាន​​អាជ្ញាធរ​កម្ពុជា​រកឃើញ​នៅ​លើ​ប្រាសាទ​ព្រះវិហារ ​បន្ទាប់ពី​មាន​សំឡេង​ផ្ទុះ​ក្នុង​លំហ​អាកាស​នៅ​ពីលើ​ប្រាសាទ​ ដែល​អាជ្ញាធរ​​ថ្លែង​ថា ​ជា​បំណែក​យន្តហោះ​ស៊ើប​ការណ៍​របស់​ថៃ នៅពេល​ប្រទេស​ទាំង ២​ កំពុង​មាន​ជម្លោះ​ជាមួយ​គ្នា​បញ្ហា​ប្រាសាទ​ព្រះវិហារ៕