ភ្នំពេញៈ រាជរដ្ឋាភិបាល​ស៊ុយអ៊ែត និង​អង្គការ​យូនីសេហ្វ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​ការអនុវត្ត​គម្រោង​ភាព​ជា​ដៃគូ​ ដើម្បី​គាំទ្រ​ដល់​ការអប់រំ​សម្រាប់​កុមារ​នៅ​កម្ពុជា​ប្រកប​ដោយ​គុណភាព និង​បរិយាប័ន្ន​ក្នុង​ទំហំ​ថវិកា ៨,៣ ​លាន​ដុល្លារ​អាមេរិក​ រយៈពេល​ ៤ ​ឆ្នាំ​ (២០២០ ​ដល់ ២០២៣)​។ ការចុះ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ Bjorn Haggmark ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​អង្គការ​យូនីសេហ្វ​ក្រោម​អធិបតីភាព​លោក ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃ​ពុធ ទី​ ១៩ ខែកុម្ភៈ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៃ​ការអនុវត្ដ​គម្រោង​ភាព​ជា​ដៃគូ​នេះ​នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ ដើម្បី​ផ្ដល់​ការគាំទ្រ​ដោយផ្ទាល់​ដល់​កំណែទម្រង់​ជា​អាទិភាព និង​កម្មវិធី​នានា​ក្នុង​វិស័យ​អប់រំ​ដូច​ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ភាព​ជា​ដៃគូ​នេះ​នឹង​រួមចំណែក​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា ដូចជា​គោលដៅ​ពាក់ព័ន្ធ​នឹង​គុណភាព​នៃ​ការអប់រំ និង​បរិយាប័ន្ន សមភាព​យេនឌ័រ ក៏ដូចជា​សុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ​នៅតាម​សាលារៀន​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​កុមារា​កុមារី ជាពិសេស​កុមារ​ដែល​កំពុង​ជួប​ការលំបាក​ឱ្យ​អាច​សម្រេច​សក្ដានុពល​របស់​ពួកគេ​។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា វិស័យ​អប់រំ​ត្រូវបាន​ចាត់ទុក​ជា​វិស័យ​មាន​សារៈសំខាន់​ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​អាទិភាព​នៃ​ការអភិវឌ្ឍ​ជាតិ​របស់​ប្រទេស​កម្ពុជា​ដោយ​វិស័យ​អប់រំ​ត្រូវបាន​ចាត់ទុក​ជា​កត្តា​ដ៏សំខាន់​សម្រាប់​ជំរុញ​ការបង្កើន​គុណភាព​របស់​ធនធាន​មនុស្ស និង​កំណើន​សេដ្ឋកិច្ច​។

លោក​រដ្ឋមន្ដ្រី​បន្ថែមថា តាមរយៈ​ភាព​ជា​ដៃគូ​ថ្មី​ជាមួយ​នឹង​ប្រទេស​ ស៊ុយអែត និង​យូនីសេហ្វ​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​បន្ត​ពង្រឹង​ប្រព័ន្ធ​អប់រំ ដើម្បី​អាចឆ្លើយតប​កាន់តែ​មាន​ប្រសិទ្ធភាព​ចំពោះ​តម្រូវការ​ការអប់រំ​របស់​កុមារ​គ្រប់រូប​នៅ​កម្ពុជា​។

លោក Bjorn Haggmark ​បានទទួល​ស្គាល់​ពី​ភាពជា​ដៃគូ​ដ៏សំខាន់ និង​មាន​លក្ខណៈ​យូរអង្វែង​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រទេស​ ស៊ុយអែត និង​យូនីសេហ្វ​ ក្នុង​កិច្ចសហការ​គ្នា​ ដើម្បី​លើកកម្ពស់​គុណភាព និង​បរិយាប័ន្ន​នៃ​ការអប់រំ​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​ប្រទេស​ ស៊ុយអែត​ មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការធ្វើ​ជា​ដៃគូ​​រយៈពេល​វែង​ជាមួយ​នឹង​យូនីសេហ្វ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការកសាង​ឡើងវិញ និង​ពង្រឹង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ តាមរយៈ​ការបន្ត​ភាពជា​ដៃគូ​នេះ​យើង​នឹង​បន្ត​ជួយ​ដល់​កុមារ​គ្រប់រូប​នៅ​កម្ពុជា ជាពិសេស​កុមារ​មកពី​ក្រុម​ជនជាតិ​ដើម​ភាគតិច កុមារ​មាន​ពិការភាព និង​កុមារ​មកពី​តំបន់​ជនបទ និង​តំបន់​ក្រីក្រ​ក្នុង​ទីប្រជុំជន​ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព​បរិយាប័ន្ន និង​សមធម៌​»​។

លោក​ថា​ភាពជា​ដៃគូ​នេះ​ក៏​នឹង​ចូលរួម​ចំណែក​ដើម្បី​ជួយ​ឱ្យ​ប្រទេស​កម្ពុជា អាច​សម្រេច​អាទិភាព​នៃ​ការអភិវឌ្ឍ​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័តេ នាយិកាយូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា កុមារ​ជាច្រើន​នាក់​នៅ​កម្ពុជា​នៅតែ​បន្ត​ទទួល​បាន​លទ្ធផល​សិក្សា​ទាប​ក្នុង​សាលារៀន ដោយសារ​មូលហេតុ​ជាច្រើន​ដូចជា​បរិយាកាស​បង្រៀន និង​រៀន​នៅ​មាន​គុណភាព​ទាប​ជាដើម​។ ភាពជា​ដៃគូ​នេះ​ក៏​នឹង​ជួយ​ឱ្យ​កុមារ និង​ក្មេង​ជំទង់​ដែល​មាន​សមត្ថភាព និង​មាន​សាវតារ​សង្គម​ខុសៗ​គ្នា​អាច​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​បរិយាប័ន្ន គុណភាព និង​ឆ្លើយតប​តាម​តម្រូវការ​ដើម្បីឱ្យ​ពួកគេ​អាច​អភិវឌ្ឍ និង​សម្រេច​បាន​សក្ដានុពល​របស់ខ្លួន​បាន​៕