បាត់ដំបង/កំពង់ចាមៈ ស្ត្រី ២ នាក់បានស្លាប់ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងអំពើឃាតកម្មដាច់ដោយឡែកពីគ្នានៅក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ចាមកាលពីម្សិលមិញ។
លោក ផាន់ វណ្ណី អធិការស្រុកបាណន់បានឲ្យដឹងកាលពីម្សិលមិញថា ស្ត្រីម្នាក់ឈ្មោះ ម៉ាន សុភា អាយុ ៣៧ ឆ្នាំ ត្រូវបានបុរសជាប្ដីកាប់ដោយកាំបិតខ្វែវស្លាប់ នៅក្នុងភូមិចម្ការអូរ ឃុំកន្ទឺ ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ បុរសជាប្ដីឈ្មោះ យឿត រឿត អាយុ ៣៣ ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោយពីបានប្រព្រឹត្តអំពើមនុស្សឃាត។
លោក វណ្ណី បានអះអាងដោយយោងតាមសេចក្ដីរាយការណ៍ជំហានដំបូងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បុរសជាប្ដីត្រូវបានគេសង្ស័យថាជាមនុស្សញៀនថ្នាំ ប៉ុន្តែការធ្វើតេស្តទឹកនោម បានបង្ហាញថាជនសង្ស័យគ្មានសារធាតុញៀននោះទេ។
លោកវណ្ណី បានបញ្ជាក់ថា៖ «យោងតាមការសាកសួរក្នុងជំហានបឋមនេះ សមត្ថកិច្ចយើងសន្និដ្ឋានថា ករណីមនុស្សឃាតខាងលើនេះ គឺបណ្ដាលមកពីភ្លើងប្រចណ្ឌ»។
លោកបានអះអាងថា ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចកំហឹងសម្លាប់ប្រពន្ធនេះកើតឡើងក្រោយពីបានដឹងថាប្រពន្ធបានព្យាយាមលែងលះគ្នាដើម្បីទៅរៀបការជាមួយបុរសផ្សេងទៀត។
លោក វណ្ណី បានថ្លែងថា ជនសង្ស័យជាប្ដីនោះត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងចោទប្រកាន់ពីបទ «មនុស្សឃាតដោយចេតនា» និងបានបញ្ជូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចំណាត់ការបន្តតាមនីតិវិធី។
ករណីឃាតកម្មដោយឡែកមួយទៀតបានកើតឡើងក្នុងថ្ងៃជាមួយគ្នានេះដែរនៅក្នុងខេត្តកំពង់ចាមដោយស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់របួសធ្ងន់ ព្រោះរងការវាយប្រហារដោយជនមិនស្គាល់មុខ។
លោក ប៉ាក់ ជាតិ អធិការស្រុកស្ទឹងត្រង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ត្រីរងគ្រោះឈ្មោះ ហ៊ី ធារិន អាយុ ២៤ ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េនៅមជ្ឈមណ្ឌលភាសាកូរ៉េសេអ៊ូល ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងមានលំនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ត្រូវបានជនមិនស្គាល់មុខ ចាប់រំលោភរួចវាយសម្លាប់នៅក្នុងទីធ្លាសាលាបឋមសិក្សាហ៊ុន ណេង។
ចំណែកបុរសជាសង្សាររបស់នាងឈ្មោះ ម៉ៅ សុខមិញ អាយុ ២១ ឆ្នាំ ដែលមានលំនៅក្នុងភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវជនមិនស្គាល់មុខវាយឲ្យរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។ លោក អះអាងថា នៅកន្លែងកើតហេតុ សពស្ត្រីបានស្លាប់ដោយសភាពអាក្រាតកាយ។
លោក ជាតិ ថ្លែងថា៖ «សមត្ថកិច្ចយើងសន្និដ្ឋានក្នុងជំហានដំបូងថា ស្ត្រីរងគ្រោះត្រូវបានជនមិនស្គាល់មុខមានគ្នាច្រើននាក់ ចាប់រំលោភរួចទើបវាយសម្លាប់ជាក្រោយ។ ចំណែកបុរសជាសង្សារទំនងជាត្រូវក្រុមជនដៃដល់ ព្រួតគ្នាវាយឲ្យសន្លប់ គ្រាដែលគាត់ព្យាយាមចូលជួយស្ត្រីជាសង្សារ»។
លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកនូវអត្តសញ្ញាណក្រុមជនប្រព្រឹត្តបទល្មើសទាំងនោះ ដើម្បីចាប់ខ្លួនពួកគេទៅប្រគល់ឲ្យតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕