មណ្ឌលគិរីៈ ស្រី្ត​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​ប្តី​ប្រពន្ធ​ ២ ​នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ៧ ខែ​កញ្ញា​នៅ​ភូមិ​រវ៉ាក់ ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ខណៈ​បុរស​ជនសង្ស័យ​ជា​ប្តី​កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ខាងលើ​នេះ​ដែល​សមត្ថកិច្ច​សង្ស័យ​ថា ជា​រឿង​គំនុំ​ក្នុង​ករណី​ទំនាស់​ដីធ្លី​។

លោក​ សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​មណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​ស្ត្រី​សង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ការបាញ់​សម្លាប់​ជនរងគ្រោះ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​។ សមត្ថកិច្ច​បញ្ជូន​ស្ត្រី​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​ ១០ កញ្ញា​នេះ​ហើយ​ដោយ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​។ លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ម្នាក់​ទៀត​ក្នុង​ករណី​បាញ់​សម្លាប់​នេះ​។

លោក​ថ្លែងថា​៖ «​ជា​នីតិវិធី​នៃ​ការឃុំខ្លួន​ជនសង្ស័យ​គឺ​យ៉ាងយូរ​ខ្ញុំ​មិន​ឲ្យ​ហួស​ពី​ ៧២ ​ម៉ោង​ទេ​។ រឿង​នេះ​ជា​រឿង​គំនុំ​ដីធ្លី​»​។

ដោយឡែក​លោក​ ខ្លូត សុភា អធិការនគរបាល​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ រ៉ា ហៅ ម៉ៅ អាយុ​ ៣៧ ​ឆ្នាំ ​ត្រូវ​បាន​ជនសង្ស័យ​បាញ់​ចំនួន​ ១ ​គ្រាប់​ ត្រូវ​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ធ្លាយ​ចេញ​ទៅ​ក្រោម​ក្លៀក​ខាង​ស្ដាំ​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​។

ចំណែកឯ​ប្រពន្ធ​ឈ្មោះ​ អាន អុល អាយុ​ ៣៤ ​ឆ្នាំ ​ត្រូវ​បាន​ជនសង្ស័យ​បាញ់​ចំនួន​ ២ ​គ្រាប់​ ត្រូវ​លើ​ចង្កេះ​ឆ្វេង​ផ្នែក​ខាងក្រោយ ធ្លាយ​ចេញ​មក​ក្រោម​ដោះ ក្បែរ​ចុងដង្ហើម​ផ្នែក​ខាងឆ្វេង​ ១ ​គ្រាប់ និង​ ១ ​គ្រាប់​ទៀត ​ត្រូវ​ចំ​គល់​ដោះ​ខាងឆ្វេង​ផ្នែក​ខាងក្រោម​ធ្លាយ​ចេញ​ទៅ​ចុង​ដោះ​ខាង​ឆ្វេង​។

ជនរងគ្រោះ​បាន​ស្លាប់​នៅ​តាម​ផ្លូវ ខណៈ​ក្រុម​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មណ្ឌលគិរី​។ ពួកគេ​មាន​កូន​ស្រី​ ២ ​នាក់​ និង​កូនច្បង​ប្រុស​ម្នាក់​អាយុ​ ៨ ​ឆ្នាំ​។

លោក​បន្ត​ថា​បើ​តាម​សម្តី​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះ​របស់​ជនរងគ្រោះ និង​ផ្ទះ​ជនសង្ស័យ​នៅ​ទល់​មុខ​គ្នា​ឆ្លងផ្លូវ​ម្ខាង​ម្នាក់ ហើយ​គ្រួសារ​ទាំង​ ២ ​នេះ​ក៏​ធ្លាប់​មាន​ទំនាស់​រឿង​ដីធ្លី​ផងដែរ​។ ដោយឡែក​នៅ​យប់​ថ្ងៃទី​ ៧ កញ្ញា គ្រួសារ​ជនរងគ្រោះ​បាន​ច្រៀង​ខារ៉ាអូខេ​។ នៅពេល​នោះ​ជនសង្ស័យ​ថ្លង់​នឹង​សំឡេង​ច្រៀង​នោះ និង​បាន​ជជែក​គ្នា​ហើយ​ក៏​មាន​ការបាញ់​ប្រហារ​គ្នា​តែ​ម្តង​ទៅ​។

ចំពោះ​សំបក​កាទូស​គ្រាប់​កាំភ្លើង​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យឃើញ​ និង​សន្និដ្ឋានថា​មិនមែន​ជា​គ្រាប់កាំភ្លើង​កែច្នៃ​ទេ តែ​ជា​គ្រាប់កាំភ្លើង​ពិត​។

លោក​ប្រាប់ថា​៖ «​ឥឡូវនេះ​យើង​មិន​ទាន់​រក​កាំភ្លើង​ឃើញ​ទេ ព្រោះ​ស្ត្រី​សង្ស័យ​មិន​ព្រម​ប្រាប់​សមត្ថកិច្ច​»​។

លោក​អធិការ​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​កសិករ ប៉ុន្តែ​បើ​តាម​សម្តី​អ្នកភូមិ​បាន​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក​បុរស​សង្ស័យ​បាន​ដើរ​និយាយ​ប្រាប់​គេ​ថា​ខ្លួន​ធ្លាប់​ធ្វើ​ជា​អតីត​ទាហាន​ខ្មែរក្រហម​ផង​។ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ប្រាកដ​ថា ជនសង្ស័យ​ជា​ប្តី​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​បាន​កាំភ្លើង​មកពី​ណា​នោះ​ទេ​៕