ភ្នំពេញៈ ស្រ្តី​​ម្នាក់​ដែល​ប្រើកាំ​​ភ្លើង​ខ្លីបាញ់​គំរាម​ព្រះសង្ឃ​ ១ ​អង្គ នៅ​​​វត្ត​សា​រា​វ័ន ក្នុង​ខណ្ឌ​ដូន​ពេ​ញ​ ដោយ​សារ​​តែ​ខឹង​​ព្រះ​សង្ឃ​អង្គ​​នេះស្រោច​ទឹក​ធ្វើឲ្យ​រា​សីធ្លាក់​ចុះ ​ត្រូវ​បាន​​​នគរ​បាល​ខណ្ឌ​ដូន​ពេ​ញ ចាប់​ឃាត់​ខ្លួន​​បញ្ជូន​ទៅ​សា​លា​​​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​ កាល​​ពី​រសៀល​ថ្ងៃ​ទី ៩ ខែ​ មិថុនា។

លោក ​ទៀង ​ច័ន្ទ​សារ អ​ធិ​ការ​​​ខណ្ឌ​ដូន​ពេញបាន​ឲ្យ​ដឹង​កា​ល​​ពី​ម្សិល​មិញ​ថាស្រ្តី​ឈ្មោះ ​ហា​ន ​​ស្រី​លីន ​​អា​យុ​ ២​៩ ឆ្នាំ​ ដែល​បាញ់​គំ​រាម​ព្រះ​សង្ឃ​ ១​ អង្គព្រះនាម ស៊ូ ពិសិដ្ឋ អាយុ ៣២ ឆ្នាំ ​ត្រូវ​សមត្ថកិច្ច​របស់​លោក​ចាប់​ឃាត់​ខ្លួន​ ហើយ​​បញ្ជូន​ទៅ​សា​លា​ដំ​បូង​រាជធានី​ភ្នំពេញ​ហើយ​ នៅ​​រសៀល​ថ្ងៃ​ទី ៩ ​មិថុនា។

លោក​ថា​៖ ​«​ស្រ្តី​សង្ស័យ​ខ្ញុំ​បា​ន​ធ្វើ​កំ​ណត់​ហេតុ​ដាក់​ថា​ ប្រើ​ប្រា​ស់​អា​វុធ​ខុស​ច្បាប់​ ប៉ុន្តែ​​បទ​ចោទ​បន្ថែម​​យ៉ាង​ណា​នោះ​គឺ​អា​​ស្រ័​យ​លើ​ព្រះរាជអាជ្ញា​ទេ»។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​​ ផាន​​ សុ​ភ័ក្ត្រ​ ជា​គណៈ​​កម្មការ​វត្ត​​សារា​វ័ន ​បានប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​តាម​សង្ឃដីកាព្រះ​សង្ឃ​រង​គ្រោះ​ថា ​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ៨ ​មិ​ថុ​នា​ ស្រ្តី​​បង្ក​ហេតុ​ខាង​លើ​ បាន​​ជិះ​ម៉ូ​តូ​កង់ ​៣ មក​ចូល​ក្នុង​វត្ត​​របស់​លោកហើយ​បាន​ចូល​ទៅ​ក្នុង​កុដិ​ព្រះ​សង្ឃ​​ព្រះនាម​​​ ស៊ូ​ ពិសិដ្ឋ។ ​

ពេល​នោះស្រ្តី​រូ​ប​នោះ​បាន​ជ​ជែ​ក​ជា​មួយ​ជន​រង​គ្រោះ​ពី​រឿង​ស្រោ​ច​​ទឹក​ បណ្តាល​ឲ្យ​រា​សី​នាង​ស្រុត​ចុះ​​​។ ខណៈ​កំ​ពុង​ជ​ជែក​នោះ​ ស្រាប់​តែ​​នា​រី​សង្ស័យ​​ បាន​ដក​កាំ​ភ្លើង​ខ្លី​ ១​ ដើម​ បាញ់​ឡើង​ទៅ​លើ​ ២ ​គ្រាប់​ក៏​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ បាន​ចុះ​មក​ចាប់​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​តែម្តង។

លោក​ថា​៖ ​«​តាម​ខ្ញុំ​ស្តា​ប់​​ស​ភាព​ការណ៍​​ក្រោយ​កើត​ហេ​តុ​ហើយ​បើ​មើល​ទៅ​ស្រ្តី​​នោះ​ហា​ក់​មាន​ស​តិ​មិន​ប្រ​ក្រ​តី​ហើយ​​នា​ង​ហាក់​ជឿ​លើ​អ​បិ​យ​ជំនឿ​ជ្រុល»។

លោក​បន្ត​ថា ​បើ​តាម​ការ​ស្តា​ប់​សង្ឃ​ដី​ការ​បស់​ព្រះ​សង្ឃ​ជា​ជន​​រង​គ្រោះ​ ហើយ​តាម​ស្តាប់​សម្តី​របស់​​ស្រ្តី​បង្ក​ហេតុ​ បាន​​ឲ្យ​ដឹង​ថា ​កាល​ពី​ជាង ​២​ ឆ្នាំ​មុន​ ស្រ្តី​រូប​នេះ​ជា​មួយ​បុរស​បរទេ​ស​​​ម្នាក់​ បាន​មក​វត្ត​សា​រាវ័​ន​ ដើម្បី​ពឹង​ព្រះ​​សង្ស​រង​គ្រោះ​ឲ្យ​ស្រោ​​ច​​ទឹក ​ដើម្បី​លើក​រា​សី​។​ ប៉ុន្តែ​ចាប់​តាំ​ង​ពី​ពួក​គេ​ស្រោច​ទឹក​មក​គឺ​កា​រ​រស់​នៅ​ហាក់​​មិន​សូវ​ចុះ​សម្រុ​ង​​នឹង​គ្នា​ជា​មួយ​បុរស​បរទេ​ស​នោះ​​ទេ ​ចំ​ណែក​​ការ​រក​ស៊ីអី​ក៏​ហាក់​មិន​កាក់កប​ដែរ។​

លោក​បន្ត​ថា៖ ​«​​គាត់​ទើបទៅ​រក​​គ្រូ​ផ្សេង​​ទៀ​ត​ គ្រូ​គេ​ទាយ​ថា ​​ព្រះសង្ឃ​​ដែល​នាង​រក​ស្រោច​ទឹក​នោះ​ ធ្វើ​អំ​ពើ​ដាក់​គាត់​។ រឿង​នេះ​គឺ​ប៉ុណ្ណឹង​ទេ​ហើយ​ក៏​គ្មាន​ពាក់​ព័ន្ធ​អ្វី​ផ្សេ​ង​​ដែរ ​ហើយ​ក៏​គាត់​មាន​គំ​នុំ​គុំ​កួន​ជាមួយ​ព្រះសង្ឃ​ទៅ»។

លោក​​​​ថា ​បញ្ហា​​នេះក៏​មាន​ម​តិ​ម​ហា​ជន​មួយ​ចំ​នួន​យ​ល់​​​ថា​ ជា​រឿង​អ្វី​ផ្សេង​ប៉ុន្តែ​តាម​ពិត​គ្រាន់​តែជា​រឿ​ង​ជឿលើ​គ្រូ​ទាយ​ផ្សេង​ទេ​។​ ចំពោះ​ម​ហា​ជន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​​ក្នុង​សាសនា​ គឺ​គាត់​វ៉ៃ​ប្រ​ហារ​ទៅ​លើ​ព្រះស​ង្ឃ​ទៅ​វិញ​ហើយ​គាត់​មិន​បាន​អង្កេ​ត​ ឬ​ស្តាប់​ហេ​តុ​ការណ៍​នោះ​ឲ្យ​បា​ន​ល្អិតល្អន់​ទេ។​

លោក ​លី សុផាន់ណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ៕