តាកែវៈ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ប្រើ​កាំបិតប៉័ងតោ កាប់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​ ២២ តុលា ឆ្នាំ​ ២០១៩ នៅ ភូមិ​ពោធិ៍ ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ​ដែល​សមត្ថកិច្ច​បាន​​ដាក់​ការសង្ស័យថា អាច​ជា​ករណី​ប្រចណ្ឌ​ ខណៈ​ជនសង្ស័យ​រត់គេច​ខ្លួន​។

លោក មឿង សារុន អធិការ នគរបាល​ស្រុក សំរោង បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្ត្រី​​រងគ្រោះ​ឈ្មោះ ហឿង សុខុន អាយុ​ ៣៥ ​ឆ្នាំ​​ ជា​ស្ត្រី​មេម៉ាយ រីឯ​ជនសង្ស័យ​ឈ្មោះ សែន ហាក់ឡី អាយុ ៣៣ ​ឆ្នាំ​ ជា​បុរស​ពោះម៉ាយ ពួកគេ​រស់នៅ​ក្នុង​ភូមិ-ឃុំ-ស្រុក​ជាមួយ​គ្នា ហើយ​ស្ត្រី​រងគ្រោះ និង​ជនសង្ស័យ​មានផ្ទះ​នៅក្បែរ​គ្នា​ក៏​ជា​មនុស្ស​រាប់អាន​គ្នា​ និង​ជា​ញឹកញាប់​ជនសង្ស័យ​តែង​ចេញ​ចូល​ក្នុង​ផ្ទះ​ស្ត្រី​រងគ្រោះ​ផងដែរ​។

លោក សារុន បាន​អះអាង​ថា​ពាក់ព័ន្ធ​ករណី​នេះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹងថា ការសម្លាប់​នេះ​ផ្តើមឡើង​ដោយ​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ តែ​សមត្ថកិច្ច​របស់​លោក​ក៏​បាន​ដាក់​ការសង្ស័យ​បឋម​ថា ករណី​ប្រចណ្ឌ​ក៏​អាច​ជា​មូលហេតុ​មួយ​ដែរ ពីព្រោះ​ថា​ស្ត្រី​​រងគ្រោះ​គ្មាន​ប្តី ហើយ​ជនសង្ស័យ​ក៏​គ្មាន​ប្រពន្ធ​ដែរ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សួរ​ទៅខាង​សាច់ញាតិ​ស្ត្រី​រងគ្រោះ​និង ជនសង្ស័យ​គេ​ប្រាប់ថា ពួកគេ​គ្មាន​ទំនាក់ទំនង​ស្នេហា​គ្នា​អី​ទេ​។ តែ​វា​អាច​សង្ស័យថា មកពី​ករណីប្រចណ្ឌដែរ ព្រោះ​ជនសង្ស័យ​ជា​បុរស​ពោះម៉ាយ ហើយ​ខាង​ស្រី​ជា​ស្ត្រី​មេម៉ាយ​»​។

លោក​ថ្លែង​ថា​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​ប្រមាណ​ជា​ ៥ ​ព្រឹក​ថ្ងៃទី​ ២២ ​ខែ តុលា ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​បន្លែ​ដើម្បី​យក​មក​លក់​នៅក្នុង​ភូមិ​។ ខណៈនោះ​ស្ត្រី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ភូមិ​ក៏​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ សែន ហាក់ឡី នេះ​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ តាម​ក្រោយ​ហើយ​នៅ​ដៃ​មាន​កាន់​កាំបិតប៉័ងតោ​ ១ ​ទៅ​ក្បែរ​ស្ត្រី​រងគ្រោះ​ហើយ​កាប់​ស្ត្រី​រងគ្រោះ​តែម្តង​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ធ្វើ​កោសល្យវិច័យ ឃើញ​ថា​ស្ត្រី​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ប្រើ​កាំបិតប៉័ងតោ​កាប់​ត្រូវ​កញ្ចឹង ក ខាងក្រោយ​ ១ ​កាំបិត និងចំ​ត្រង់​ចង្កា បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំរោង តែ​ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​ដឹក​ដល់​មន្ទីរពេទ្យ​។ ​ជនសង្ស័យ​បាន​រត់​គេចខ្លួន​ដោយ​មិន​ទុក​វត្ថុតាង​៕