ជប៉ុនៈ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស ​ជប៉ុន​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់នៅ​ និង​កំពុង​សិក្សា​ទីនោះ​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​ព្យុះ​​ទីហ្វុង​ទី១០ ដែល​នឹង​បក់​បោក​មក​ភាគ​ខាង​លិច​ប្រទេស ​ជប៉ុន​ ចាប់​ពី​ថ្ងៃទី ​១៤ ​ដល់ ​១៥​ ខែ​សីហា​នេះ​។

តាម​ហ្វេសប៊ុក​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស ​ជប៉ុន ​បាន​បញ្ជាក់​ថា ​ខ្យល់​ព្យុះ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ខ្យល់​បក់​ខ្លាំង​ពី ​១១០ ទៅ ១៦០ ​គីឡូម៉ែត្រ ​ក្នុង ​១ ​ម៉ោង ​និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពី ​១ ០០០ ​មិល្លី​ម៉ែត្រ ​នៅ​តំបន់​ខ្លះ។​ រលក​សមុទ្រ​នៅ​តំបន់ ​Shikoku នៃ​ប្រទេស ​ជប៉ុន ​មាន​កម្ពស់​ដល់ ​១០ ម៉ែត្រ​ រីឯ​ការ​បាក់​ដី​អាច​កើត​មាន​នៅ​តាម​ជើង​ភ្នំ​ផង​ដែរ​។

ហ្វេសប៊ុក​ស្ថានទូត​ដដែល​បាន​បញ្ជាក់​ថា​៖​ «ស្ថាន​ទូត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សិស្ស​ និស្សិត​ ឬ​កម្មសិក្សា​ការី​ក្នុង​តំបន់​នេះ​ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ប្រសិន​បើ​បងប្អូន​មាន​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ​សិស្ស​ និស្សិត ​ឬ​កម្មសិក្សា​ការី​ខ្មែរ ដែល​រស់នៅ​ក្នុង​តំបន់​នោះ ​ទទួល​រង​ផល​ប៉ះពាល់ សូម​មេត្តា​ជូន​ដំណឹង​មក​ស្ថានទូត​​ជា​បន្ទាន់​តាមរយ:​ហ្វេសប៊ុក​ផេក​របស់​ស្ថានទូត ឬ​ទូរស័ព្ទ​លេខ​ 08​04​68​99​374 ​និង ​08​03​45​97​889»​។

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស ​ជប៉ុន ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ​ការ​រាយការណ៍​អំពី​ការ​រង​របួស​ណាមួយ​ពី​​ប្រជាពលរដ្ឋ ឬ​អាជ្ថាធរ​មូលដ្ឋាន​ជប៉ុន​ មក​ស្ថានទូត​កម្ពុជា​ គឺ​មិន​ទាន់​ឃើញ​មាន​នោះ​ទេ​។

មន្ត្រី​ស្ថានទូត​រូប​នោះ​ បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​តំបន់​នីមួយៗ​​​ ត្រូវ​ស្គាល់​ និង​ត្រូវ​ដឹង​ក្រុម​សង្គ្រោះ​ឬ​មជ្ឈមណ្ឌល​ដែល​គេ​រៀបចំ​នៅ​ក្នុង​តំបន់​នេះ នៅ​ពេល​មាន​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង​។

លោក​បញ្ជាក់​ថា៖​ «គាត់​ត្រូវ​ត្រៀម​ខ្លួន​ មាន​លេខ​ទំនាក់ទំនង​ទាំង​ស្ថានទូត​ ទាំង​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ទៅ​។ គាត់​ មក​រស់នៅ​ទីនេះ គាត់​មាន​ចំណេះ​ដឹង ​តិចតួច​ដែរ​ពាក់ព័ន្ធ​នឹង​រឿង​អស់​ហ្នឹង។ អ៊ីចឹង​ គាត់​មាន​ការ​ប្រុងប្រយ័ត្ន​...»។

មន្ត្រី​ស្ថានទូត​រូប​នោះ​បន្ថែម​ថា ពេល​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ ស្ថានទូត​កម្ពុជា​​តែង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជប៉ុន​ជា​ពិសេស​ជាមួយ​ក្រសួង​ការ​បរទេស​ជប៉ុន។ ស្ថានទូត​តែង​ទាក់ទង​ទៅ​កាន់​ស្ថានប័ន ​និង​មន្ត្រី​មូលដ្ឋាន​ជប៉ុន​ទៅ​តាម​កិច្ចការ​ជាក់​ស្តែង នៅ​ពេល​ស្ថានទូត​ទទួល​ដំណឹង​អំពី​ហេតុការណ៍​ណា​មួយ។

សារព័ត៌មាន​ជប៉ុន​ The Asahi Shimbun បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ព្យុះ​ទីហ្វុង​ទី​១០ ​ដែល​ជា​ប្រភេទ​ខ្យល់​ព្យុះ​​មាន​កម្លាំង​ដ៏​ខ្លាំង​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ធ្វើ​ឱ្យ​មាន​ការ​បាក់​ដី​ចាប់​ពី​ថ្ងៃទី ​១៤-​១៥​ ខែ ​សីហា ​នៅ​ភាគ​ខាង​លិច​ប្រទេស ​ជប៉ុន​។

The ​Asahi​ Shi​m​bun ​បន្ត​ថា ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​ថា នៅ​ភាគ​ខាង​លិច​ប្រទេស ​ជប៉ុន ​នេះ ​ក៏​ទំនង​ជា​​មាន​ព្យុះ ​និង​រលក​ធំៗ​ហើយ​ថែម​ទាំង​មាន​ទឹក​ជំនន់​ដោយសារ​ទឹក​ទន្លេ​ហូរ​ខ្លាំង​ផង​ដែរ។​ ទីភ្នាក់ងារ​នេះ​អំពាវនាវ​ឱ្យ​ប្រជាជន​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​មហន្តរាយ​ដែល​អាច​កើត​មាន​នេះ។

បើ​តាម​សារព័ត៌មាន​ដដែល កម្ពស់​ទឹក​ភ្លៀង​អាច​មាន​ចន្លោះ​ពី​ ៨០០ ទៅ ​១ ​០០០ ​មិល្លីម៉ែត្រ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​នៅ​ក្នុង​តំបន់​ Shikoku​៕