ព្រះសីហនុៈ ស្ថាន​អគ្គ​កុង​ស៊ុល ​និង​សមា​គមសារ​ព័ត៌​មាន​ចិន​ អាចនឹង​បើក​ដំណើរ​ការ​ផ្ទាល់​នៅ​ក្នុង​ខេត្ដ​ព្រះសីហនុ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ ក្រោយ​ជំនួប​ពិភា​ក្សា​រវាង​លោក​ គួច​ ចំរើន​ អភិ​បាល​ខេត្ដ​ព្រះ​សីហ​នុ​ និង​លោក​ Wang Wentian​ ឯក​អគ្គ​រដ្ឋ​ទូត​វិសា​មញ្ញ​ និង​​ពេញ​សមត្ថ​ភាព​នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​ ប្រចាំ​ប្រទេស​ ​កម្ពុជា​។ ​នេះ​បើ​តាម​លោក​ ឃាង​ ភា​រម្យ​ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​

លោក​ ភារម្យ ​បាន​ថ្លែង​ថា ក្នុង​ជំនួប​​កាល​ពី​ថ្ងៃ​ពុ​ធ​ ​ទី​​ ១០ ខែ​ កក្កដា ​ឆ្នាំ ​២០១៩ ​អភិ​បាល​ខេត្ត​ព្រះ​សីហនុ ​បាន​ស្នើ​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ជួយ​គាំ​ទ្រ​បើកទី​តាំង​សមា​គម​សារ​ព័ត៌​មាន​ចិន ​និង​បើក​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ខេត្ត​ព្រះសីហនុ។​

លោក​បាន​ថ្លែង​ថា​៖ «​សំណើ​របស់​ឯក​ឧត្ដម​អភិ​បាល​ខេត្ត​ចំពោះ​ការ​បើក​សមា​គម​សារ​ព័ត៌​មាន​ចិន​ និង​បើក​ស្ថាន​កុង​ស៊ុល​នេះ ​ដើម្បី​​ធ្វើ​ការ​អនុ​វត្ត​វិធាន​ការ​អប់រំ ​ផ្សព្វ​ផ្សាយ​ ចែក​រំ​លែក​ការ​អនុវត្ត​នីតិ​វិធី​ច្បាប់​ចំពោះ​ប្រជា​ជន​ចិន​ ដែល​នឹង​មក​វិនិ​យោគ​ និង​កំពុងវិនិ​យោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​យល់​ដឹង​ពី វប្ប​ធម៌​ ច្បាប់ ​សង្គម​ និង​ការ​ផ្សព្វ​ផ្សាយ​អប់រំ​នៅ​កម្ពុជា»។​

លោក​ ភារម្យ ​បាន​ឲ្យ​ដឹង​ថា​ ឯក​អគ្គ​រដ្ឋ​ទូត​ចិន ​បាន​សម្រេច​តាម​សំណើ​ បើក​សមាគម​សារព័ត៌មាន​ចិន និង យក​កំពុង​​យក​​សំណើ​បើក​អគ្គកុងស៊ុល ទៅពិចារណា​។ ​ប៉ុន្ដែ​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​សម្រាប់​ការ​បើក​ដំណើរ​ការ​ផ្លូវ​ការ​ គ្រាន់​តែ​បញ្ជាក់​ថា​នឹង​ជំរុញ​ឲ្យ​ដាក់​ដំណើរ​ការ​ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

​បើ​តាម​លោក ​ភារម្យ ​ចំពោះ​​ការ​រៀប​ចំ​ដាក់​ឲ្យ​មាន​ស្ថាន​អគ្គ​កុង​ស៊ុល​នេះ ​ស្ថាន​ទូត​ចិន​ក៏​មាន​គម្រោង​ «កម្ម​វិធី​ខេត្ដ​ព្រះ​សី​ហនុ​មាន​សុវត្ថិ​ភាព​» ​ដែល​គម្រោង​នេះ​នឹង​មាន​ការ​បញ្ចូល​ទាំង​ការ​បណ្ដុះ​បណ្ដាល​ ការ​ប្រើ​ប្រាស់​សម្ភារ​បច្ចេក​ទេស ​ការ​រៀបចំ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ផ្សេងៗ​ដល់​ប្រជា​ជន​ចិន​រស់​នៅ​ខេត្ដ​ព្រះ​សីហនុ​ផង​ដែរ​។​

លោក​បញ្ជាក់​ថា​៖​ «​ពេល​មាន​ស្ថាន​អគ្គ​កុង​ស៊ុល​ប្រចាំ​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហនុ​ មាន​ន័យ​ថា​ មាន​អាណា​ព្យា​បាល​នៅ​ក្បែរ​ខ្លួន ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ចំពោះ​ការ​គ្រប់​គ្រង ​ទាំង​ព័ត៌​មាន​ ស្ថិ​តិ​ប្រជា​ជន​ចិន​រស់​នៅខេត្ត​ព្រះ​សីហនុ ​អ្នក​វិនិ​យោគ​ និង​ទេសចរ​ចិន​បាន​ជាក់​លាក់​ និង​ជួយ​សម្រួល​ពេល​មាន​បញ្ហា​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​សន្ដិ​សុខ​បញ្ហា​បន្ទាន់​ៗ​ អាច​គ្រប់​គ្រង​បាន​ទាន់​ពេលវេលា»។

​តាម​រយៈ​ហ្វេស​ប៊ុករ​បស់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា ​កាល​ពីថ្ងៃ​សុក្រ​ ទី ​១២​ ខែ​ កក្កដា ​នេះ ​បាន​ឲ្យ​ដឹង​ថា ក្នុង​​ជំនួប​ផ្ទាល់​រវាង​លោក Wang Wentian ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន ជា​មួយ​ លោក ​គួច ចំរើន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ។​ ភាគី​ទាំង​ ២ បាន​ផ្លាស់​ប្ដូរ​យោ​បល់​ទៅ​វិញ​ទៅ​មក​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ថ្នាក់​ក្រោម​ជាតិ​រវាង​ចិន​ និង​កម្ពុជា​ រួម​ជា​មួយ​កិច្ច​ការ​ជំរុញ​កសាង​​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុងព្រះ​សីហនុ​ផងដែរ។​

លោក សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​ឲ្យ​ដឹង​​ថា ការ​បង្កើត​ឲ្យ​មានស្ថាន​អគ្គ​កុង​ស៊ុល និង​សមាគម​សារ​ព័ត៌មាន​ចិន​​នៅ​នឹង​កន្លែង​ទាំង​ខេត្ដ​ព្រះសី​ហ​នុ​ និង​ខេត្ដ​ផ្សេង​ទៀត​ដែល​សម្បូរ​ជន​ជាតិ​ចិន​រស់​នៅ​ ជា​ការ​ល្អ​ប្រសើរ​​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​អាច​នឹង​កើត​មាន​តាម​តំបន់​គោលដៅ​​នីមួយៗ។

​លោក​បាន​ថ្លែង​ថា​៖ «ការ​បង្ខិត​ជិត​បែបនេះ​គឺ​ជាការ​រួម​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហារ​វាង​អ្នក​ពាក់​ព័ន្ធ ​នៅ​ពេ​ល​កើត​មាន​បញ្ហា​នៅ​តាម​តំបន់​គោល​ដៅ​។​ បើ​មិន​មាន​ស្ថាន​អគ្គ​កុង​ស៊ុល​ដូច​កាល​កន្លង​មក​នេះ ​ពេល​មាន​បញ្ហា​គឺ​មាន​តែ​មន្រ្ដី​កម្ពុជា​ផ្ទាល់​នៅ​តំបន់​នោះ​ចុះទៅ​អនុវត្ដ​នីតិ​វិធី​ច្បាប់ ដោយ​មិន​មាន​ការ​ចូលរួម​ពីភ្នា​ក់​ងារ​អនុវត្ដ​ន៍ច្បាប់​នៃ​ប្រទេស​ដៃគូ​នោះ​ទេ​។ ​ដូច្នេះ​ពេល​បង្កើត​ស្ថាន​កុង​ស៊ុល​នេះ​រួច គឺ​ឈាន​ដល់​ការ​បង្កើត​យ​ន្ដការ​​រួមគ្នា​លើ​គោល​ដៅតែ​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា»។​​

​​លោក​ សុខុម​ បាន​បញ្ជាក់​ថា​ សំខាន់​ប្រទេស​ដែល​មក​វិ​និ​យោគ​នោះ ​គឺត្រូវ​គោរព​តាម​គោល​ការ​ច្បាប់​របស់​ប្រទេស​កម្ពុជា មិន​​ត្រូវ​យក​ការ​អនុវត្ដ​ណា​ដែល​ផ្ទុយ​ពី​ច្បាប់​របស់​កម្ពុជាមក​អនុ​វត្ដ​នោះ​ទេ។

ទិ​ន្ន​ន័យ​របស់​អាជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​ដែល​បាន​បង្ហាញ​កាល​ពី​ដើម​ខែ​កក្កដា​នេះ​បាន​បង្ហាញ​ថា អាជី​វកម្ម​ជាង ​៩០ ​ភាគ​រយ នៅ​​ក្រុង​ព្រះសី​ហនុ ​នា​ពេល​បច្ចុ​ប្បន្ន​ត្រូវ​បាន ​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន​ រាប់​ចាប់ ​តាំង​​ពី​សណ្ឋា​គារ ​កាស៊ីណូ ​ភោជ​នីយ​ដ្ឋាន ​រហូត​ដល់​ហាង​ម៉ាស្សា​ជាដើម។

​របាយ​ការណ៍​បូក​សរុប​លទ្ធ​ផល​កិច្ច​ប្រតិ​បត្តិការ​ប្រចាំ​ខែ​មករា​ របស់​រដ្ឋ​បាល​ខេត្ដ​ព្រះសី​ហនុ​ គិត​ចាប់​ពី​ថ្ងៃទី​ ១៦​ ខែ​ ធ្នូ ​ឆ្នាំ ២០១៨ ​ដល់​ថ្ងៃទី​ ១៥ ​ខែ​ មករា​ ឆ្នាំ ២​០១៩ ​របស់​ការិយា​ល័យ​គ្រប់​គ្រង​​ជន​អន្ដោ​ប្រវេសន៍​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ​បាន​​ឲ្យ​ដឹង​ថា ​ក្នុង​ប្រតិ​បត្តិការ​ស្រាវ​ជ្រាវ​ទៅ​តាម​ទីតាំង​ចំនួន​ ៤១៨​ កន្លែង ​គឺ​មាន​ជន​បរ​ទេស​ចំនួន​ ១៣ ៨៥៩ នាក់​ ស្រី ២ ៨៩៦ ​នាក់ និង​មាន​ ៣០​ សញ្ជាតិ ​ក្នុង​នោះ​ជន​ជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​គឺ​ ១២ ៤៥៤ នាក់​កំពុង​រស់​នៅ​ ធ្វើ​ការ និង​ទេស​ចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

បើ​តាម​លោក​ ភារម្យ​ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុទើប​តែ​មាន​ស្ថាន​អ​គ្គ​​កុង​ស៊ុល​វៀត​ណាម​មួយ​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​ ស្រប​ពេល​ដែល​កំ​ណើន​វិនិយោគិន​ចិន ​និង​ប្រជា​ជន​ចិន​មក​រស់​នៅ​ខេត្ត​ព្រះ​សី​ហនុ​មាន​ការ​កើន​ឡើង​ ទើ​ប​ឈាន​ដល់​ការ​ស្នើ​សុំ​ឲ្យ​ស្ថាន​ទូត​ចិន​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់​តែម្ដង៕