ភ្នំពេញៈ ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បាន​ទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ ៧១ ឆ្នាំ​នៅ​វេលា​ម៉ោង ២ និង ៤៥ នាទី​ទៀបភ្លឺ​ថ្ងៃទី​ ៩ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នៅ​ប្រទេស​ស្វ៊ីស​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​។ នេះ​បើ​តាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។

លោក​ ប៊ុនហេង ​ថ្លែង​ថា​៖ «​ខ្ញុំ​សោកស្ដាយ និង​ក្រៀមក្រំ​ជា​ទីបំផុត​ចំពោះ​មរណភាព​របស់​ឯកឧត្ដម​វេជ្ជបណ្ឌិត Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ខ្ញុំ​នឹង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ស្អែក​ (​ថ្ងៃ​ចន្ទ​) ចាប់ពី​ម៉ោង​ ៣ ​រសៀល​ទៅ​នៅ​ទីស្តីការ​ក្រសួង​តែ​ម្តង​»​។ «​យើង​មាន​ការ​សោកស្ដាយ​ជាទី​បំផុត​ដែល​យើង​បាត់បង់​នូវ​អ្នក​ឧបត្ថម្ភ គាំទ្រ​យើង ជា​អ្នក​ជួយ​ប្រទេស​ជាតិ​យើង​ដ៏ធំ​ចំពោះ​ការ​ស្រោចស្រង់​អាយុជីវិត​ដល់​កុមារ​កម្ពុជា​យើង​»​។

លោក Denis Laurent Biologist អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ជា​ឲ្យ​ដឹង​ថា​លោក​កំពុង​រៀបចំ​ប្រជុំ​ក្រុម​ការងារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​​ថ្ងៃនេះ​។ «​យើង​នឹង​រៀបចំ​ពិធីបុណ្យ​មួយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​តាម​បែប​ប្រពៃណី​កម្ពុជា​»​។

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​ ២៨ ខែ​មីនា ឆ្នាំ ២០១៨ ដោយសារ​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​។ លោក​បាន​ប្រគល់​តំណែង​តួនាទី​ទៅ​ឲ្យ​លោក​វេជ្ជបណ្ឌិត Peter Studer ដែល​ជា​អនុប្រធាន​មន្ទីរពេទ្យ​នាពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​បុគ្គលិក​កំពុង​បម្រើ​ការងារ​ចំនួន ២ ៥០០ ​នាក់​។

លោក Beat Richner បាន​វិល​ត្រឡប់​មក​កម្ពុជា​ជា​លើក​ទី​ ២ ​នៅ​ឆ្នាំ​ ១៩៩១ និង​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើង​វិញ បន្ទាប់ពី​មន្ទីរពេទ្យ​មួយ​នេះ​រង​ការបំផ្លិច​បំផ្លាញ​ក្នុង​សម័យ​ខ្មែរក្រហម​។ មក​ដល់​ពេល​នេះ​មន្ទីរពេទ្យ​គន្ធបុប្ជា​មាន​អាយុកាល​ ២៥ ឆ្នាំ​ហើយ ហើយ​បាន​ព្យាបាល​ជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​រាប់លាន​នាក់​ដោយ​មិន​យក​ប្រាក់​កម្រៃ​៕