កំពង់ឆ្នាំងៈ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​លោក ខូវ លី នៅ​ថ្ងៃ​ម្សិលមិញ​បាន​ច្រានចោល​ខ្លឹមសារ​នៃ​អត្ថបទ​ព័ត៌មាន​ភ្នំពេញ​ថែមស៍​ដែល​មាន​ចំណងជើង​ថា «​បែកធ្លាយ​បញ្ជី​ឈ្មោះ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​នៃ​ខេត្តកំពង់ឆ្នាំង​យកលុយ​ពី​ម្ចាស់​សង្វៀនមាន់​» ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៦ ខែ​ មករា ឆ្នាំ​ ២០២០​។

យោងតាម​អត្ថបទ​ព័ត៌មាន​នេះ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ដែល​រួមមាន​មន្ត្រីនគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​យោធា​ចាប់ពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត សុទ្ធតែ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​ម្នាក់ៗ​ពី​ ១០០ ​ដុល្លារ ដល់​ ៣០០០ ​ដុល្លារ​ ជា​ថ្នូរ​មិន​ចាត់​វិធានការ​បង្ក្រាប​សង្វៀន​ជល់មាន់​ដ៏ធំ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅជាប់​ព្រំប្រទល់​ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ និង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។

សារព័ត៌មាន​នេះ​បាន​សរសេរ​រៀបរាប់​ដោយ​ផ្អែកលើ​ប្រភព​ដែល​ធ្លាប់បាន​ចូលទៅ​លេងល្បែង​ភ្នាល់​បញ្ជល់​មាន់​នៅក្នុង​ទីតាំង​នោះ​ថា ក្រៅពី​ល្បែងភ្នាល់​បញ្ជល់មាន់​ក៏​មាន​លេង​ចាក់​អាប៉ោង ដោយ​មាន​អ្នកឈ្នះ និង​អ្នកចាញ់​ក្នុង​ ១ ​ថ្ងៃៗ​រាប់រយ រាប់ពាន់​ដុល្លារ ហើយ​ថ្ងៃ​ខ្លះ​ក៏​មាន​អ្នក​ឈ្លោះប្រកែក វាយតប់​គ្នា ដោយសារ​តែ​ការចាញ់​លើ​ការ​ភ្នាល់​ល្បែង​ទាំងនេះ​ផងដែរ​។

ទោះជា​បែបណា​ក៏ដោយ​អត្ថបទ​ព័ត៌មាន​ដ៏រសើប​នេះ​ត្រូវ​បាន​លោក ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាត់ទុក​ថា​ជា​ «​ការប្រមាថ​មាក់ងាយ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​» របស់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ៣ ​ប្រភេទ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ស្នើ​ឲ្យ​នាយក​គ្រប់គ្រង​ស្ថាប័ន​សារព័ត៌មាន​នោះ ចេញ​សេចក្ដី​កែតម្រូវ​ជាបន្ទាន់​ផងដែរ​។

លោក លី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ដោយ​បដិសេធថា មិន​ធ្លាប់​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​ណាមួយ​ឡើយ និង​មិន​ធ្លាប់​បើកដៃ​ឲ្យ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​របស់​លោក​ទទួល​ប្រាក់​ពី​បទល្មើស​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​ភ្នំពេញ​ថែមស៍​នោះ​ទេ​។

លោក​ថ្លែងថា​តាំង​ពី​មុន​រហូត​មក​ទល់​ពេលនេះ លោក​តែងតែ​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ឲ្យ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការអនុវត្ត​ច្បាប់ រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ និង​បាន​ព្រមាន​ផងដែរ​ថា ក្នុង​មូលដ្ឋាន​ណា​កើតមាន​បទល្មើស និង បង្ក​ឲ្យ​មាន​ជនរងគ្រោះ ទោះ​ធ្ងន់​ ឬ​ស្រាល​ក្ដី សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ប្រសិន​បើ​មាន​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ភាព​អសកម្ម​ណាមួយ​របស់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​។

លោក​ លី ​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ហ៊ាន​អះអាង​ថា​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​គ្មាន​សង្វៀន​ភ្នាល់​ល្បែង​បញ្ជល់មាន់​នោះទេ ហើយ​ខ្ញុំ​ក៏​មិនដែល​ទទួល​លុយ​ពី​បន​ល្បែង​ខុសច្បាប់​បែបនេះ​ដែរ​។ សម្រាប់​ខ្លឹមសារ​នៃ​អត្ថបទ​ព័ត៌មាន​នោះ ខ្ញុំ​យល់ថា ជា​អត្ថបទ​បែប​បរិហារកេរ្តិ៍ ដែល​នាំ​ឲ្យ​ខូច​កិតិ្តយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​យើងខ្ញុំ​ជា​កងកម្លាំង​» ។

លោក​ លី ​បាន​បន្ថែមថា​៖ «​ទោះជា​បែបណា​ក្ដី ខ្ញុំ​ចង់ឃើញ​នាយក​គ្រប់គ្រង​ស្ថាប័ន​សារព័ត៌មាន​មួយ​នេះ ធ្វើ​ការចុះ​ផ្សាយ​កែតម្រូវ​នូវ​អត្ថបទ​របស់​ខ្លួន និង​ធ្វើការ​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់លាស់​មកកាន់​អង្គភាព​របស់​យើងខ្ញុំ បើ​ពុំ​នោះទេ យើង​ខ្ញុំ​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​»​។

ជុំវិញ​ករណីនេះ លោក អេង គឹមលាង ដែលជា​ម្ចាស់​អត្ថបទ និង​ជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​​សារព័ត៌មាន​ភ្នំពេញ​ថែមស៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អង្គភាព​របស់លោក​បាន​ធ្វើ​លិខិត​សុំទោស​ចំពោះ​ភាពខ្វះ​ចន្លោះ​នៃ​អត្ថបទ​ព័ត៌មាន​ខាងលើ​ជូន​ចំពោះ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​រួចហើយ និង​បាន​ចុះផ្សាយ​ទាំងស្រុង​នូវ​សេចក្ដី​បំភ្លឺ​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ផងដែរ​។

លោក គឹមលាង បាន​និយាយថា​៖ «​របាយការណ៍​ព័ត៌មាន និង រូបភាព​ដែល​អង្គភាព​យើងខ្ញុំ​បាន​ចុះផ្សាយ​នោះ​គឺ​ទទួល​បាន​ពី​ប្រជាពលរដ្ឋ និង​អ្នក​ដែល​បាន​ចូលទៅ​លេងល្បែង​ភ្នាល់​បញ្ជល់​មាន់​នៅក្នុង​មូលដ្ឋាន​នោះ ប៉ុន្តែ​យើងខ្ញុំ​មិនអាច​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ប្រភព​ទាំង​នោះ​បាន​ទេ​»​។

លោក គឹមលាង​បាន​បន្តថា ទីតាំង​សង្វៀន​បញ្ជល់មាន់​នោះ​ធ្លាប់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ម្ដង​រួច​មក​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប៉ុន្តែ​មួយរយៈ​ក្រោយមក​ទីតាំង​នោះបាន​បើក​ដំណើរការ​ដោយ​លួចលាក់​ឡើងវិញ ទើប​ប្រជាពលរដ្ឋ អ្នក​ដែល​ចាញ់​ក្នុង​ល្បែងភ្នាល់​នៅ​ទីនោះ​ឲ្យ​ជួយ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​សមត្ថកិច្ច​បាន​ដឹង និង​ចុះបង្ក្រាប​៕