ភ្នំពេញៈ អគ្គ​ស្នង​ការរង​នគរ​បាលជាតិ​និង​ជា​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​ លោក ស ថេត បាន​ស្នើ​ទៅ​កាន់​ភាគី​វៀតណាម​ឲ្យ​ជួយ​បណ្ដុះបណ្ដាល​និង​បំប៉ន​ជំនាញ​ដល់​ក្រុមអន្តរាគមន៍​ពិសេស​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ដែល​​បាន​បង្កើត​ឡើង​ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ថ្នាក់​ដឹកនាំ​និង​គណៈ​ប្រតិភូ​នានា​ក៏​ដូចជា​ពរដ្ឋ​ទូទៅ​ផងដែរ។

ការ​ស្នើ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពេលលោក ស ថេត ជួប​គណ:​ប្រតិភូ​វៀតណាម​ក្នុងពេល​កំពុ​ងមកបំពេញ​ទស្សន​កិច្ច​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២១ ខែ​ ឧសភា ឆ្នាំ​ ២០១៩​ ថ្មីៗ​នេះ។

លោក ស ថេត បាន​លើក​ឡើង​ថាក្នុង​ពេល​ចូល​កាន់​តំណែង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​មិន​ទាន់បាន ១ ​ឆ្នាំ​នេះ លោក​មាន​បំណង​បង្កើតក្រុម​អន្តរាគមន៍​ពិសេស​រ​បស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធា​នី​ភ្នំពេញ​ដែល​មាន​គ្នា​ប្រ​មាណ​ជា​ ៦០​ នាក់​។ ក្រុម​អន្តរាគមន៍​​នេះគឺ​ត្រូវ​ចេះ​របៀប​បាញ់​កាំ​ភ្លើង​វែង កាំ​ភ្លើង​ខ្លី ​និង​របៀប​ការ​ពារ​ថ្នាក់​ដឹកនាំ​ផងដែរ។

ថ្លែង​ក្នុង​ជំនួប​​នោះ​ លោក​ស្នង​ការ​បាន​ស្នើឱ្យ​គណៈ​ប្រតិភូ​វៀត​ណាម​ទទួល​យក​សំណើ​នេះនិងរា​យ​ការណ៍​ទៅ​ថ្នាក់​ដឹកនាំ​វៀតណាម​ដើម្បី​សម្រេច។ ​

លោក​បាន​បញ្ជាក់​ថា​៖ «​ធន​ធាន​មនុស្ស​ និង​សម្ភារ​សម្រាប់​បំពាក់​គឺ​ខាង​ស្នង​ការដ្ឋានរាជ​ធានី​ភ្នំពេញ​បាន​ជ្រើសរើសនិង​បញ្ជា​ទិញ​រួច​រាល់​ហើយ​ដោយ​នៅ​ខ្វះ​តែ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​នេះ​ប៉ុណ្ណោះ»។

លោក ស ថេត បាន​បញ្ជាក់​​បន្ថែម​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​​ម្សិល​មិញ​ថា ចាប់​ពីពេល​នេះ​តទៅ​នៅ​ប្រទេស​កម្ពុជា​នឹង​​​មាន​កិច្ច​ប្រជុំ​ធំៗ​ជា​ច្រើន​ ហើយ​កងអន្តរាគមន៍នេះ​ ក៏​ជួយ​បន្ថែម​ទៀត​ទៅលើ​ការ​ការពារ​សន្តិ​សុខ​ សណ្ដាប់​​ធ្នាប់​ថ្នាក់​ដឹក​នាំ ​ប្រជា​​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ផងដែរ។

លោក​​ថា​៖ «ក្នុង​កិច្ច​ជុំ​ធំៗ​ជាតិ​ និងអន្ដរជាតិយើង​អាច​បង្ហាញថា​ ប្រទេស​យើង​មាន​កង​កម្លាំង​ការពារ​បាន​ល្អ រួ​ម​ជា​មួយ​​អាវុធ​ហត្ថ​និង​អង្គភាព​ដទៃ​ជាដើម​។ កាល​ពីមុន​យើងមាន​​ក្រុម​កង​កម្លាំង​ពិសេស​ដែរ ប៉ុន្ដែ​រៀប​មិនទាន់​ស្អាត​មិន​ទាន់​ឯក​ភាព​គ្នា អ៊ីចឹងទើប​ខ្ញុំ​ចង់​កែ​សម្រួល ដើម្បី​​បណ្ដុះ​បណ្ដាលពី​ជំនាញការ​ហ្វឹក​ហាត់​ផ្សេងៗ​ជាដើម»។

បើ​តាម​លោក​ស្នង​ការ គណ:​ប្រតិភូ​វៀត​ណាម​ក៏​បាន​សន្យា​ថា នឹង​យក​សំណើ​នេះទៅ​រាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ដើម្បី​ពិចារណា​ទៅ​លើ​សំណើ​នេះ​ផងដែរ។

លោក​ គិន ​ភា ​ប្រ​ធាន​វិទ្យា​ស្ថាន​ទំនាក់​ទំ​នង​អន្តរ​ជាតិនៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជានិង​ជា​អ្នក​វិភាគ​នយោបាយ​បាន​​លើក​ឡើង​ថាក្រុមអន្តរាគមន៍នេះ​គឺ​ជា​កង​កម្លាំង​ដែល​រង់​ចាំ​តែ​ទទួល​បទ​បញ្ជា​ពិសេស​នៅ​ក្នុង​ហេតុ​ការ​ណ៍​ពិសេសផ្សេង​ៗ ដូច​ជា​ ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​ថ្នាក់​ដឹក​នាំ​ឬបញ្ហា​កើតឡើង​ជាយ​ថាហេតុ​ណាមួយ​ដែល​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ។

លោក​បាន​បន្ត​ថា​៖ «កង​កម្លាំង​បែប​នេះ​ ប្រទេស​មួយ​ចំនួន​គេក៏​មាន​ដែរ​ដើម្បី​រក្សា​សុខ​សន្ដិភាព។ ការ​​បង្កើត​កង​កម្លាំង​នេះ​ល្អ​ បើ​យើង​​មាន​គោល​បំណង​ច្បាស់​លាស់ថា ពិត​ជា​បម្រើ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ប្រទស​​ជាតិ​ លើកលែង​តែ​បង្កើត​ឡើង​ដើម្បី​តែ​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​នោះវា​ទើប​ជា​បញ្ហា ព្រោះ​បញ្ហា​កន្លង​មក​ អង្គ​ភាព​មួយ​ចំនួន​បង្កើត​មក ​ច្រើនតែ​មិន​បាន​អនុវត្ដ​ភារកិច្ច​របស់​ខ្លួន​ទៅតា​ម​គោល​ការណ៍​ច្បាប់​កំណត់ ច្រើនតែ​ធ្វើ​ផ្ទុយឬ​បង្កើត​ឡើង​ដើម្បី​រក​ផល​ប្រយោជន៍​ផ្សេង​ៗ​ជាដើម»៕