ភ្នំពេញៈ ​គ្រោះ​រាំងស្ងួត​ដែល​បាន​អូសបន្លាយ​តាំងពី​ពាក់កណ្តាល​រដូវវស្សា​រហូត​មក​ដល់​ពេល​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ពលរដ្ឋ​ប្រមាណ​ជិត ២ ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​ចំនួន​ ១៣ ក្នុង​នោះ​ខេត្ត​កំពង់ចាម​រង​ផលប៉ះពាល់​ខ្លាំង​ជាង​គេ​។ នេះ​បើ​តាម​លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

លោក​ កែវ វី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ថ្វីបើ​កាលពី​ដើម​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​ដែល​បង្ក​ឲ្យ​តំបន់​ខ្លះ​មាន​ការ​ជន់លិច ធ្វើឲ្យ​មាន​ការ​ខូចខាត​ផ្លូវ និង​ស្រូវ​សន្ទូង​អស់​ជាច្រើន​ពាន់​ហិកតា ប៉ុន្តែ​ចូល​មក​ដល់​ពាក់កណ្ដាល​រដូវវស្សា​ទឹកភ្លៀង​បាន​ចុះ​ថមថយ​មក​វិញ​ និង​មាន​ភាពរាំងស្ងួត​ដោយ​កន្លែង ពិសេស​នៅ​ចុងរដូវ​វស្សា​នេះ​អាកាសធាតុ​ចាប់ផ្ដើម​ប្រែប្រួល​ឡើង​កម្តៅ​ភ្លាមៗ​ដែល​ធ្វើឲ្យ​មាន​ការ​រីង​ហួត​ទឹក​ពី​បឹងបួ​យ៉ាង​ឆាប់រហ័ស​បង្ក​ឲ្យ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​សរុប​ជាង ១៩ ០០០ ​ហិកតា​នៅ​ក្នុង​ខេត្ត​ចំនួន​ ១៣ ​ជួប​ប្រឈម​នឹង​កង្វះ​ទឹក​ស្រោចស្រព​។

ក្នុង​នោះ​ខេត្ត​កំពង់ចាម​ប៉ះពាល់​ច្រើន​ជាងគេ​គឺ​រហូត​ដល់​ ៩០០០ ហិកតា បន្ទាប់​មក​ខេត្ត​បាត់ដំបង ត្បូងឃ្មុំ និង​កំពង់ធំ​។ លោក​បញ្ជាក់​ថា​៖ «​មក​ទល់​ពេល​នេះ​ក្រសួង​​ធនធានទឹក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​កំពុង​បន្ត​ជីក​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​បូមទឹក​ពី​អាង​ស្តុក​ទឹកធំៗ​ដើម្បី​នាំ​ទឹក​ទៅ​ជួយសង្គ្រោះ​ស្រូវ​ដែល​កំពុង​ជួប​គ្រោះ​រាំងស្ងួត​ទាំង​នោះ​»​។

កសិករ​នៅ​ភូមិ​ព្រៃព្រាល ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង អ្នកស្រី អ៊ុង សាមុត ឲ្យ​ដឹង​ថា​ដំណាំ​ស្រូវ​របស់​អ្នកស្រី​ និង​អ្នកភូមិ​ព្រៃព្រាល​ទាំងអស់​ជាង ៥០០ ហិកតា​ដែល​ខ្លះ​កំពុង​ផើម ខ្លះ​ចេញ​កួរស្រូវ នៅ​ពេល​នេះ​កំពុង​ខ្វះ​ទឹក​ស្រោចស្រព​។ អ្នកស្រី​ថ្លែង​ថា​៖ «​នៅពេល​នេះ​ពួកយើង​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​បើ​គ្មាន​ទឹក​មក​ជួយ​ស្រោចស្រព​ទាន់​ពេល​ទេនោះ​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​ទៀត ស្រូវ​របស់​ពួកយើង​អាច​នឹង​ស្កក​ខូច​អស់​ជា​មិនខាន​»​។

បើ​តាម​អ្នកស្រី​ សាមុត ក្រុម​មន្ត្រី​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រើ​អេស្កាវ៉ាទ័រ ទៅ​កាយ​ប្រឡាយ​អម​សង​ខាង​ផ្លូវលំ ដើម្បី​បង្ហូរ​ទឹក​ទៅ​ជួយ​សង្គ្រោះ​ស្រូវ​ទាំង​នោះ ប៉ុន្តែ​មិន​ដឹង​ថា​អាច​បង្ហូរទឹក​ទៅ​ទាន់​ពេលវេលា​ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក​ ឈឹម សេរីវិចរ៉ា ​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​ការងារ​របស់​លោក​កំពុង​រួម​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​ចុះ​ជីក​ស្ដារ​ប្រឡាយ និង​បូមទឹក​ពី​អាង​ស្ដុក​ទឹក​បង្ហូរ​ទៅ​ជួយ​ស្រោចស្រព​ស្រូវ​ក្នុង​ភូមិ​ព្រៃព្រាល​នេះ​ហើយ​។ លោក​បាន​បញ្ជាក់​ថា​៖ «​ក្រុម​ការងារ​យើង​កំពុង​បង្កើន​ល្បឿន​ការងារ​ជីក​ស្ដារ​ប្រឡាយ និង​បូមទឹក​ដោយ​ប្រើ​អេស្កាវាទ័រ​ ៣ ​គ្រឿង និង​ម៉ាស៊ីន​បូមទឹក​ខ្នាត​យក្ស​ ២ ​គ្រឿង​។ យើង​រំពឹង​ថា​យ៉ាងយូរ​ ២ ​ថ្ងៃ​ទៀត ស្រូវ​ទាំងអស់​នឹង​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​រហូត​ដល់​ពេល​ប្រមូលផល​»​។

ចំណែក​លោក ធីវ វណ្ណធី ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​កំពង់ធំ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រោះ​រាំងស្ងួត​នា​ចុង​រដូវវស្សា​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ស្រូវ​ជាង ២០០០ ហិកតា​នៅ​ក្នុង​ស្រុក​បារាយណ៍​។ ប៉ុន្តែ​ដោយ​មាន​កិច្ចសហការ​ពី​មន្ទីរ​ធនធាន​ទឹក និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​បូមទឹក​ជួយ​សង្គ្រោះ​បាន​សម្រេច​ប្រមាណ ៨០ ​ភាគរយ​ហើយ​ពោល​គឺ​នៅ​សល់​តែ​ប្រមាណ​ពី ២០០ ​ទៅ​ ៣០០ ​ហិកតា​ទៀត​ប៉ុណ្ណោះ​គឺ​ដោយសារ​កង្វះ​ប្រព័ន្ធ​ប្រឡាយ​មេទឹក​ដែល​មិន​អាច​បូម​បញ្ជូន​ទឹក​ទៅ​ដល់​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ​ការងារ​បូមទឹក​បាន​ដំឡើង​ម៉ាស៊ីន​បូមទឹក​ចំនួន​ ៣ ​គ្រឿង​ធំៗ ដើម្បី​បូមទឹក​ជួយ​ដល់​ដំណាំ​ស្រូវ ហើយ​ក្រុម​ការងារ​យើង​មួយ​ផ្នែក​ទៀត​កំពុង​រៀបចំ​ជីក​ប្រឡាយ​មេទឹក ដើម្បី​នាំ​ទឹក​ទៅ​ស្រោចស្រព​ដីស្រែ ២០០ ទៅ​ ៣០០ ហិកតា​នោះ​បន្ថែម​ទៀត​»៕