ភ្នំពេញៈ សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដី​កា​តម្កល់​ទោស​លើ​ស្រ្តី​ជាប់​ចោទ​ម្នា​ក់​ឲ្យ​ជាប់​ពន្ធនាគារ​ ៣០ ​ឆ្នាំ​ តាម​អំណាច​សាល ក្រម​តុលាការ​ថ្នាក់​ក្រោម​ បន្ទាប់​ពី​ជំ​នុំ​ជម្រះ​កាល​ពី​ដើម​ខែ​នេះ ​ពាក់ព័ន្ធ​ចាក់​សម្លាប់​ប្លន់​យក​គ្រឿង​អលង្ការ​ពីបុរស​ថៅ​កែ​ម៉ាស្សា​ម្នាក់ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​កាល​ពី​ឆ្នាំ ២០១៨។

នៅ​ចំពោះ​មុខ​ស្រ្តី​​ជាប់​ចោទ​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិ​ញ​លោក​ចៅ​ក្រម​ចាយ​ ច័ន្ទ​តា​រា​វណ្ណ​ បាន​អាន​សាល​ដី​កា​ថា​ ស្រ្តី​ជាប់​ចោទ​ឈ្មោះ ​ផេន ​ណា​ ហៅ​ណា​ អា​យុ​ ៣​៣ ​ឆ្នាំ​ ក្រោយ​ពី​ជំនុំជម្រះ​និង​ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និដ្ឋាន​របស់​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​និង​ការ​សន្និដ្ឋាន​របស់​តំ​ណាង​មហាអយ្យការ​មក ​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​ពិ​ចារណា​ឃើ​ញថា​តាម​អង្គ​ហេតុ​ស្រ្តី​ជាប់​ចោទ​មុន​ធ្វើ​សកម្ម​ភាព​ចាក់​សម្លាប់​បុរស​រង​គ្រោះ​គឺ​គាត់​បាន​រៀប​ចំ​គម្រោង​រួច​ទៅ​ហើយ​ដោយ​ស្រ្តី​ជាប់​ចោទ​បាន​លាក់​កាំបិត​ចិត​បន្លែ​ដាក់​តាម​ខ្លួន​។ ​លុះ​ទៅ​ដល់​ផ្ទះ​សំណាក់​ស្រ្តី​ជាប់​ចោទ​បាន​យក​កាំបិត​ទៅ​លាក់​នៅ​ក្នុង​ស្រោម​ខ្នើយ។​

លោក​បន្ត​ថា​ពេល​នោះ​ស្រ្តី​ជាប់​ចោទ​បាន​រួម​ភេទ​ជា​មួយ​បុរស​រង​គ្រោះ​ នួន ​សុ​ភាព ​អា​យុ​ ៥៨ ​ឆ្នាំ ​ហើយ​ក៏​បាន​ដក​កាំ​បិត​ចាក់​ចំនួន​ ១៨ ​កាំបិត​ ស្លាប់​តែម្តង។

លោក​បញ្ជាក់​ប្រាប់​ស្រ្តី​ជាប់​ចោទ​ថា​៖ ​«ការ​ដែល​តុលាការ​រាជ​ធា​នី​ភ្នំ​ពេញ​ផ្តន្ទាទោស​ដល់​ជន​ជាប់​ចោទ​ដាក់ពន្ធនាគារ​ ៣​០ ​ឆ្នាំ ​នោះ​ក្រុម​ប្រឹក្សា​ជំ​នុំជម្រះ​សា​លា​ឧទ្ធរណ៍​យល់​ថា​តុលាការ​ថ្នាក់​ក្រោម​បាន​ផ្តល់​ស្ថាន​សម្រាលទោស​ដល់​ជន​ជាប់ចោទ​ហើយ។ ​ដូច្នេះ​សាលា​ឧទ្ធរណ៍​មិន​អាច​សម្រាល​ទោស​ដល់​ជន​ជាប់​ចោទ​បាន​ទៀត​ទេ»។

តាម​កំ​ណត់​ហេតុ​តុ​លា​ការ​បង្ហាញ​ថា​បុរស​រង​គ្រោះ​ឈ្មោះ​ នួន​ សុភាព​ អា​យុ​ ៥៨​ ឆ្នាំ​ រស់​នៅ​ភូមិ​ស្រែ​អំ​ពិ​ល សង្កាត់​ស្នោខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ស្គាល់​គ្នា​ជា​មួយ​ស្រ្តី​ជាប់​ចោទ​ ហើយ​ស្រ្តី​ជាប់​ចោទ​បាន​ល្បួង​បុរស​រងគ្រោះ​ដឹកទៅ​ផ្ទះ​សំ​ណាក់​។ ​លុះ​នៅ​ថ្ងៃ​ទី​ ២​១​ មករា ​ឆ្នាំ​ ២០១៨​ ពួក​គេ​បាន​ណាត់​គ្នា​ទៅ​ផ្ទះ​សំ​ណាក់​ ដែល​មាន​យី​ហោ​ឈ្មោះ «សំណាង​ណាស់»។​

ពេល​ទៅ​ដល់​ផ្ទះ​សំណាក់​ស្រ្តី​ជាប់ចោទ​បាន​យក​កូន​កាំ​បិត​ដែល​បាន​យក​ជាប់​ខ្លួន​ទៅ​លាក់​ទុក​នៅ​ក្រោម​ខ្នើយ​ ដោយ​ខណៈ​កំពុង​រួម​រ័ក​នោះ​ស្រ្តី​ជាប់​ចោទ​បាន​យក​កាំ​បិត​ពី​ស្រោម​ខ្នើយ​ចាក់​លើ​ដង​ខ្លួន​បុរស​រង​គ្រោះ​រហូត​ ១៨​ កាំបិត​ស្លាប់​ហើយ​ដោះ​យក​ខ្សែ​ក​និង​លុយ​សរុប​ជាង​ ២ ពាន់​ដុល្លារ ​គេច​ខ្លួន​បាត់។​

អង្គហេតុ​បន្ត​ថា​បន្ទាប់​ពី​គេច​ខ្លួន​បាន ​៣​ ថ្ងៃ​ គឺ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​បាន​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​នៅថ្ងៃ​ទី​ ២​៤​ ខែ​ មករា​ ឆ្នាំ​ ២០១៨។ ​កាល​ពី​ថ្ងៃ​ចាប់​ខ្លួន​ស្រ្តី​ជាប់​ចោទ ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ មូលហេតុ​ដែល​នាង​សម្លាប់​ជន​រង​គ្រោះ​ដោយ​សារ​តែ​ នាង​ចង់​បាន​លុយ​ចំនួន​ ២ ៥០០​ ដុល្លារ ​យកទៅ​ដោះ​លែង​ប្តី​ពី​ពន្ធនាគារ​ព្រៃស៕