ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សចំនួន ១០ នាក់ស្លាប់ និង ៧៧ នាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូកឆ្នាំនេះដែលតួលេខនេះបើធៀបនឹងឆ្នាំចាស់មានការធ្លាក់ចុះចំនួន ៦ នាក់។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញឱ្យដឹងកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ថា រយៈពេល ៣ ថ្ងៃ (១០-១១-១២) នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ៣៦ លើក ដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១០ នាក់ និងរងរបួស ៧៧ នាក់។ ក្នុងនោះរបួសស្រាល ២៨ នាក់ និងរបួសធ្ងន់ ៤៩ នាក់ ខណៈកាលពីឆ្នាំ ២០១៨ មនុស្សចំនួន ១៦ នាក់បានស្លាប់ និង ៦០ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងអំឡុងពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូកដូចគ្នានេះ។
តាមរបាយការណ៍បង្ហាញថា ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃអង្គារទី ១២ ត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យ អុំទូកនេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់ រងរបួសស្រាល ៥ នាក់ និងរបួសធ្ងន់ចំនួន ២០ នាក់។
របាយការណ៍បញ្ជាក់ថា៖ «មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹង និងប្រជែងគ្នាដោយមិនពិនិត្យទៅលើស្ថានភាពផ្លូវ និងសិទ្ធិជាអាទិភាព»។
លោក ហឹម យ៉ាន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ សុំមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញដោយថា រវល់ប្រជុំ ប៉ុន្ដែលោកបានបង្វែរសំណួរឲ្យសួរទៅមន្ដ្រីជំនាញនៃនាយកដ្ឋានចរាចរណ៍ផ្លូវគោកវិញ។
លោក ថី វិសាល ប្រធានការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ពីម្សិលមិញថា ក្នុងរយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បើប្រៀបធៀបករណីគ្រោះថ្នាក់ចរាចរណ៍ដូចគ្នាកាលពីឆ្នាំពី ២០១៨ គឺមានការថយចុះ។ ព្រោះប្រជាពលរដ្ឋមានការកែប្រែឥរិយាបថចំពោះការបើកបរ ដោយយល់ដឹងនិងគោរពច្បាប់បានច្រើនជាងមុន។
លោកថ្លែងថា៖ «មានមូលហេតុចំនួន ២ ដែលធ្វើឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់មានការថយចុះនៅឆ្នាំនេះ គឺចំណេះដឹងរបស់ប្រជាពលរដ្ឋចំពោះបញ្ហាចរាចរណ៍មានការកើនឡើងខ្ពស់ដោយឆ្លុះបញ្ចាំងតាមរយៈឥរិយាបថពួកគាត់នៅពេលបើកបរដោយបានគោរពច្បាប់ចរាចរណ៍ និងចេះយោគយល់អធ្យាស្រ័យខ្ពស់ក្នុងការបើកបរ»។
លោក វិសាល បញ្ជាក់ថាកត្តាដែលនាំឱ្យករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏បណ្ដាលមកពីការអនុវត្ដច្បាប់ចរាចរណ៍ឱ្យបានផុលផុសក្នុងថ្ងៃពិធីបុណ្យជាតិធំៗជាងថ្ងៃធម្មតាដោយសិក្សាពីបញ្ហាដែលធ្លាប់កើតមានឡើងនៅថ្ងៃបុណ្យជាតិធំៗនាឆ្នាំមុនៗ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេស កម្ពុជា សង្កេតឃើញថាបើតាមតួលេខគ្រោះថ្នាក់ចរាចរណ៍នៃពិធីបុណ្យអុំទូករយៈពេល ៣ ថ្ងៃ ចំនួនអ្នកស្លាប់ បើធៀបនឹងឆ្នាំ ២០១៨ គឺមានការធ្លាក់ចុះ។ ប៉ុន្ដែបើសង្កេតមើលទៅលើចំនួនជនរងគ្រោះដោយរងរបួស ជាពិសេសចំពោះអ្នករងរបួសធ្ងន់មានការកើនឡើង។
លោកថ្លែងថា៖ «ករណីគ្រោះថ្នាក់កើតឡើងមានការថយចុះតិចជាងមុនប្រមាណ ២ លើកប្រៀបធៀបនឹងឆ្នាំ ២០១៨។ ដូច្នេះគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះមានការថយចុះចំនួនករណី និងចំនួនអ្នកស្លាប់ ប៉ុន្ដែមានការកើនឡើងនូវចំនួនអ្នករងរបួសជាពិសេសគឺចំពោះអ្នករងរបួសធ្ងន់»។
លោក បញ្ញា បានបញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំណុចដែលសង្គមស៊ីវិលទទូចសំណូមពរបន្ថែមនោះគឺការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ បើមិនបានបញ្ឈប់ជាទូទៅ ក៏គួរតែបញ្ឈប់នៅថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ គឺមិនត្រូវឲ្យមានការផ្សព្វផ្សាយនោះទេ។
របាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់អគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ បង្ហាញ គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី ៣ ឆ្នាំនេះបានកើតឡើង ៩៨៨ លើក បណ្តាលឲ្យមនុស្សស្លាប់ ៤៨៨ នាក់ និងរបួស ១ ៤៩៤ នាក់។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ មានការកើនឡើង ២៣៨ លើក អ្នកស្លាប់កើនឡើងចំនួន ១០៥ នាក់ និងរបួសកើនឡើងចំនួន ៤៤៦ នាក់៕