ភ្នំពេញៈ ​ក្នុង​រយៈ​ពេល ​១០​ ថ្ងៃ​ដើម​ខែ​មេសា​នេះ មាន​មនុស្ស​ ៦៧ ​នា​ក់​បាន​ស្លាប់​ និង ១៦៩​ នាក់​ផ្សេង​ទៀត​ ​បាន​រង​របួស​ធ្ងន់​ និង​ស្រាលដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ប្រទេស។​ ​នេះ​បើ​យោងតាម​​របាយ​ការណ៍ ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​នាយក​ដ្ឋាន​នគរបាល​ចរា​ចរណ៍​ និង​សណ្ដាប់​​ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កាល​ពី​ម្សិលមិញ។

​ក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​ ១០​ ​ខែ​ មេសា ​ឆ្នាំ​ ២០១៩​ មាន​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍​កើត​ឡើង​ ១៤ លើក​ បណ្ដាល​ឲ្យ​មនុស្ស​ ១០​ នាក់​ស្លាប់​ ​និង​ ​២៦​ នាក់​ទៀត​ ​បាន​រង​របួស​ធ្ងន់​ និង​ស្រាល។

តួ​លេខ​នេះ​មាន​ការកើន​ឡើង​ជាង​ទ្វេដង​ បើធៀប​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​ មេសា ​ឆ្នាំ​ ២០១៩ ​ដែល​មាន​មនុស្ស​​៥​នាក់​ស្លាប់​ និង ១២ ​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល។

របាយ​ការណ៍​បាន​បង្ហាញ​ថា​ ​រាជ​ធានី​-​ខេត្ត​​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ស្លាប់​ និង​របួស​ច្រើន​ជាង​គេ ​ក្នុង​រយៈពេល ​១​០ ​ថ្ងៃ​កន្លង​មក​នេះ​ ​គឺ​ខេត្ត​កំពង់​ស្ពឺ ​បន្ទាប់​មក​រាជ​ធានី​ភ្នំពេញ ​ខេត្ត​ស្វាយ​រៀង​ ស្ទឹង​ត្រែង​ ព្រះ​សី​ហនុ​ និង​ខេត្ត​កណ្ដាល​ ​ហើយ​មូល​ហេតុ​ដែល​បង្ក​​នាំឲ្យ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ភាគច្រើន​ បណ្ដាល​មក​ពី​ការ​បើក​បរ​លើស​ល្បឿន​កំណត់​ ​វ៉ា​ជែង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នា​ក់​ មិន​គោរព​សិទ្ធិ​ជា​អាទិភាព​ ​មិន​ប្រកាន់​ស្ដាំ ​បត់​ខ្វះ​កា​រប្រុង​ប្រយ័ត្ន​ និង​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

​លោក​ ​គង់​ ​សុវណ្ណ​ ​អ្នក​ប្រឹក្សា​ឯករាជ្យ​នៃ​ការ​ងារ​សុវ​ត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវគោ​ក​បាន​សម្ដែង​នូវ​ក្ដី​បារ​ម្ភ​ថា កំណើន​នៃ​អត្រា​ស្លាប់​ និង​របួស​ ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នា​ពេល​បច្ចុ​ប្បន្ន​ ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​មិន​អាច​សម្រេច​បាន​ដោយ​ជោគ​ជ័យ​ ​នៅ​ក្នុង​ការ​ងារ​បង្កា​រ និង​ទប់​ស្កាត់​​អត្រា​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឲ្យ​មក​នៅ ០ ​នាក់​តាម​ផែន​ការ ​ដែល​បាន​​គ្រោង​ទុក​នា​ឆ្នាំ​ ២០​២៥ ​ខាង​មុខ​នេះ​បាន​ទេ។

លោក ​សុវណ្ណ​ ​បាន​បញ្ជាក់​ថា​៖​ «បច្ចុប្បន្ន​ ​យើង​បាន​ពិនិត្យ​ឃើញ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បាន​ខិត​ខំ​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង​នៅ​ក្នុ​ង​ការ​ចុះ​ពង្រឹង​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់​​រំ លើក​កម្ពស់​ការ​យល់​ដឹង​ពី​ច្បាប់​ចរា​ចរណ៍​ និង​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​នៅ​លើ​ដង​​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព​ ​ប៉ុន្តែ​​ប្រ​ជា​​ពល​រដ្ឋ​ភាគ​ច្រើន​​នៅ​មិន​ទាន់​ផ្លាស់​ប្ដូរ​​ឥ​រិយា​បថ ​ដែល​មិន​ប្រពៃ​​របស់​ខ្លួន​នោះ​ទេ»។​

​លោក​បាន​បន្ថែម​ថា​ ទោះ​ជា​បែប​ណា​ក្ដីការ​ផ្លាស់​ប្ដូរ​ឥ​រិ​យា​បថ​របស់​មនុស្ស​មិន​អាច​ធ្វើ​ឡើង​ក្នុ​ង​រយៈ​ពេ​ល ​១ ថ្ងៃ​ ឬ​ ១​ សប្ដា​ហ៍​បាន​ទេ​ ​វា​ទាមទារ​ពេល​វេលា ​និង​ការ​ផ្សព្វ​ផ្សាយ​អប់រំ​​ជា​ប្រ​ចាំ​ ដូច​ជា​ករណី​ប្រទេស​អូស្ត្រា​លី ​និង​ ​ប្រទេស​ជប៉ុន​ មុន​ពេល​ទទួល​បាន​ជោគ​ជ័យ​​នៅ​ក្នុង​ការ​ងារ​តម្រង់​ទិស​ប្រជា​ជន​របស់​ពួក​គេឲ្យ​យល់​ដឹង​អំពី​ច្បាប់​ចរា​ច​រណ៍ ​និង​កា​រ​ប្រើ​ប្រាស់​ផ្លូវ​ប្រកប​ដោយ​សុវ​ត្ថិ​ភាព​នោះ​ រដ្ឋាភិបាល​របស់​ប្រទេស​ទាំង ២​ នេះ ​គេ​បាន​ចំណាយ​ពេល​អស់​រាប់​សិប​ឆ្នាំ ​ក្នុង​នោះ​ប្រទេស​ជប៉ុន​បាន​ចំណាយ​ពេល​ ៧០ ​ឆ្នាំ​ ​និ​ង​​អូ​ស្ត្រា​លី​ចំ​ណាយ​ពេល​ ​ជិត ៤០ ឆ្នាំ។​

លោក ស​ ​ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​​ផ្ទៃ ​កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​ មេសា ​ឆ្នាំ ​២០១៩ ​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់​រំ​បង្កើន​ម៉ោង​ ​និង​ថ្នាក់​ពិសេស ​សម្រាប់​ការ​សិក្សា​អប់​រំ​អំពី​ច្បាប់​ និង​ស្លាក​សញ្ញា​ចរា​ចរណ៍​ដល់​សិស្ស​​ថ្នាក់​បឋមសិក្សា ​និង​មធ្យម​សិក្សា​បន្ថែម​ទៀត។

​លោ​ក​បាន​បញ្ជាក់​ថា​៖​ «​មាន​តែ​បញ្ជ្រាប​ការ​អប់​​រំអំ​ពី​ច្បាប់​ចរា​ចរណ៍​ ​និង​គ្រឿង​ញៀន​ដល់​សិស្ស​ចាប់​តាំង​ពី​ក​ម្រិត​បឋម​ និង​មធ្យម​សិក្សា​ទេ​ ​ទើប​យើង​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន​នា​ពេល​អនាគត»។​

​លោក​បាន​ជំរុញ​ឲ្យ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំង​អស់​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ អំ​ពី​ការ​ការ​ពារ​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ ​និង​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្នុ​ង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​ ​និង​បាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ ​និង​អ្នកប្រើប្រា​ស់​ផ្លូវ​ទាំង​អស់​ ត្រូវ​ប្រុង​ប្រ​យ័ត្ន​ ​ដោយ​ត្រូវ​គោរព​ច្បាប់​ចរា​ចរណ៍ ​និង​ពាក់​មួក ​និង​ខ្សែ​ក្រវាត់​សុ​វត្ថិ​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​បើក​បរ​យាន​ជំនិះ​ ​កុំ​បើក​បរ​លើស​ល្បឿន​កំណត់​ ​កុំ​បើក​បរ​ក្នុង​ពេល​ស្រវឹង​ ​ត្រូវ​មាន​ការ​គោរ​ព​សិទ្ធិ​ និង​មាន​ការ​យោគ​យល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក៕​