ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​ចេញ​នូវ​វិធានការ​ ៦ ចំណុច​ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន វៀតណាម និង​កូរ៉េ​ខាងមុខ ដោយ​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ក្ដាប់​ឲ្យ​បាន​នូវ​សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការញុះញង់​នានា​ធ្វើឲ្យ​សង្គម​មាន​ចលាចល​។

នៅ​ថ្ងៃទី​ ២៤-២៧ ខែ​មករា​ឆ្នាំ​ ២០២០ ប្រជាជន​កម្ពុជា​មួយ​ចំនួន​ក៏ដូចជា​ប្រជាជន​នៅ​លើ​ពិភពលោក​ដែល​ជាប់សែស្រឡាយ​ចិន​ និង​វៀតណាម​នឹង​រៀបចំ​ពិធី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន វៀតណាម និង​កូរ៉េ​ដែលមាន​រយៈពេល ៣ ​ថ្ងៃ​នៅ​តាម​គេហដ្ឋាន និង​ទី​អារាម ព្រះវិហារ​។ ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​សង្គម​បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​នេះ អគ្គស្នងការ​នគរបាលជាតិ​បាន​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន​កណ្តាល ប្រធាន​នាយកដ្ឋាន​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ត្រូវ​ប្រមូលផ្ដុំ​យកចិត្ត​ទុកដាក់​ពង្រឹង​នូវ​វិធាន​ការធានា​ស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ដោយ​ផ្តោតលើ​ការងារ​មួយចំនួន​។

តាម​សេចក្តីណែនាំ​របស់​ស្ថាប័ន​នេះ​បាន​ដាក់ចេញ​វិធានការ​ចំនួន ៦ ​ចំណុច​ដូចជា ទី ១ ត្រូវ​យកចិត្ត​ទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ក្ដាប់​ឲ្យ​បាន​នូវ​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ​ ឬ​ការ​ញុះញង់​នានា​ធ្វើឲ្យ​សង្គម​មាន​ចលាចល​។ ទី​ ២ ត្រូវ​ចាត់វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​ទីអារ៉ាម ព្រះវិហារ​ចិន វៀតណាម កូរ៉េ ក៏ដូចជា​ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន​ដែល​មានការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដោយ​យកចិត្ត​ទុកដាក់ បង្ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​បង្ក​ការអុកឡុក​ដោយ​ក្មេង​ទំនើង និង​ត្រូវ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​។

ចំណែក​ទី​ ៣ ​អគ្គស្នងការ​បាន​បន្ត​ថា ត្រូវ​យកចិត្ត​ទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ និង​បង្កើន​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​បងប្អូន ឬ​ទៅ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​ប្រព្រឹត្ត​ទៅ​ដោយ​ក្តីសប្បាយ​រីករាយ និង​សុវត្ថិភាព​។

ចំពោះ​ទី​ ៤ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​រំឭក​ដាស់តឿន​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ទៀនធូប​នៅ​ពេល​សែនព្រេន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ​។ ជាមួយគ្នា​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ និង​មធ្យោបាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់​ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

ចំពោះ​វិធានការ​ទី​ ៥ និង​ទី​ ៦ ​អគ្គស្នងការ​បានបញ្ជាក់​ថា​៖ «​ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ជា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ដោះស្រាយ​សភាពការណ៍​ដែល​កើតមានឡើង​ជាយថាហេតុ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ ត្រូវ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​នៃ​ការអនុវត្ត​វិធានការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន វៀតណាម និង​កូរ៉េ ផ្ញើមក​សេនាធិការដ្ឋាន​នៅ​ថ្ងៃទី​ ២៨ មករា ឆ្នាំ​ ២០២០ ជា​កំណត់​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជាទូទៅ​នៅតាម​រាជធានី​ខេត្ត​ទាំងអស់​បាន​រៀបចំ​ផែនការ​របស់​គេ រួចរាល់​អស់ហើយ និង​ជា​រៀងរាល់​ឆ្នាំ គេ​តែងតែ​រៀបចំ​របៀបរៀបរយ និង​ការការពារ​សុវត្ថិភាព​ក្នុង​ពេល​នោះ​។

លោក​បន្តថា កត្តា​ដែល​គួរ​ឲ្យ​យកចិត្ត​ទុកដាក់​បំផុត​នោះ​ក្នុង​ឱកាស​បុណ្យ​នេះ គឺ​ការកើតមាន​អគ្គិភ័យ​ដែល​ជា​រៀងរាល់​ឆ្នាំ​តែងតែ​មាន​ការកើតឡើង​ជា​ញឹកញាប់​។

លោក​បន្តថា​៖ «​កន្លងទៅ​ក្នុងឱកាស​នោះ យើង​មិន​ធ្លាប់​មាន​អ្វី​ធំដុំ​នោះទេ ដោយ​យើង​បាន​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ប្រសើរ​។ ឆ្នាំនេះ​យើង​បាន​រៀបកម្លាំង រៀបចំ​កន្លែង​ការពារ ជាពិសេស​បង្ការ​អគ្គិភ័យ​រួចរាល់ ហើយ​ជាថ្មី​នេះ​យើង​គ្រាន់តែ​កម្រិត​បន្ថែមទៀត ដើម្បី​ឲ្យ​ត្រៀម​អន្តរាគមន៍​ទៅតាម​ផែនការ​»៕