ភ្នំពេញៈ មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ ៣​ ឈ្មោះ ហេង ហាប់ ​ដែល​លួច iPad ​ពលរដ្ឋ ​ត្រូវបាន​លោក​ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ​ពី​ម្សិលមិញ​បាន​បញ្ជា​​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ខណៈ​ផ្ទុះ​ការ​រិះគន់​ជា​បន្ដ​បន្ទាប់​នៅលើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​។

លោក​ នេត សាវឿន​ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ​ពី​ម្សិល​មិញ​ថា ​លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំ​រឿង​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ ៣​ ដែលបាន​លួច ​iPad​ របស់​ពលរដ្ឋ​នៅ​ហាង​វីង ​(Wing)​ មួយ​កន្លែង ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​រួចហើយ​ នា​រសៀល​ថ្ងៃទី ៣ ​មិថុនា​ ​ឆ្នាំ ២០១៩ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​បញ្ជាក់ថា​៖ «បន្ទាប់ពី​យើង​បាន​សាកសួរ​បាន​មួយ​ជំហាន ​ឥឡូវ​យើង​បញ្ជូន​ឲ្យ​តុលាការ​គេ​សួរ​មួយ​ជំហាន​ទៀត។ យើង​បញ្ជូន​តែ​សំណុំរឿង​ទៅ​សិន​ទេ ​បើ​មាន​បទបញ្ជា​ពី​តុលា​ការ​យ៉ាងណា​ គឺ​យើង​ធ្វើ​តាម​ហ្នឹង​ទៀត»។

លោក​ អីុ រិន្ទ ​និង​លោក​ សួស វិទ្យា​រ៉ាន់​ឌី​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​ម្សិល​មិញ​បាន​បដិសេធ​ការ​ធ្វើ​អត្ថាធិ​ប្បាយ​ជុំវិញ​ករណីនេះ​ ដោយ​លោក​ទាំង ២​ បាន​បង្វែរ​សំណួរ​ទៅ​លោក​ លី សុផាណា ​ព្រះរាជអាជ្ញារង ​និង​ជា​អ្នក​នាំពាក្យ​អយ្យការ​នៃ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​វិញ ​ដែលលោក​ក៏មិនអាច​ទាក់ទង​សុំការ​បញ្ជាក់​បន្ថែម​បាន​ដែរ។

លោក​ សុខ ហេង​ អធិការ​នគរបាល​ខណ្ឌ​ទួលគោក ​​ថ្លែង​ពីម្សិលមិញថា ​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ ៣​ ដែល​រង​ការ​ចោទប្រកាន់ថា​ ច្រឡំ​ដៃ​លួច i​Pad ​ពលរដ្ឋ​នោះ​ ពិតជា​បាន​ចូល​សារភាព​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​មែន ប៉ុន្ដែ​មន្ត្រីនគរបាលនោះ​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ​ដោយ​ពួកគាត់​ជា​អ្នក​រៀប​ចំ​របាយការណ៍ ​ហើយ​ថា​ លោក​មិន​បាន​ដឹង​រឿង​នេះ​ច្បាស់​ទេ។

លោក​បញ្ជាក់ថា៖ «ប៉ុន្ដែ​ខ្ញុំ​ដឹង​រឿង​មិន​ច្បាស់​ទេ គឺ​មន្ត្រី​ជំនាញ​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គាត់​មក​ធ្វើការងារ​នេះ»។

លោក​ ង៉េង ជួរ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ​ពី​ម្សិលមិញ​​បដិ​សេធ​ធ្វើ​អត្ថា​ធិប្បាយ​លើករណី​នេះ ​ដោយ​អះអាង​ថា​ លោក​កំពុង​ជាប់​រវល់​ប្រជុំ​ មិនអាច​និយាយ​ទូរស័ព្ទ​បាន​ទេ។

តាម​សារព័ត៌មាន Fresh News ​ចុះផ្សាយ​​ថ្ងៃ​ទី ៣០ ​ឧសភា​ ថា​ មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ ៣ នេះ​ឈ្មោះ​ ហេង ហាប់ ​អាយុ ២៤ ឆ្នាំ​ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែន​ទឹក​ ដោយ​ត្រូវបាន​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ក្រោយ​សារភាពថា​ ច្រឡំ​ដៃ​យក iPad ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​ និង​មាន​អ្នក​ធានា​ត្រឹមត្រូវ។

ក្រោយពី​វី​ដេ​អូ​ខ្លី​មួយ​បង្ហាញ​ពី​សកម្មភាព​មន្ត្រីនគរបាលបន្លំ​លួច​យក i​Pad​ ១ គ្រឿង ​នៅលើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ខណៈ​​មន្ត្រី​រូប​នោះ​ចូលទៅ​ដក​លុយ​នៅ​ហាង​វីង​មួយកន្លែង​យីហោ​ «រស្មី​ សាមគ្គី» ស្ថិតនៅ​ខណ្ឌ​ទួល​គោក ​ស្រាប់តែ​ផ្ទុះ​ការរិះ​គន់​យ៉ាង​ខ្លាំង​ នៅ​ថ្ងៃទី ៣០​ ខែ ឧសភា​ ឆ្នាំ ២០១៩ នេះ​ ទើប​ជន​ស្ស័​យ​រូបនេះ ​ចូល​សារភាព​កំហុស ​និង​យក iPad ប្រគល់​ឲ្យ​ម្ចាស់​វិញ៕