ភ្នំពេញៈ អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ( APHR) ​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​ ១០ ​ដាក់​សម្ពាធ​លើ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​អំឡុង​ពេល​ដែល​លោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី​នា​សប្តាហ៍​នេះ ប៉ុន្តែ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ហៅ​អង្គការ​នេះ​ថា​ជា​បិសាច​។

លោក Charles Santiago ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី​បាន​ថ្លែង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​ថ្មីៗ​​នេះ​ថា​៖ «​សិទ្ធិមនុស្ស​កំពុង​ស្ថិត​នៅ​ក្រោម​ការគំរាម​កំហែង​នៅ​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ គោលការណ៍​មិន​ជ្រៀតជ្រែក​ដ៏​វិនាស​របស់​អាស៊ាន​បាន​បញ្ជាក់​ថា ក្រុម​ប្រទេស​ទាំង​នេះ​មិន​មាន​ឆន្ទៈ និង​មិន​អាច​ប្រកាន់​ជំហរ​​ប្រឆាំង​នឹង​ការរំលោភ​ (​សិទ្ធិមនុស្ស​) ​ទេ​។ កង្វះ​នូវ​សកម្មភាព​នេះ​ត្រូវ​តែ​បញ្ចប់​សិទ្ធិមនុស្ស​ត្រូវ​តែ​យក​ជា​រឿង​សំខាន់​នៅក្នុង​ការប្រជុំ​អាស៊ាន​នៅ​សប្តាហ៍​ក្រោយ​»​។

លោក Charles Santiago បាន​បន្ថែម​ថា​៖ «​មេដឹកនាំ​របស់​​អាស៊ាន​មិន​អាច​អនុញ្ញាត​ឲ្យ​រដា្ឋភិបាល​កម្ពុជា​បន្ត​គេចវេះ​បាន​​យ៉ាង​ងាយស្រួល​ជាមួយ​នឹង​​ការធ្វើឲ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ​។ ពួកគេ​ត្រូវ​តែ​ជំរុញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ចប់​ការបង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង និង​បោះឆ្នោត​សាជាថ្មី​ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​»​។

អង្គការ APHR បាន​អះអាង​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ​របស់​លោក​បាន​ឈ្នះ​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំង​ ១២៥ នៅក្នុង​ការបោះឆ្នោត​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​ ២០១៨​។

អង្គការ​នេះ​បាន​​រិះគន់​ថា CPP បាន​បង្កើន​ឡើង​​នូវ​យុទ្ធសាស្ត្រ​រឹតបន្តឹង​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ដោយ​កម្ទេច​សារព័ត៌មាន​ឯករាជ្យ ធ្វើ​ទុក្ខបុក​ម្នេញ និង​ដាក់​ពន្ធនាគារ​សកម្មជន​សិទិ្ធមនុស្ស​រំលាយ​គណបក្ស​ប្រឆាំង និង​ចាប់​ខ្លួន​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​មួយ​នេះ​។

ក្រៅពី​បញ្ហា​នៅ​កម្ពុជា​អង្គការ APHR ក៏​បាន​អំពាវនាវ​ឲ្យ​​មេដឹកនាំ​នៅ​ប្រទេស​អាស៊ាន​ទាំង​ ១០ ​យក​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​មក​ដាក់​ក្នុង​របៀបវារៈ​របស់​ពួកគេ​ផង​ដែរ​។

ក៏ប៉ុន្តែ​ការអំពាវនាវ​របស់ APHR នេះ​ត្រូវ​បាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រតិកម្ម​ដោយ​បាន​ហៅ​អង្គការ​នេះ​ថា​ជា​ «​បិសាច​»​។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា​៖ «​ទី​ ១ ​គាត់​ជា​បិសាច​ដែល​ខ្ញុំ​ហៅថា​បិសាច គឺ​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គាត់​គ្មាន​សមត្ថភាព​ ឬ​​សមត្ថកិច្ច​ក្នុង​រឿង​នេះ​ទេ ព្រោះ​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​ខ្មែរ​។ បញ្ហា​ទី​ ២ ដែល​ខ្ញុំ​ហៅថា បិសាច គឺ​គាត់​ប្រឆាំង​នឹង​គោលការណ៍ និង​ឧត្តមគតិ​របស់​អាស៊ាន​គឺ​ការមិន​លូកលាន់​ផ្ទៃ​ក្នុង​នៃ​សមាជិក​ប្រជាជាតិ​អាស៊ាន​។ គាត់​គ្រាន់​តែ​ជា​អង្គការ​គាត់​មាន​គំនិត​ទុច្ចរិត​យក​ឈ្មោះ​អាស៊ាន​ដាក់​ពី​មុខ​​គឺ​អ្នក​នយោបាយ​ទុច្ចរិត​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​គាត់​ទេ​ព្រោះ​គាត់​ជា​ត្លុក​កំប្លែង​តាម​សារព័ត៌មាន​។ បើ​គាត់​ជា​អ្នក​នយោបាយ​ពិតប្រាកដ​គាត់​គួរ​មើល​ប្រទេស​គាត់​ថា តើ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ឬ​អត់​? អាហ្នឹង​ហើយ​ដែល​កាតព្វកិច្ច​ និង​ទិសដៅ​ដែល​គាត់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​»​។

លោក​ថា​ក្រុម​សមាជិក​អង្គការ​នេះ​គឺជា​សមាជិកសភា​ភាគតិច​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​​ដែល​គណបក្ស​របស់​ពួកគាត់​មិន​ធ្លាប់​បាន​ឈ្នះឆ្នោត​ទេ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ ៣ ​ថ្ងៃ​ក្នុង​សប្ដាហ៍​​នេះ​គឺ​ពី​ថ្ងៃ​ទី​ ១៣ ដល់​ថ្ងៃទី​ ១៥ វិច្ឆិកា នៅ​ប្រទេស​សិង្ហបុរី​៕