តាកែវៈ អង្គការ Birdlife International-Cambodia បានរួមសហការជាមួយប្រជាកសិករនៅភូមិដីលើក ឃុំជោគជ័យ ស្រុកបុរីជលសា ខេត្តតាកែវបានបើកយុទ្ធនាការកាប់បំផ្លាញដើមព្រះខ្លបយក្ស ឬដើមបន្លាអ៊ូយ៉ាស់ដែលជារុក្ខជាតិ «ចង្រៃ» ចេញពីតំបន់ការពារទេសភាពបឹងព្រែកល្ពៅដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះក្នុងតំបន់នោះ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២១ មករា ថាដើមព្រះខ្លបយក្ស ឬ ដើមបន្លាអ៊ូយ៉ាស់មានប្រភពពីព្រៃ Amazon ក្នុងទ្វីបអាមេរិកឡាទីនបាននិងកំពុងបង្កនូវហានិភ័យធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅកម្ពុជា និងបានបង្កការរំខានទាំងពេលវេលា និងថវិការបស់កសិករ និងប្រជានេសាទផងដែរ។
លោក វរសក្ស បានបន្តថា៖ «វា [ព្រះខ្លបយក្ស] ជារុក្ខជាតិទន្ទ្រានដ៏មហាចង្រៃ ព្រោះវាជាប្រភេទរុក្ខជាតិដែលបំផ្លាញដល់ពពួកសត្វ និងរុក្ខជាតិដែលរស់នៅក្នុងទឹក និងលើគោកមួយចំនួន។ វាមានភាពបន្សាំទៅគ្រប់ស្ថានភាពនៃតំបន់ និងអាកាសធាតុដោយសារឫសរបស់វាមានកម្លាំងខ្លាំង»។
លោកបានបន្តថា ដោយពិនិត្យឃើញរុក្ខជាតិនេះបង្កនូវហានិភ័យខ្ពស់ទើបអង្គការ Birdlife International-Cambodia បានបង្កើតកម្មវិធីមួយដើម្បីកម្ចាត់រុក្ខជាតិនេះចោលដោយបើកយុទ្ធនាការក្នុង ១ ឆ្នាំ ២ ដងគឺមុនទឹកឡើងម្ដង និងក្រោយទឹកសម្រកម្ដង។
លោកបានបន្តថា ការអនុវត្តយុទ្ធនាការនេះក្រុមការងារបានប្រើវិធីកាប់ដើមពន្លិចទឹក និងកាត់ផ្លែវាច្រកថង់យកមកដុតចោលក្នុងរណ្ដៅជម្រៅ ១ ម៉ែត្រ ហើយកាយដីលុបវិញក្រោយដុតរួច។
បើតាមលោក វរសក្ស នេះជាឆ្នាំទី ៤ ហើយដែលក្រុមការងាររបស់លោកបានសហការជាមួយសហគមន៍ក្នុងស្រុកបុរីជលសា អនុវត្តនូវវិធានការនេះក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ យុទ្ធនាការរដូវទឹកសម្រកឆ្នាំនេះ បានធ្វើឡើង ៤ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា កន្លងទៅនេះ។
លោកបញ្ជាក់ថា៖ «ជាលទ្ធផលយើងបានពិនិត្យឃើញថា ដើមព្រះខ្លបយក្ស ឬបន្លាអ៊ូយ៉ាស់ប្រមាណ ៧៥ ភាគរយ ត្រូវបានងាប់បន្ទាប់ពីកាប់រួចហើយ ២៥ ភាគរយទៀត បានលូតលាស់ឡើងវិញ»។
ពុំទាន់មានប្រភពណាអាចបញ្ជាក់បានថា ដើមបន្លាអ៊ូយ៉ាស់នេះបានមកដុះនៅកម្ពុជាតាំងពីពេលណា ឬដោយមធ្យោបាយអ្វីនោះទេ។ ប៉ុន្តែបើតាមលោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) រុក្ខជាតិទន្ទ្រាននេះទំនងជាត្រូវបានហូរមកតាមទឹកទន្លេមេគង្គ។
លោកថ្លែងថា៖ «គ្រាប់រុក្ខជាតិនេះអាចមានលទ្ធភាពរក្សានូវដំណុះរបស់វាបានយូរជាង ១០ ដង បើធៀបទៅនឹងរុក្ខជាតិដទៃទៀតក្នុងតំបន់»។
លោកបានបន្តថា ដោយសាររុក្ខជាតិនេះមានភាពស៊ាំទៅគ្រប់ស្ថានភាពនៃតំបន់ និងអាកាសធាតុ មកទល់ពេលនេះគេនៅពុំទាន់រកវិធានការសមស្របណាមួយនៅក្នុងការកម្ចាត់ ឬ បញ្ឈប់សកម្មភាពរបស់វាកុំឲ្យបន្តពង្រីកវិសាលភាពទៅកាន់តំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជានោះទេ។
លោក ម៉េង មុនីរក្ស ប្រធាននាយកដ្ឋានជីវចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កន្លងមកក្រសួងបរិស្ថានបានសាកល្បងនូវវិធីសាស្ត្រចំនួន ៣ រួមមាន វិធីសាស្ត្ររូបសាស្ត្រ មេកានិច និងគីមី ប៉ុន្តែនៅតែមិនអាចបំផ្លាញនូវរុក្ខជាតិចង្រៃនេះឲ្យអស់ពីក្នុងតំបន់ស្នូលជុំវិញបឹងទន្លេសាបឡើយ ដោយសារគ្រាប់របស់វាបានហូរពីតំបន់ខាងលើនៃតំបន់ស្នូលជុំវិញបឹងទន្លេសាប និងតាមលំហូរទឹកពីទន្លេមេគង្គ។
លោក មុនីរក្ស បាននិយាយថា៖ «រហូតមកទល់ពេលនេះ យើងនៅតែមានក្ដីកង្វល់អំពីការរីកសាយនៃដើមព្រះខ្លបយក្ស ឬ បន្លាអ៊ូយ៉ាស់នេះក្នុងតំបន់ស្នូលនៃទំនាបបឹងទន្លេសាបរបស់យើង ព្រោះក្រៅពីបង្កការខូចខាតនូវប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ វាក៏នឹងបំផ្លាញដល់ទីជម្រក និងចំណីអាហារសម្រាប់មច្ឆជាតិរបស់យើងផងដែរ»។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយរបស់ក្រុមជំនាញការបរិស្ថាន ក្នុងឆ្នាំ ២០០៩ ដើមព្រះខ្លបយក្ស ឬបន្លាអ៊ូយ៉ាស់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រមាណ ២០ ភាគរយក្នុងតំបន់ស្នូលនៃវាលទំនាបជុំវិញបឹងទន្លេសាប៕