ភ្នំពេញៈ អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ក្រសួង​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ធ្វើ​យុទ្ធនាការ​ស្ដីពី​ការ «​ការលើកកម្ពស់​សុវត្ថិភាព​អ៊ីនធឺណិត សីលធម៌​សង្គម និង​តម្លៃ​គ្រួសារ​» ដើម្បី​លើកកម្ពស់​ការប្រើប្រាស់ អ៊ីនធឺណិត​បច្ចេកវិទ្យា​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព​ពិសេស​ក្នុង​​ចំណោម​កុមារ និង​យុវវ័យ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ (APLE) ឲ្យ​ដឹងថា​៖ «​គោលគំនិត​នៃ​យុទ្ធនាការ​នេះ​គឺ​មនុស្ស​ម្នាក់ៗ​មាន​ការទទួលខុសត្រូវ​ដើម្បី​ធ្វើឲ្យ​មាន​ភាពខុសគ្នា​បែប​វិជ្ជមាន​តាម​បណ្ដាញ​អ៊ីនធឺណិត អនឡាញ​រាប់​តាំងពី​កុមារ​ដែល​គួរតែ​មាន​សន្តាន​ចិត្ដ​ល្អ និង​គោរព​អ្នកដទៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ចេះ​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់​តាមរយៈ​ការប្រើប្រាស់​អ៊ីនធឺណិត​នេះ​»​។

សេចក្ដីប្រកាស​ដដែល​នេះ​ថា ឪពុកម្ដាយ អ្នកមើលថែ​កុមារ និង​គ្រូបង្រៀន​គួរតែ​ណែនាំ​កុមារ​ឲ្យ​ឆ្ពោះទៅរក​ការប្រើប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ឧបករណ៍ និង​ចំណេះដឹង​ដើម្បី​មាន​ជម្រើស​កាន់តែ​ល្អប្រសើរ​ជាង​មុន ខណៈ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​អាចជួយ​បង្កើត​សុវត្ថិភាព​អ៊ីនធឺណិត​តាមរយៈ​ការផ្សព្វផ្សាយ​នូវ​មាតិកា​ល្អៗ និង​សេវាកម្ម​ប្រកប​ដោយ​សុវត្ថិភាព​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ភាពទទួល​ខុសត្រូវ​ដល់​សង្គម​។

លោក ​សំលៀង សីលា នាយក​ប្រតិបត្ដិ APLE ថ្លែងថា​៖ «​អ្វីដែល​យើង​ធ្វើ​រាល់ថ្ងៃ​ដើម្បី​បញ្ឈប់​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រឆាំង​នឹង​កុមារ​យើង​សូម​គាំទ្រ​យុទ្ធនាការ​សកល​ប្រចាំឆ្នាំ​នៃ​សុវត្ថិភាព​អ៊ីនធឺណិត ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ យើង​សូម​អំពាវនាវ​ដល់​ស្ថាប័ន​រដ្ឋាភិបាល អ្នកនយោបាយ អ្នកធ្វើ​សេចក្ដី​សម្រេច​ចិត្ដ មន្ដ្រី​អនុវត្ដ​ច្បាប់ វិស័យ​ឯកជន សង្គម​ស៊ីវិល គ្រូបង្រៀន ឪពុកម្ដាយ អាណាព្យាបាល​កុមារ និង​យុវជន​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ធ្វើឲ្យ​ការប្រើប្រាស់​អ៊ីនធឺណិត​កាន់តែ​មាន​សុវត្ថិភាព​»​។

លោក​បន្ថែមថា យុទ្ធនាការ​នេះ អង្គការ APLE និង​អ្នក​ពាក់ព័ន្ធ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​នានា​ស្ដីពី​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​អ៊ីនធឺណិត​ហានិភ័យ​នៃ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពី​សីលធម៌​សង្គម និង​តម្លៃ​គ្រួសារ​ផងដែរ​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ក្នុងពេល​បើក​យុទ្ធនាការ​នេះ​ថា ការប្រើប្រាស់​ប្រព័ន្ធ​​អ៊ីនធឺណិត​បានផ្ដល់​ផល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ដល់​កុមារ និង​យុវជន ដូច្នេះ​មាតាបិតា អាណាព្យាបាល​ត្រូវ​ណែនាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​កុមារ​ និង​យុវជន​ផ្ទាល់​ត្រូវ​ស្វែងយល់​ពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​អ៊ីនធឺណិត​ឲ្យ​បានច្បាស់លាស់​មុននឹង​ប្រើប្រាស់​។

លោកស្រី​ថ្លែងថា​៖ «​កុមារ​នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ច្រើន​ធ្វើឲ្យ​ខួរក្បាល​ដំណើរការ​មិន​ល្អ ប៉ះពាល់​ដល់​ភ្នែក​របស់​កុមារ ព្រោះ​ទូរស័ព្ទ​ទំនើបៗ​មាន​ជាតិ​វិទ្យុសកម្ម​។ ចំពោះ​កុមារី​បើ​មិន​យល់​ពី​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ប្រើប្រាស់​ទេ អាច​នាំ​ឲ្យ​ជនខិលខូច​ឆ្លៀត​​ឱកាស​ប្រពឹត្ដ​អំពើ​មិនល្អ កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​បាន​តាម​រូបភាព​ផ្សេងៗ​ជាច្រើន​»​។

លោកស្រី ជុំ ប្រជាប្រិយ៍ ​អគ្គនាយិការង និង​ជា​តំណាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្លែង​ដែរ​ថា ក្នុងការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា អ៊ីនធឺណិត​បាន​ផ្ដល់​នូវ​កាលានុវត្ដភាព​ជា​វិជ្ជមាន​ជាច្រើន​សម្រាប់​ការលូតលាស់ និង​ការវិវឌ្ឍ​របស់​កុមារ​។ ទោះជា​យ៉ាងនេះ​ក្ដី​ការវិវឌ្ឍ​នេះ​ក៏​បាន​ក្លាយ​ជា​មធ្យោបាយ​ធ្វើឲ្យ​កុមារ​ងាយ​រងគ្រោះ​ដោយ​អំពើហិង្សា និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​។

លោកស្រី​ថ្លែង​ថា​៖ «​ហានិភ័យ​នេះ​មាន​ការកើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ស្របពេល​ដែលមាន​ការកើនឡើង​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​ដំណាក់កាល​ដែល​កុមារ​កំពុង​ប្រើប្រាស់​ដោយ​បាន​ចូលរួម​បង្កើត​នូវ​ខ្លឹមសារ និង​មាតិកា​អនឡាញ​»​។

លោកស្រី ប្រជាប្រិយ៍ បង្ហាញ​ថា​តាម​ទិន្នន័យ​នៃ​ការវាស់ស្ទង់​មតិ​របស់​អង្គការ unicef ជាមួយ​យុវជន​ចំនួន ១៧ ​ម៉ឺន​នាក់​ក្នុងប្រទេស​ជាង​ ៣០ ក្នុងនោះ​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផងដែរ​បាន​បង្ហាញថា កុមារ​ម្នាក់​ក្នុងចំណោម​ ៣ ​នាក់​ត្រូវបាន​កេងប្រវ័ញ្ច និង​រំលោភបំពាន​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ពួកគេ​ពុំបាន​ដឹង​ និង​ពុំ​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់​ក្នុងការ​គាំទ្រ​នៃ​ករណីនេះ​។

សិស្ស​វិទ្យាល័យ​អនុវត្ដន៍​រាជធានី​ភ្នំពេញ​ឈ្មោះ ថុន ជំនោ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះដែរ​បាន​ថ្លែងថា ប្រព័ន្ធ​អ៊ីនធឺណិត គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការប្រើប្រាស់​របស់​មនុស្ស​គ្រប់គ្នា វា​បានផ្ដល់​ព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​មេរៀន​អប់រំ​ផ្សេងៗ​បាន​នៅ​ជុំវិញ​ពិភពលោក​។

សិស្ស​រូបនេះ​បន្ដថា​៖ «​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​រៀនសូត្រ បន្ថែម និង​ការទំនាក់ទំនង​ដែលជា​ផ្នែក​សំខាន់​មិនអាច​ខ្វះ​បាន​»​។ សិស្ស​រូបនេះ​បាន​អំពាវនាវ​ដល់​យុវជន​ផ្សេងទៀត គួរ​គប្បី​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​មានតម្លៃ និង​ប្រើ​ក្នុង​ផ្លូវ​ល្អ ដើម្បី​ឲ្យ​ក្លាយខ្លួនជា​ពលរដ្ឋ​ល្អ យុវជន​ល្អ​នៅក្នុង​សង្គម​៕

វីដេអូ៖