ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​ (CCHR) ​កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​សលាកបត្រ​ព័ត៌មាន​ស្ដីអំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZs) ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ទទួល​ស្គាល់​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ​អាច​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​របាយការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​ការអភិវឌ្ឍ​ដែល​ទទួល​បាន​នោះ​មាន​ជាប់​ទាក់ទង​ជាមួយ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​មក​ជាមួយ​។

សលាកបត្រ​ព័ត៌មាន​សរសេរ​ថា​៖ «​ខណៈ​ដែល​រាល់​អត្ថប្រយោជន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​នាំ​មក​នូវ​លក្ខខណ្ឌ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ក៏​ពិតមែន ប៉ុន្តែ​ការអភិវឌ្ឍ និង​ប្រតិបត្តិការ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ​តែង​ជាប់​ទាក់ទង​ជាមួយ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ដែល​មាន​ដូចជា ការដកហូត​ដីធ្លី បញ្ហា​លក្ខខណ្ឌ​ការងារ ឬ​ការប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​»​។

សលាកបត្រ​ព័ត៌មាន​បាន​បន្ត​ថា​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​មិន​មាន​តម្លាភាព​ និង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ការពារ​សិទ្ធិ​របស់​ពួកគេ​បាន​ល្អ​។ ការបង្កើត​តំបន់​សេដ្ឋកិច្ច​ទាំងនោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការពិភាក្សា​ត្រឹមត្រូវ​ជាមួយ​នឹង​សហគមន៍​ក្នុង​តំបន់ ដែល​ជា​លទ្ធផល​វា​បង្ក​ឲ្យ​មាន​ការបណ្ដេញចេញ​ដោយ​បង្ខំ​។ សលាកបត្រ​ព័ត៌មាន​បាន​បន្ថែម​ថា​ប្រាក់​ឈ្នួល​ និង​លក្ខខណ្ខ​ការងារ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ​ក៏មាន​កម្រិត​ទាប និង​មិន​ល្អ​។

ជាង​នេះ​ទៅ​ទៀត​សលាកបត្រ​ព័ត៌មាន​ថ្លែង​ថា​សេរីភាព​ក្នុង​ការ​ចូលរួម​នៅឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ​ត្រូវ​បាន​រឹតបន្តឹង​បើ​ទោះបី​ជា​សហជីព​កម្មករ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ឡើង​ក៏ដោយ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​ផ្តួចផ្ដើម​ក្នុង​ឆ្នាំ​ ២០០៥ ហើយ​វា​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ «​ក.អ.ក» និង​ការ​គ្រប់គ្រង​របស់​អង្គភាព​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ «​គ.ស.ព​»​។ បើ​យោង​តាម​អង្គការ​មួយ​ឈ្មោះ​ថា អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៣៨​។

សលាកបត្រ​ពត៌មាន​បាន​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​ស្ថាប័ន​សាធារណៈ​ធ្វើ​សកម្មភាព​ជំនួស​រាជរដ្ឋាភិបាល​កម្ពុជា ក.អ.ក និង គ.ស.ព ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​ត្រូវ​តែ​គោរព​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ដូច​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សន្ធិសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​»​។

សលាកបត្រ​ព័ត៌មាន​បន្ថែម​ថា​៖ «​ទោះបី​ជា​យ៉ាង​ណា​ពុំ​មាន​យន្តការ​ប្តឹងតវ៉ា ឬ​ផ្ដល់​ព័ត៌មាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​សហគមន៍​រង​ផលប៉ះពាល់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​រាយការណ៍​អំពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដែល​ផ្ទុយ​នឹង​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ថា​រាល់​ការរំលោភ​សិទ្ធិមនុស្ស​ត្រូវ​បាន​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ និង​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​»​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុ ជា​បាន​ផ្ដល់​អនុសាសន៍ ៥ ចំណុច​ដែល​រួមមាន​៖១. ​បដិសេធ​ការអនុញ្ញាត​ឲ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស លុះត្រា​តែ​អាជ្ញាធរ​បាន​អនុវត្ត​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ និង​សង្គម និង​ការពិគ្រោះ​យោបល់ ២. ​ធ្វើ​កំណែទម្រង់​របប​ច្បាប់​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស តាមរយៈ​ការគោរព​សិទ្ធិមនុស្ស ៣ ​ធានា​ថា​អនុក្រឹត្យ​ដែល​បាន​អនុម័ត​យល់​ព្រម​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​ស្វែងរក​បាន​ដោយ​សាធារណៈ ៤. ​ធានា​ឲ្យ​មាន​សេរីភាព​ខាង​សមាគម​ត្រូវ​បាន​ការពារ និង ៥. ​បង្កើត​យន្តការ​ទទួល​បណ្ដឹង​ដោយ​ឯករាជ្យ មិន​លម្អៀង និង​មាន​ប្រសិទ្ធភាព​។

លោក វណ្ណ សុផាត អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិមនុស្ស​របស់ ម.ស.ម.ក បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​នេះ​គឺជា​សារ​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល និង​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងឡាយ​ឲ្យ​ងាក​មក​ធ្វើការ​ពិចារណា​លើ​ផ្នែក​អវិជ្ជមាន ដើម្បី​ធ្វើឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ភាពប្រសើរ​ឡើង​។

លោក សុផាត ថ្លែង​ថា​៖ «​ប្រសិន​បើ​ការអភិវឌ្ឍ​មួយ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ការអភិវឌ្ឍ​នឹង​មិន​អាច​ដំណើរការ​ទៅ​ប្រកប​ដោយ​និរន្តរភាព​នោះ​ទេ​។ ដូច្នេះ​ការអភិវឌ្ឍ​ដែល​ប៉ះពាល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ឬ​សិទ្ធិ​ការងារ​គឺជា​ការអភិវឌ្ឍ​មិន​មាន​និរន្តរភាព ហើយ​ប្រជាពលរដ្ឋ​នឹង​ទាមទារ​ដែល​នោះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​។ បើ​ស្ថានភាព​បែប​នោះ​នឹង​កើតឡើង វា​នឹង​មិន​អាច​ធ្វើការ​ទាក់ទាញ​វិនិយោគិន​បាន​ទេ​»​។

«​ប៉ុន្តែ​ប្រសិន​បើ​ការអភិវឌ្ឍ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​ការគោរព​សិទ្ធិ​មនុស្ស​ និង​មិន​មាន​បង្កបញ្ហា​អ្វី​នោះ​ទេ ការអភិវឌ្ឍ​នឹង​មាន​ដំណើរ​ទៅ​មុខ​ដោយ​រលូន​ដោយ​មាន​វិនិយោគិន​ល្អៗ​»​។

លោក​ សុផាត ថ្លែង​ថា​លោក​មិន​មាន​តួលេខ​នៃ​សហគមន៍​ដែល​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ជាមួយ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ទេ ពីព្រោះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​បាន​ទេ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឯកជន ឬ​ ដោយ​ការបណ្ដាក់ទុន​រួម​គ្នា​ដែល​មិន​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​នោះ​ទេ​។ លោក​ថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការព្រមព្រៀង​គ្នា​រវាង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ក្រុមហ៊ុន​។

លោក​ថ្លែង​ថា​៖ «​យើង​បើកចំហ និង​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សហជីព​របស់​ពួកគេ​ផ្ទាល់​ដែល​អាច​នឹង​ទាមទារ​ និង​ការពារ​ផលប្រយោជន៍​សមាជិក​របស់​ពួកគេ​។ កម្មករ​មិន​ចាំបាច់​ធ្វើការ​តវ៉ា​ទេ ពីព្រោះ​យើង​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់​ជា​ប្រព័ន្ធ​។ ភាគី​កម្មករ និង​ក្រុមហ៊ុន​ជា​ដៃគូ​នឹង​គ្នា​»​។

ទោះបី​ជា​យ៉ាង​ណា ​លោក​ថ្លែង​ថា​ មាន​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ត្រូវ​តែ​ធ្វើការ​អនុវត្ត​នោះ​គឺ​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ និង​សង្គម និង​ត្រូវ​បញ្ជូន​របាយការណ៍​ទៅ​កាន់​រដ្ឋាភិបាល​មុន​ពេល​ចាប់ផ្ដើម ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​បង្ហាញ​អំពី​វិភាគទាន​របស់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​នោះ​៕