ភ្នំពេញៈ អង្គ​ការ​ស៊ីប៉ា​បាន​បន្ដ​ចុះកិច្ច​ព្រម​ព្រៀង​ជា​មួយ​អគ្គ​នា​យក​ដ្ឋាន​ពន្ធនាគារ​និង​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា​ដើម្បីអនុ​វត្ដ​គម្រោង​បណ្ណា​ល័យ​ក្នុង​ពន្ធ​នាគារ​ដំណាក់​កាល​ទី៣​ រយៈ​ពេល ​៣ ឆ្នាំ​ ដោយ​អនុវត្ត​តាម​ពន្ធ​នាគារ​ចំនួន ​២៧​ នៅទូ​ទាំង​ប្រទេស ​កម្ពុជា។

លោក ​ហុក ​សុទ្ធិ ​នា​យក​អង្គ​ការ​ស៊ីប៉ា បាន​ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិល​មិញថា ​កិច្ច​ព្រម​ព្រៀង​​នេះជា​ការ​ប្រ​កាស​អនុ​វត្តជា​ផ្លូវ​ការ​នូវ​ «គម្រោង​បណ្ណា​ល័យ​ក្នុង​ពន្ធ​នា​ការដំណាក់​កាល​ទី៣ » (ចាប់​ពីខែ ​មីនា ឆ្នាំ ​២០១៩ ដល់ ខែ​កុម្ភៈ ឆ្នាំ ២០២២)។

លោក​បាន​ថ្លែង​ថា គម្រោង​បណ្ណា​ល័យ​ព​ន្ធនា​គារ​នេះបាន​អនុវត្ដ​តាំង​ពីឆ្នាំ ២០១២​ មក ដោយ​បាន​សហ​ការ​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារក្នុង​គោល​ដៅ​បណ្ដុះ​ការ​អាន​ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ចំនួន ​៣០ ០០០​ នាក់ ​​ក្នុង​ព​ន្ធនា​គារ​ចំនួន ២៧​ ទូទាំង​ប្រ​ទេស (ពន្ធ​នា​គារ​ចំនួន​ ២៣ និង​មណ្ឌល​កែប្រែ​ចំនួន​ ៤) ដែល​អាចជួយ​​បន្ថយ​ភាព​តាន​តឹង​ដល់​ជន​ជាប់​ឃុំ​​តាម​រយៈ​សេវា​កម្ម​អប់រំ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដល់​ពួក​គេ​ មុន​​ពេលធ្វើ​សមា​ហ​រណកម្ម (ចាក​ចេញ​ពី​ពន្ធនាគារ)។

លោក សុទ្ធិ បាន​បន្ដ​ថា៖ «គម្រោង​ដំណាក់​កាល​ទី ៣ ​នេះ យើង​នឹង​បន្ដ​ពង្រឹង​សេវា​កម្ម​បណ្ណា​ល័យ​ដែល​មាន​ស្រាប់​និង​សេវា​កម្ម​អប់រំ​ផ្សេងៗធ្វើ​យ៉ាង​ណា​ឱ្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​មាន​ម្ចាស់​ការ​ និង​ធានា​និរន្ត​រភាព​ដល់​គម្រោង​ទៅ​អនាគតដោយ​បញ្ចូល​គម្រោង​នេះ​ទៅក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ដ​ថ្មីរបស់​អគ្គ​នាយក​ដ្ឋាន​ព​ន្ធ​នាគារព្រម​ទាំង​បណ្ដុះ​បណ្ដាល​ដៃ​​គូពាក់​ព័ន្ធ​ទាំងអស់»។​

បើ​តាម​លោក សុទ្ធិ គម្រោង​ដំណាក់កាល​​ទី​ ៣ នេះ ត្រូវ​ប្រើ​ថវិកា​សរុប​ចំនួន ៥៣០ ០០០ ដុល្លារ​អា​មេរិក ដោយ​​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​ទី​ភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ មូល​និធិ Pierre Bellon និង​ថវិកា​ផ្ទាល់​របស់​អង្គការ​ស៊ីប៉ា។

​តាម​រយៈ​គម្រោង​នេះ លោក សុទ្ធិ បាន​រំពឹង​ថា ៣៥ ភាគរ​យនៃ​ជន​ជាប់​ឃុំនឹង​ទទួល​បាន​សេវា​កម្ម​អប់រំ ដែល​រួម​ចំណែក​កែ​លម្អ​ស្ថាន​ភាព​ក្នុង​ពន្ធ​នាគារ​ដោយ​ឲ្យ​ពួក​គេ​មាន​ជំនាញ​មុន​ពេល​ធ្វើ​សមា​ហរណ​កម្ម។ ក្រៅ​ពី​នោះ​ក៏​នឹង​ជួយ​ដល់​មន្រ្ដី​សំ​ខាន់​ៗ​​ដែល​បម្រើ​ការ​នៅ​តាម​បណ្ដា​ពន្ធ​នា​គារ​ឲ្យ​ទទួល​បាន​នូវការ​បណ្ដុះ​បណ្ដាល​លើ​ការ​គ្រប់​គ្រង​បណ្ណា​ល័យ​និង​ពង្រឹង​សេវាកម្ម​អប់រំ ​(ថ្នាក់​អក្ខរ​កម្ម) និងបណ្ដុះ​ប​ណ្ដាល​វិជ្ជាជីវៈ​ផងដែរ។

លោក ព្រុំ ចាន់នី អគ្គា​នុ​រក្ស​ថ្នាក់​លេខ​ ១​ និង​ជា​ប្រធាន​នាយក​ដ្ឋាន​អប់រំកែ​ប្រែនិង​ស្តារ​នីតិ​សម្ប​ទា​នៃ​អគ្គ​នាយ​ក​ដ្ឋាន​ពន្ធ​នា​គារ​បាន​ថ្លែង​ថា​៖ «កិច្ច​សហ​ការ​ជួយ​គាំ​ទ្រ​ឧបត្ថម្ភ​ពីអង្គ​ការ​ស៊ីប៉ានេះ​ ជា​ផ្នែក​មួយ​សំខាន់​ ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​ការ​អនុ​វត្ដ​កម្ម​វិធី​កំណែ​ទម្រង់​​ពន្ធ​នាគារ​ទទួល​បាន​ជោគជ័យ​កន្លង​មក»។

លោក​បន្ដ​ថា គម្រោង​ដំណាក់​កាល​ទី៣ ​នេះជា​ដំណាក់​កាល​ចុង​ក្រោយ​ដែល​នឹង​បញ្ចប់នៅ​ឆ្នាំ​ ២០២២ ដែល​ផ្ដោត​លើ​ការ​គាំទ្រ​បណ្ដាញ​បណ្ណា​​ល័យ​ថ្នាក់​ជាតិ​ដើម្បី​អប់រំនិង​កម្ម​វិធី​សមាហ​រណកម្ម​ជន​ជាប់​ឃុំ​មកក្នុង​សង្គម​វិញ​។ ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​អគ្គ​នាយ​កដ្ឋា​ន​ពន្ធនាគារ​មាន​ពេលវេ​លា​​គ្រប់​គ្រាន់​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ដ​បំពេញ​កិច្ច​ការងារ​នេះ។

លោក ចាន់នី​ បញ្ជាក់ថា​៖ «ខ្ញុំ​នៅ​គិត​ថា យើង​អាច​ធ្វើ​បាន ព្រោះ​អំឡុង​ស៊ីប៉ាគាំទ្រគម្រោង​នេះបាន​ជួយទាំង​ផ្នែក​រឹង​និង​ផ្នែក​ទន់ជាច្រើន​ដូចជា​ការ​សាងសង់​ និង​ជួស​ជុល​បណ្ណាល័យ បណ្ដុះបណ្ដាល​មន្រ្ដី​ឱ្យ​ចេះ​គ្រប់​គ្រង​បណ្ណាល័យ ផ្ដល់​សៀវ​ភៅ​សម្រាប់​ជន​ជាប់​ឃុំ​អាន ការ​បង្រៀន​មន្រ្ដី​ឱ្យ​ចេះ​ប្រើ​ម៉ាស៊ីន​បាញ់​លេខកូដ​សៀវភៅ ដើម្បី​បង្កភាព​ងាយ​ស្រួល​ដល់​ការ​គ្រប់​គ្រង​បណ្ណាល័យ​ជាដើម»។

យ៉ាង​ណា​ក្ដី​បើ​តាម ​លោក ​ហុក ​សុទ្ធិ ​នៅពេល​គម្រោង​ត្រូវ​បញ្ចប់​ ស៊ី​ប៉ា​នៅ​តែ​បន្ដគាំ​ទ្រ​ដល់​អគ្គ​នា​យក​ដ្ឋាន​​ពន្ធនាគារ បើសិន​​មាន​តម្រូវ​ការ​ពាក់​ព័ន្ធ​ណា​មួយ​លើ​គម្រោង​នេះ​ ដោយ​នឹង​ប្រឹង​ប្រែង​ជួយ​បន្ដ​តាម​សមត្ថភាព។

លោក នុត សវានា អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​ បាន​ថ្លែង​ដែរ​ថា គម្រោង​បណ្ណា​ល័យ​ក្នុង​ពន្ធនា​គារ​នេះ ​មាន​សារៈ​សំខាន់​ណាស់ ស្រប​ពេល​ដែល​ពន្ធ​នា​គារ​កំពុង​ជួប​បញ្ហា​ជន​ជាប់​ឃុំ​ច្រើន​និង​ចង្អៀត​ ដែល​វត្ត​មាន​បណ្ណា​ល័យ​នេះក៏​អាច​ជួយ​​ឱ្យ​ជន​ជាប់​ឃុំ​កាត់​បន្ថយ​ភាព​តាន​តឹង​ និង​ជួយ​សម្រួល​សុខ​ភាព​ផ្លូវ​ចិត្ដ​ពួកគេ​ផងដែរ។

​លោក​បានបញ្ជាក់ថា​៖ «ការ​ប្រើ​ប្រាស់​បណ្ណា​ល័យ​ បាន​ជំរុញ​ឱ្យ​ជនជាប់​ឃុំ​បង្កើត​​សមត្ថ​ភាព​ក្នុង​ការ​អាន សរសេរ និង​ការ​សិក្សា​ស្រាវ​ជ្រាវ​ចំណេះ​ដឹង​ផ្សេងៗ​ ព្រោះក្នុង​បណ្ណាល័យ​មាន​សៀវភៅ​ច្រើន​ប្រភេទ​ ហើយ​ក្នុង​អំឡុង​ពេល​ដែល​ពួកគាត់​ទៅ​ប្រើ​ប្រាស់​បណ្ណា​ល័យ​វាបាន​ជួយ​សម្រួល​ដល់​ស្ថាន​ភាព​ចង្អៀត​ក្នុង​ពន្ធនាគារ​មួយរយៈ​ខ្លី​ដែរ»។

លោក សុន វុឌ្ឍី អនុប្រធាន​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា បាន​លើក​ឡើ​ងដែរ​ថា គម្រោង​នេះ​ ជា​លើក​ដំបូង​ហើយ​ដែល​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា​បាន​ចូលរួម​សហការ​​ដើម្បី​​​ឱ្យ​អង្គការ​ស៊ីប៉ា​អាច​ជួយ​បណ្ដុះ​បណ្ដាល​បណ្ណារក្សសម្រាប់​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​បណ្ណាល័យ​បាន​ល្អ។

លោក​បាន​បន្ដ​ថា​៖ «​គម្រោង​នេះ​យើង​នឹង​បន្ថែម​កិច្ច​សហ​ប្រតិ​បត្ដិការឱ្យ​រឹត​តែ​ល្អ​ប្រសើ​រលើ​ប្រព័ន្ធ​ព័ត៌មាន​បណ្ណាល័​យ និង​ទិន្ន​ន័យ​សៀវ​ភៅ​ផ្សេងៗ​ដែល​មាន​តម្កល់​នៅ​តាម​បណ្ណាល័យ​ក្នុង​ពន្ធនាគារ»៕

វីដេអូ៖