ភ្នំពេញៈ ​ក្រុម​អង្គការ​តស៊ូ​មតិ និង​សិទ្ធិ​ការងារ​អន្តរជាតិ​ចំនួន ៣៥ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​សកម្មជន​សង្គម​ស៊ីវិល​កម្ពុជា​ ៣ ​រូប​ដែល​ត្រូវ​បាន​គណបក្ស​នយោបាយ​មួយ​ប្តឹង​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថា បាន​កិបកេង​បច្ច័យ​បុណ្យសព​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក កែម ឡី​។

សេចក្តី​ថ្លែងការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​សហជីព​អង្គការ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​អន្តរជាតិ​រួម​ទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ និង​យុទ្ធនាការ​សម្លៀកបំពាក់​ស្អាត​នេះ​បាន​សរសេរ​ថា​៖ «​យើង​ដែល​ជា​សហជីព​សកល អង្គការ​សិទ្ធិ​កម្មករ ​និង​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​លោក​ មឿន តុលា ជាបន្ទាន់​»​។

ខណៈ​សេចក្តី​ថ្លែងការណ៍​នេះ​ផ្តោត​លើ​លោក​ តុលា សេចក្តី​ថ្លែងការណ៍​នេះ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់​បទចោទប្រកាន់​សម្រាប់​ «​សហ​ចុងចោទ​» ​ពីរ​នាក់​ទៀត​របស់​លោក​ផង​ដែរ​។

លោក មឿន តុលា ដែល​ជា​សកម្មជន​សិទ្ធិ​ការងារ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ «​រំលោភ​លើ​សេចក្តី​ទុកចិត្ត​» រួម​ជាមួយ​សកម្មជន​សង្ឃ ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង​អ្នក​តស៊ូ​មតិ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី លោក ប៉ា ងួនទៀង​។

អ្នក​ទាំង​ ៣ ​នាក់​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កិបកេង​លុយ​បច្ច័យ​បុណ្យសព​លោក កែម ឡី ដែល​ជា​អ្នកវិភាគ​នយោបាយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត បើ​ទោះបី​ជា​អ្នក​ទាំង​ ៣ ​ធ្លាប់​បាន​ថ្លែង​ជាច្រើន​លើក​រួច​មក​ហើយ​ថា ពួកគេ​មិនមែន​ជា​អ្នក​កាន់​លុយ​បុណ្យសព​ក៏ដោយ​។ ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​មាន​ការ​ចាប់​អ្នក​ទាំង​ ៣ ​នាក់​នេះ​ឃុំ​ខ្លួន​មុន​ការ​ជំនុំជម្រះ​ភ្លាមៗ ប៉ុន្តែ​ពួកគេ​ទាំងអស់​នៅ​បរទេស​។

បទ​ចោទប្រកាន់​នេះ​ត្រូវ​បាន​រិះគន់​ថា ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ហើយ​គ្រួសារ​របស់​លោក កែម ឡី បាន​អះអាង​ដដែលៗ អំពី​ភាព​ស្អាតស្អំ​គ្មាន​ទោស​កំហុស​របស់​ពួកគេ​។ ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ដាក់​ដោយ​លោក ពេជ្រ ស្រស់ ដែល​មិន​មាន​ទំនាក់​ទំនង​អ្វី​សោះ​ជាមួយ​គ្រួសារ​របស់​លោក​ កែម ឡី ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ត​ថា​៖ «​គេ​ដឹង​យ៉ាង​ច្បាស់​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ ប៉ុន្តែ​ជា​ជាង​នោះ​ត្រូវ​បាន​ជំរុញ​ដោយ​អត្ថប្រយោជន៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ បទ​ចោទប្រកាន់​ទាំង​នេះ​គឺជា​ការ​ប៉ុនប៉ង​បំបិទ​សំឡេង និង​ដាក់​ទោសទណ្ឌ​ទៅ​លើ​សំឡេង​មួយ​ក្នុង​ចំណោម​សំឡេង​ឯករាជ្យ​ដែល​នាំ​មុខ​គេ​សម្រាប់​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក ស្រស់ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ផងដែរ​ពាក់ព័ន្ធ​នឹង​អត្ថាធិប្បាយ​ក្នុង​យុទ្ធនាការ និង​ដាក់​ពាក្យ​បណ្តឹង​មួយ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ដ៏ធំ​ដែល​ក្រោយ​មក​ត្រូវ​បាន​រំលាយ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​ករណី​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ទៅៗ​ចំពោះ​បរិយាកាស​សិទ្ធិ​ការងារ​ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​»​។

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ថា​គ្មាន​ស្ថាប័ន​ណា​អាច​ជ្រៀត​ជ្រែត​ជាមួយ​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​កម្ពុជា​បាន​ទេ សូម្បី​តែ​អង្គការ​សហប្រជាជាតិ​ក៏​មិន​អាច​ដែរ​។

លោក​បន្ត​ថា​៖ «​ក្តីបារម្ភ​របស់​ពួកគេ និង​សារ​នយោបាយ​របស់​ពួកគេ​នឹង​មិន​មាន​ឥទ្ធិពល​ទៅ​លើ​នីតិវិធី​របស់​តុលាការ​ទេ​»​។

លោក​បន្ត​ថា​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ជួយ​លើ​បញ្ហា​ «​បច្ចេកទេស​» ដូចជា​ផ្តល់​ឲ្យ​លោក​ តុលា នូវ​ក្រុម​អ្នក​ច្បាប់​។ លោក​ ម៉ាលីន ​បញ្ជាក់​ថា​៖ «​កុំ​គិត​អំពី​ច្បាប់​របស់​ប្រទេស​អ្នក​សូម​មើល​ក្រមព្រហ្មទណ្ឌ​ និង​នីតិវិធី​ព្រហ្មទណ្ឌ​របស់​យើង​»​។

លោក​បាន​ថ្លែង​បន្ត​ថា​សេចក្តី​ថ្លែងការណ៍​នេះ​គឺ​ «​មាន​លក្ខណៈ​នយោបាយ​» ហើយ​បាន​ចោទប្រកាន់​អង្គការ​ទាំង​នោះ​ថា​គាំទ្រ​ «​គណបក្ស​នយោបាយ​នោះ​» ​ដែល​ទំនង​ជា​សំដៅ​ទៅ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា​៕ PS