បាត់ដំបងៈ សា​លា​ដំបូងខេត្ត​បាត់​ដំបង​​ កាល​ពី​ព្រឹក​ម្សិល​មិញបាន​បន្ត​សាក​សួរ​លើ​អតីត​មន្ត្រី​ថ្នាក់​មូលដ្ឋាន ​៤ ​នាក់ ​​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​បំពាន​សាល​ដីកា​តុលា​ការ​ ស្រប​ពេលដែល​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ផ្នែក​សិទ្ធិមនុស្ស​ OHCHR​ ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ក្ដី​កង្វល់​ពី​ស្ថានភាព​មន្ត្រី​ទាំង​នេះ។​

មនុស្ស​ទាំង​ ៤ ​រូប​ ដែល​ត្រូវ​បាន​សាក​សួរ​ រួម​មាន​ អ្នក​ស្រី នី រំដួល អតីត​មេឃុំ​ព្រែក​​ហ្លួង​លោក ស៊ុន ចំរើន អតីត​មេ​ឃុំ​ពាម​ឯក​ លោក ភឿក ឡំ​ អតីត​មេ​ឃុំ​សំរោង​ក្នុង​ និង​ លោក សុខ​ សុភ័ក្រ្ត​ អតីត​ជំទប់​ទី១​ ឃុំ​ព្រែក​នរិន្ទ ដែល​ឃុំ​ទាំង​ ៤ ​ស្ថិត​នៅ​ក្នុង​ស្រុក​​ឯក​ភ្នំ។ អ្នកទាំង ​៤ ​គឺ​ ជា​មនុស្ស​ចុង​ក្រោយ​ក្នុង​ចំណោម​មនុស្ស ២៦ នាក់ ​ដែល​ព្រះ​រាជ​អាជ្ញា​ គឺ ប៊ុណ្ណារ៉ា បាន​កោះហៅ​កាល​ពី​ខែ​មេសា។

ក្រៅ​ពី​នេះ​ក៏នៅ​មាន​មនុស្ស​ចំនួន​ ៩​ នាក់​ទៀត ​ដែល​នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​ខាងមុខតាម​ការ​កោះ​ហៅ​របស់​ព្រះ​រាជ​អាជ្ញា​ ឈឺន សុផុន នៅ​ក្នុង​ខែ​ឧសភា​ នេះ។

លោក សំ​ សុគង់ ​មេធាវី​តំណាង​ឲ្យ​អ្នក​ដែល​ត្រូវ​សាក​សួរ​ទាំង​ ៣៥​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ការ​​សាក​សួរ​លើ​មនុស្ស​​ ៤​ នាក់ ​ពីម្សិល​មិញ​ពាក់ព័ន្ធ​នឹង​ការ​ជួប​ជុំ​គ្នា​ ហើយ​បញ្ចេញ​មតិ​យោបល់​របស់​ពួក​គេដែល​ធ្វើ​ឡើង​នៅ​ផ្ទះ​របស់​លោក ជា ជីវ ​អតីត​ប្រធាន​គណៈ​កម្មាធិ​ការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់​ដំបង​កាល​ពី​មុន​បោះ​ឆ្នោតឆ្នាំ​មុន។ ប៉ុន្តែ​លោក​សុំ​មិន​លម្អិត​លើ​ខ្លឹមសារ​នៃការ​សាក​សួរ​ដោយសារ​តែ​វា​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី។

អ្នក​ស្រី​ នី រំដួល ​បាន​ថ្លែង​តាម​ទូរស័ព្ទ​កាល​ពី​ម្សិល​មិញក្រោយ​ពេល​ត្រូវ​បាន​សាក​សួរ​រួច​ថា ​តុលា​ការ​បាន​សាក​សួរ​អ្នក​ស្រី​ប្រហែល​កន្លះ​​ម៉ោង​អំពី​មូល​ហេតុ​ដែល​អ្នក​ស្រី​ចូល​រួម​ជាមួយ​អ្នក​ផ្សេង​ទៀត ហើយ​បានសួរ ថា​ តើ​មានមនុស្ស​ប៉ុន្មាន​នាក់​បាន​ចូលរួម?

អ្នក​ស្រី​ថ្លែង​ថា៖ «គេ​សួរ​ខ្ញុំ​ថា​ ខ្ញុំ​បាន​ប្រឆាំង​នឹង​សាល​ដីកា​អត់ ខ្ញុំ​ថា​ខ្ញុំ​អត់​បាន​ប្រឆាំង​ទេ ព្រោះ​តាំង​ពី​ថ្ងៃ​រំលាយ​បក្ស​មក ខ្ញុំ​មិន​ដែល​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ»។

អ្នក​ស្រីបានបន្ត​ថា៖​ «ដំបូង​គាត់​បង្ហាញ​រូប​ថត​ខ្ញុំ​ដែល​ខ្ញុំ​ទៅលេង​កំពង់​សោម​តាំង​ពី​ឆ្នាំ ២០១៦។ បន្ទាប់​មក​គាត់បាន​បង្ហាញ​រូប​ថត​ខ្ញុំ​លើក​ដៃ​​ជាមួយ​អ្នក​ផ្សេង​ទៀត»។

លោក ​ជិន ​ម៉ា​លីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ហេតុការណ៍​នៃ​ការ​ជួប​ជុំ​គ្នា​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​មុន​ក៏​ដោយ​ តុលាការ​អាច​បន្ត​នីតិវិធី​ក្រោយ​ពេល​សមត្ថកិច្ច​បាន​ប្រ​មូល​ភ័ស្តុ​តាង។ លោក​ថា ​ការ​ជួប​ជុំ​ទាំង​នោះ​ទំនង​ជា​មាន​ការ​រៀប​ចំ​ដោយ​ក្រុម​​ដែល​មាន​រចនា​សម្ព័ន្ធ​ច្បាស់លាស់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ការិយា​ល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ OHCHR​ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ខ្លី​មួយ​កាល​ពី​ម្សិលមិញ​ដោយ​បាន​សរសេរ​ថា៖ «ការិយា​ល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​កំពុង​តាម​ដាន​ដោយ​កង្វល់​អំពី​ស្ថាន​ភាព​របស់​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​កោះហៅ​ឬ​ឃុំ​ខ្លួន​ដោយ​មន្ត្រី​នគរបាល ​ឬ​តុលាការ»។

OHCHR បាន​លើក​ឡើង​នូវ​ពាក្យ​សម្ដី​របស់​លោកស្រី រ៉ូណា​ ស្មុីត អ្នក​រាយ​ការណ៍​ពិសេស​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​លើក​ឡើង​​កាល​ពី​ថ្មីៗ​ថា៖ «មាន​តម្រូវការ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​​មួយ​ដែល​ផ្តោត​ទៅ​​លើ​បញ្ហា​ជា​ជាងផ្តោត​លើ​បុគ្គល។ ករណី​នេះ (ការ​ផ្លាស់​ប្ដូរ) ​រួម​ជា​មួយ​នឹងការ​ការ​ពារ​ដោយ​ច្បាប់​នៃ​សេរី​ភាព​បញ្ចេញ​មតិ ​អាច​ជួយ​ឲ្យ​មាន​ភាព​ជោគ​ជ័យ​​លើ​បញ្ហា​ប្រ​ឈម​នានា​នៃ​ស្ថាន​ភាពនយោបាយ​បច្ចុប្បន្ន​សម្រាប់​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល»។

លោក​ ឡៅ​ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោ​បាយ​បាន​ថ្លែង​ថា អ្វី​ដែល​លោក​ស្រី​ ស្មុីត បាន​លើក​ឡើង​ គឺ​លោក​ស្រី​ ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា​បញ្ចប់​ការ​​បង្ខូច​ឈ្មោះ​គ្នា។

លោក​ថ្លែង​ថា៖ «នេះ​មាន​ន័យ​ថា​បញ្ឈប់​ការ​វាយ​ប្រហារ​និង​ការ​លាប​ពណ៌​គ្នា​ក្នុង​នាម​បុគ្គល ហើយ​ពួក​គេ​គួរ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​បញ្ហា ​គំនិត ឬ​គោល​នយោ​បាយ​ដែល​បុគ្គល​ឬ​ក្រុម​ណាមួយ​បាន​លើក​ឡើង»៕