ភ្នំពេញៈ ឯក​អគ្គ​រដ្ឋ​ទូត​អាមេ​រិកប្រចាំ​កម្ពុជា ដែល​ល្បី​ក្នុង​ការ​​​កាន់​​ទង់​ជាតិ​អាមេរិក​​ ចូល​ទៅ​ក្នុង​ឧទ្ធម្ភាគ​ចក្រ​​​ពេល​ចាកចេញ​ពី​រាជ​ធានី​ភ្នំ​ពេញ​ ខណៈ​​រាជ​ធានី​ភ្នំពេញ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម ​​ក្នុង​ឆ្នាំ​ ១៩៧៥ បាន​ទទួល​មរណភាព​ហើយ​នៅ​​អាយុ​ ៩៣ ឆ្នាំ។

ភរិយា​ និង​កូន​របស់​លោក​បាន​ប្រកាស​​ការ​​ទទួល​មរណ​ភាព​របស់​លោក ​​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​​​សប្តាហ៍​មុន​នៅ​ក្នុង​ដំណឹង​មរណ​ភាព​​ដែល​បង្ហោះ​នៅ​​លើ​អនឡាញ។

លោក Dean ដែល​ក្រោយ​មក​​បាន​ថ្លែង​អំពី​ទុក្ខ​សោក​​របស់​លោក​ ចំពោះ​ការ​បរាជ័យ ​ក្នុង​ការ​សង្គ្រោះ​ប្រជា​ជន​កម្ពុជា​បន្ថែម​ទៀតពី​​របប​​ខ្មែរ​ក្រហម​ ​​បើ​ទោះ​បី​ជា​បាន​ជួយ​ប្រជា​ជន​កម្ពុជា ​រាប់​រយ​នាក់​ គេច​ចេញ​ពី​របប​នេះ​ក៏​ដោយ។

លោក Dean បាន​ប្រាប់​កាសែត​ Associated Press ​(AP) នៅ​ក្នុង​បទ​សម្ភា​​ស​មួយ​ក្នុង​ឆ្នាំ ២០១៥​ ពី​ទីក្រុង​ប៉ារីស​​ ជា​កន្លែង​ដែល​លោក​​រស់​នៅ​ជា​ចម្បង​​ បន្ទាប់​ពី​ចូល​និវត្តន៍​ថា​៖ «​ខ្ញុំ​បាន​បរាជ័យ​។ ​ខ្ញុំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​។ ​ខ្ញុំ​បាន​យក​មនុស្ស​ជា​ច្រើន​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​​ ​រាប់​រយ​នាក់​ ​ខ្ញុំ​បាន​យក​ពួក​គេ​ចេញ​ ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​យក​មួយ​ប្រទេស​ចេញ​បាន​ទេ»។

លោក​បាន​ថ្លែង​អំពី​ភាព​អាម៉ាស់​​របស់​លោក​​ ចំពោះ​អាមេរិក​ ដែល​ «​ដើរ​ចេញ​​»​ ពី​កម្ពុជា​​ដោយ​មិន​​រក្សា​ការ​សន្យា​​​ចំពោះ​​កម្ពុជា​​ នៅ​ក្នុង​បទ​សម្ភា​ស​​​ដែល​រំឭក​​ខួប​ទី​ ៤០​ ឆ្នាំ ​​នៃ​ការដួល​រលំ​​នៃ​​របប​ទីក្រុង​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី​ ១៧ ​ខែ​មេសា ឆ្នាំ ​១៩៧៥​។ លោក Dean បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​​នោះ​ថា​​៖ «​​យើង​បាន​ទទួល​យក​ការទទួល​ខុស​ត្រូវ​ ចំពោះ​​កម្ពុជា​ ហើយ​បន្ទាប់​មកដើរ​ចេញ​​​ដោ​យ​​មិន​បាន​​បំពេញ​ការ​សន្យា​របស់​យើង​។ ​នោះ​គឺ​ជា​រឿង​អាក្រក់​​បំផុត​ ដែល​ប្រទេស​មួយ​​អាច​ធ្វើ​ ​ហើយ​ខ្ញុំ​យំ​ដោយសារ​​ខ្ញុំ​ដឹង​​អំពី​អ្វី​នឹង​កើត​ឡើង»។

លោក Dean ​បាន​មើល​​ការ​ខុស​ត្រូវ​​ ចំពោះ​ការ​ជម្លៀស​​មន្ត្រី​ស្ថាន​ទូត​អាមេរិក​ ​ដែល​ព្យាយាម​ជួយ​មន្រ្តី​កម្ពុជា​​ និង​អ្នក​ដទៃៗ​ទៀត​​ ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​ពួកគេ​ឲ្យ​​បាន​ជម្លៀស​ចេញ​​ពី​របប​ខ្មែរ​ក្រហម។

មនុស្ស​ម្នាក់​គឺ​ព្រះ​អង្គម្ចាស់​ ​ស៊ីសុវត្ថិ សិរិមតៈ (Sisowath Sirik Matak) ​បាន​សរសេរ​លិខិត​មួយ​ទៅ​លោក Dean ដោយ​បដិសេធ​​សំណើ​​​ឲ្យ​គេច​ខ្លួន​។ ព្រះ​អង្គម្ចាស់​ សិរិមតៈ បាន​សរសេរ​ថា​៖ «​​ខ្ញុំ​​អរគុណ​​អ្នក​ដោយ​ស្មោះ​ចំពោះ​សំ​ណើ​​​របស់​អ្នក​​ក្នុង​ការ​ដឹក​ខ្ញុំ​​ទៅ​កាន់​សេរីភាព​។ ខ្ញុំ​មិន​អាច​ចាក​ចេញ​​ក្នុង​របៀប​កំសាក​បៀប​នេះ​ទេ»។

ព្រះ​អង្គ​ម្ចាស់ សិរិមតៈ បាន​បន្ត​ថា​៖ «​​ចំពោះ​អ្នក​ និង​ជា​ពិសេស​​ចំពោះ​ប្រទេស​ដ៏​​អស្ចារ្យ​របស់​អ្នក​ ​​ខ្ញុំ​មិន​ដែល​ជឿ​ថា ​ពេល​នេះ​​អ្នក​នឹង​មាន​អារម្មណ៍​បោះ​បង់​ប្រជា​ជន​មួយ​​ ដែល​បាន​ជ្រើស​រើស​សេរីភាព​។ ​អ្នក​បាន​បដិសេធ​មិន​ផ្តល់​ការ​ការ​ពារ​​របស់​អ្នក​មក​យើង​ ​ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​បាន»។

ព្រះ​អង្គម្ចាស់ ​សរសេរ​ទៀត​ថា៖ «​​ខ្ញុំ​​បាន​ប្រព្រឹត្ត​កំហុស​មួយ ​នៃ​ការ​ជឿ​ជាក់​ចំពោះ​អ្នកជន​ជាតិ​អាមេរិក»។

អតី​ត​នាយក​រដ្ឋ​មន្រ្តី​​រូប​នេះ​​ ទំនង​ជា​ត្រូវ​បាន​ប្រហារ​ជីវិត ​​ដោយ​ខ្មែរ​ក្រហម​​ មួយ​សប្តាហ៍​ បន្ទាប់​ពី​ការ​ដួល​រលំ​​នៃ​របប​ទីក្រុង​ភ្នំ​ពេញ​ដែល​ដឹកនាំ​ដោយ​​លោក​លន់ នល់។

​លោក Dean បាន​រៀប​រាប់​​ក្នុង​លិខិតទៅ​ AP ថាជា​៖ «​ការ​ចោទ​ប្រកាន់​ដ៏​អស្ចារ្យ​​មិន​ធ្លាប់​មាន​ ដែល​ធ្វើ​ឡើង​ដោយ​​ជនបរទេស​។ វា​កំពុង​មួល​បង្កាច់ទេ? ហើយ​សូម​ដាក់​ខ្លួន​អ្នក​​នៅ​​ក្នុង​តួនាទី​​ជាតំណាង​អាមេរិក»។

រូប​ភាព​របស់​គាត់​​ដែល​កាន់​​ទង់​ជាតិ​​របស់​ស្ថានទូត​អា​មេ​រិក​នៅ​ក្នុងថង់​ប្លាស្ទិក​​​​ទៅ​កាន់​ឧទ្ធម្ភាគ​ចក្រ​​​​​ចាក​ចេញ ​​បាន​ក្លាយ​ជា​រូប​ភាព​មួយ​ក្នុង​ចំ​ណោ​​ម​រូប​ភាព​​​ល្បី​ៗ​​នៃ​សម័យ​​សង្គ្រាម​វៀតណាម។

លោក Dean ក្រោយ​មក​បាន​ក្លាយ​ជា​ឯក​អគ្គ​​រដ្ឋ​ទូត​​ប្រចាំ​ប្រទេស​ដា​ណឺ​ម៉ាក លីបង់ ​និង​ប្រទេស​ ថៃ​។ តំណែ​ង​អគ្គ​រដ្ឋ​ទូត​ចុង​ក្រោយ​របស់​លោ​ក​​គឺ​នៅ​ប្រទេស​ ឥណ្ឌា ​ពី​ឆ្នាំ ១៩៨៥‑៨៩។

ស្ថាន​ទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​សរសេរ​នៅ​ក្នុង ​Tweeter ថា៖ «​គាត់​ជា​អ្នក​ការទូត​ជំនាញ​​ ដែល​ទទួល​បាន​ជើង​ឯក​​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនា​ក់​​ទំនង​​អាមេរិក​‑ឥណ្ឌា​រឹង​មាំ​។ ​សូម​ទៅ​កាន់​សុគតិ​ភព ​ហើ​យ​​អ្នក​នឹង​ត្រូវ​បាន​គេ​នឹក​ជារៀង​រហូត»។ ​

ដោយ​កើត​នៅ​ក្នុង​ប្រទេស​ អាល្លឺម៉ង់ ​ក្នុង​ឆ្នាំ​ ១៩២​៦ ​គ្រួ​សារ​​ជន​ជាតិ​ Jewish ​របស់​លោក Dean បាន​រើ​ទៅ​នៅ​សហ​រដ្ឋ​​អាមេរិក​​ក្នុង​​ឆ្នាំ​ ១៩៣​៨​​ ដើម្បី​គេច​ចេញ​ពីរបប​ណា​​ហ្ស៊ី​។ លោក Dean ដែល​ចេះ​​និយាយ​ភាសា​អង់គ្លេស បារាំង ​អាល្លឺ​ម៉ង់​ និង​ដាណឺម៉ាក មាន​​ភរិយា​ឈ្មោះ Martine ​ដែល​កើត​នៅ​ប្រទេស​បារាំង​​ និង​មាន​កូន ៣ នាក់៕

Joseph Curtin